Home ព័ត៌មានជាតិ ហាមលក់ដូរ ពិសារគ្រឿងស្រវឹងរយៈពេល២ថ្ងៃ មុននិងថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧

ហាមលក់ដូរ ពិសារគ្រឿងស្រវឹងរយៈពេល២ថ្ងៃ មុននិងថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧

114
0

តាមសាចារណែនាំពីក្រសួងទេសចរណ៍អនុម័តដោយរដ្ឋមន្រ្តីឯកឧត្តម ថោន ខុន បានឱ្យដឹងថា រយៈពេល២ថ្ងៃគឺ ថ្ងៃទី២២ និងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ មួយថ្ងៃមុនថ្ងៃបោះឆ្នោត និងថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ផ្អាកការលក់ដូរ និងពិសាគ្រឿងស្រវឹង។

អនុលោមតាមច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងដើម្បីឱ្យដំណើរការ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដែលប្រទេសកម្ពុជា បានកំណត់រៀបចំធ្វើនៅ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង គ្មានការ បំភិតបំភ័យ និងគ្មានបាតុភាពនានា ដែលអាចកើតមានឡើងដោយសារតែការពិសាគ្រឿងស្រវឹងនោះ ក្រសួងទេសចរណ៍ សូមធ្វើការណែនាំដូចខាងក្រោម៖

១. ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មខារ៉ាអូខេ (KTV) ក្លឹបកម្សាន្ត រង្គសាល-ឌីស្កូតែក និងបៀរហ្គាឌិន នៅទូទាំង រាជធានីខេត្ត ត្រូវផ្អាកសកម្មភាពអាជីវកម្មរយៈពេល ០២(ពីរ) ថ្ងៃ គឺថ្ងៃទី២២ នឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។
២. ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មសេវាកម្មទេសចរណ៍ទាំងអស់ដែលផ្តល់សេវាកម្មម្ហូបអាហារត្រូវផ្អាកសកម្មភាព ការលក់ដូរគ្រឿងស្រវឹងរយៈពេល ០២ (ពីរ) ថ្ងៃ គឺថ្ងៃទី២២ និងថ្ងៃទី២៣ ខែកក្កដាំ ឆ្នាំ២០២៣។
៣. ប្រធានមន្ទីរទេសចរណ៍រាជធានីខេត្ត ត្រូវចុះធ្វើការផ្សព្វផ្សាយ និងអប់រំណែនាំដល់ម្ចាស់ ឬអ្នកគ្រប់គ្រង អាជីវកម្មសេវាកម្មទេសចរណ៍ខាងលើឱ្យអនុវត្តតាមសារាចរណែនាំនេះឱ្យមានប្រសិទ្ឋភាព និងមានការទទួល ខុសត្រូវខ្ពស់ ដើម្បីរួមចំណែកទប់ស្កាត់អំពើហិង្សា ការគំរាមកំហែង ការបំភិតបំភ័យ គ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់សង្គម និងបាតុភាពនានាដែលអាចបណ្ដាលមកពីការពិសាគ្រឿងស្រវឹងគ្រប់ប្រភេទ។

គួរបញ្ជាក់ផងដែរថា គិតមកទល់ពេលនេះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសទទួលស្គាល់ជាផ្លូវការ ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតមានដូចជា៖
១. គណបក្សប្រជាជនកម្ពុជា ២. គណបក្សសញ្ជាតិកម្ពុជា ៣. គណបក្សកម្លាំងប្រជាធិបតេយ្យ ៤. គណបក្សខ្មែររួបរួមជាតិ ៥. គណបក្សធម្មាធិបតេយ្យ ៦. គណបក្សយុវជនកម្ពុជា ៧. គណបក្សខ្មែរតែមួយ ៨. គណបក្សខ្មែរអភិរក្ស ៩. គណបក្សហ៊្វុនស៊ិនប៉ិច ១០. គណបក្សបំណងពលរដ្ឋ ១១. គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ១២. គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ១៣. គណបក្សឯកភាពជាតិខ្មែរ ១៤. គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា ១៥. គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ១៦. គណបក្សស្ត្រីដើម្បីស្ត្រី ១៧ .គណបក្សកសិករ ៕May be an image of text