បរទេស៖ យោងតាមរបាយការណ៍ទីភ្នាក់ងារសារព័ត៌មាន Reuters បានឱ្យដឹងថា ក្រុមហ៊ុនមេរបស់ Google Alphabet នឹងលុបគណនី Gmail ណាដែលមិនបានប្រើប្រាស់លើសពីពីរឆ្នាំនៅខែធ្នូ ឆ្នាំ២០២៣ ដើម្បីការពារកុំឱ្យមានគេលួចចូលក្នុងប្រព័ន្ធ នឹងប្រឆាំងអំពីការគំរាមកំហែងសុវត្ថិភាពគណនី។
ក្រុមហ៊ុន Alphabet បានប្រកាសនៅថ្ងៃទី១៦ ខែឧសភា ថា ប្រសិនបើគណនី Google អសកម្ម ឬមិនចូលទៅប្រើប្រាស់រយះពេលជាង ២ ឆ្នាំ ក្រុមហ៊ុននឹងលុបគណនី និងខ្លឹមសារនៅក្នុង Google Workspace រួមទាំង Gmail, Docs, Drive, Meet និង Calendar ក៏ដូចជាគណនី YouTube និង Google Photos ផងដែរ។
ចាប់ពីខែឧសភា នេះតទៅ Google នឹងចាប់ផ្តើមផ្ញើការជូនដំណឹងទៅកាន់គណនីណាដែលរងផលប៉ះពាល់ និងប្រមូលអ៊ីមែលពីគណនីដែលនៅស្ងៀមមួយរយៈ មុនពេលលុបពួកវាជាអចិន្ត្រៃយ៍។
គួរបញ្ជាក់ដែរថា ការផ្លាស់ប្តូរចំពោះគោលការណ៍នេះនឹងអនុវត្តចំពោះតែគណនីផ្ទាល់ខ្លួនប៉ុណ្ណោះ។ មិនអនុវត្តចំពោះគណនីរបស់អង្គការ និងស្ថាប័នអប់រំណាមួយនោះទេ៕
ប្រភព៖sanook










