ប្រទេសថៃ ៖ ក្រោយការបោះឆ្នោតជ្រើសរើសសភាតំណាងរាស្ត្រនៅប្រទេសថៃ អាជីវករលក់ម្ហូបអាហារនៅខេត្តឧប៊ុនថានីរំពឹងថា គណបក្សនយោបាយដែលនឹងបង្កើតរដ្ឋាភិបាលថ្មី នឹងផ្តោតជាសំខាន់លើការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងគិតគូរពីការប្រកបមុខរបររបស់ពលរដ្ឋផងដែរ ។ លើសពីនេះ រដ្ឋាភិបាលថ្មីនឹងធ្វើឱ្យប្រទេសថៃមានសុខសន្តិភាព ហើយបើគណបក្សនយោបាយធ្វើតាមអ្វីដូចដែលធ្លាប់បានសន្យាក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ពលរដ្ឋនឹងជ្រើសរើសគណបក្សនេះឱ្យដឹកនាំប្រទេសបន្តទៀត ។
លោក Suwit Sitthitrai ជាម្ចាស់ហាងលក់ម្ហូបអាហារមួយកន្លែងនៅខេត្តឧប៊ុនថានី បាននិយាយកាលពីថ្ងៃទី១៥ ខែឧសភា ថា ពេលនេះ ការលក់ដូរផ្សេងៗនៅប្រទេសថៃបានងើបឡើងវិញហើយក្រោយពីការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ថយចុះ ហើយអាជីវករទាំងឡាយបានលក់ដូរដាច់ជាងពេលមុន ។ លោកបន្តថា លោកចង់ឱ្យរដ្ឋាភិបាលថ្មីផ្តោតខ្លាំងលើការរកស៊ីរបស់ពលរដ្ឋជាសំខាន់ និងធ្វើឱ្យប្រទេសជាតិស្ងប់សុខ ។
លោក Suwit Sitthitrai បន្តទៀតថា បើពលរដ្ឋមើលឃើញថា រដ្ឋាភិបាលថ្មីបានធ្វើតាមការសន្យារបស់ខ្លួនក្នុងអំឡុងមុនពេលបោះឆ្នោតនោះ ការបោះឆ្នោតនៅអាណត្តិក្រោយ ពលរដ្ឋនឹងជ្រើសរើសគណបក្សនេះឱ្យដឹកនាំប្រទេសរយៈពេល៤ឆ្នាំទៀត ។ ចំណែកបញ្ហានយោបាយផ្សេងៗ រដ្ឋាភិបាលថ្មីគួរគិតគូរនៅពេលក្រោយ ពីព្រោះពេលនេះ ពលរដ្ឋភាគច្រើនរំពឹងទៅលើរដ្ឋាភិបាលថ្មី ។
អាជីវករលក់ម្ហូបអាហាររូបនេះបន្ថែមថា ពលរដ្ឋត្រូវតែផ្តល់ឱកាសឱ្យគណបក្សនយោបាយឈ្នះឆ្នោតធ្វើការរបស់ពួកគេមួយរយៈសិន ចំណែកពលរដ្ឋនឹងរង់ចាំតាមដានមើលថា តើគណបក្សនេះនឹងរក្សាតាមពាក្យសន្យាឬអត់ ? ខណៈពួកគេបានសន្យាថា នឹងពន្លឿនការងើបឡើងវិញនៃសេដ្ឋកិច្ចថៃ ឱ្យដូចក្នុងអំឡុងពេលមិនទាន់មានជំងឺកូវីដ ៕ ប្រភព ៖ mgronline










