នៅក្នុងកម្មវិធីបើកព្រឹត្តិការណ៍ស៊ីហ្គេមជាផ្លូវការកាលពីថ្ងៃទី៥ ខែឧសភា គេសង្កេតឃើញថាមានវត្តមានសិល្បករ សិល្បការិនី ជាច្រើននាក់ចូលរួម ប៉ុន្តែប្លែកអីតែមិនឃើញវត្តមានតារាចម្រៀងដ៏ល្បី សុខ ពិសី ចូលរួមដែលធ្វើឱ្យអ្នកគាំទ្ររបស់តារាចម្រៀងរូបនេះបង្ហាញការសោកស្តាយផងដែរ ព្រោះមានបណ្តាផលិតកម្មផ្សេងៗចូលរួម តែអវត្តមានតារាចម្រៀងផលិតកម្មសាន់ដេ។
យ៉ាងណាមិញ នៅយប់ថ្ងៃទី១៥ ខែឧសភា តារាចម្រៀងជួរមុខរបស់ផលិតកម្មសាន់ដេ កញ្ញា សុខ ពិសី បានបង្ហាញពីរូបភាពហាត់សមសម្រាប់ថ្ងៃបិទព្រឹត្តិការណ៍ស៊ីហ្គេម ដោយក្នុងរូបភាពនោះក៏បង្ហាញពីតារាចម្រៀង ឆាយ វីរៈយុទ្ធ ដូចគ្នា ដែរមានន័យថាអ្នកទាំងពីរអាចនឹងសម្តែងពិសេសនៅក្នុងកម្មវិធីខាងលើ។
មិនត្រឹមតែបង្ហាញពីរូបភាពដែលមានឱកាសសម្តែងចូលរួមក្នុងកម្មវិធីបិទជាផ្លូវការព្រឹត្តិការណ៍ស៊ីហ្គេម សុខ ពិសី ក៏បានបង្ហាញចំណាប់របស់ខ្លួនដែរថា «ពិតជាមានមោទនភាពដែលបានកើតជាកូនខ្មែរ មកហាត់សមសម្រាប់ថ្ងៃបិទស៊ីហ្គេមថ្ងៃទី ១៧»។ យ៉ាងណាមិញតារាចម្រៀងរូបនេះមិនបានបញ្ជាក់ទេថា នាងនឹងជ្រើសរើសបទណាមកចូលរួមសម្តែងឡើយនៅក្នុងព្រឹត្តិការណ៍ដ៏ពិសេសនេះ។
គួរបញ្ជាក់ថា មិនត្រឹមជាតារាចម្រៀងជួរមុខរបស់ផលិតកម្មសាន់ដេ តែប៉ុណ្ណោះទេ តែ សុខ ពិសី ក៏ជាម្ចាស់ជំនួញម្នាក់ផងដែរ ខណៈថ្មីៗនេះ សុខ ពិសី បានផ្លាស់ប្តូរស្ទាយចម្រៀងចេញបទមនុស្សស្រីស្រលាញ់មនុស្សស្រីផងដែរជាមួយតារាចម្រៀងចំណូលថ្មីរបស់ផលិតកម្មសាន់ដេ គឺកញ្ញា ពុទ្ធិកា៕










