អ្នកត្រៀមចូលរួមបិទព្រឹត្តិការណ៍ស៊ីហ្គេម មកដឹងពីចំណុចទាំងនេះជៀសវាងប្រព្រឹត្តខុសដោយមិនដឹងខ្លួន

គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានចេញសេចក្តីជូនដំណឹងដល់អ្នកត្រៀមចូលរួមក្នុងកម្មវិធីបិទកីឡាអាស៊ីអាគ្នេហ៍អនុវត្តវិធានខាងក្រោមនេះដើម្បីរៀបចំដំណើរការបានរលូន និង ទទួលបានលទ្ធផលល្អប្រសើរ។ ការជូនដំណឹងនេះធ្វើឡើងនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣។
គណៈកម្មាធិការជាតិ CAMSOC ស្នើអ្នកត្រៀមចូលរួមព្រឹត្តិការណ៍ខាងលើនេះនូវវិធានមានដូចជា៖
– គោរពពេលវេលា វិន័យ សណ្តាប់ធ្នាប់ និងសេចក្តីថ្លៃថ្នូរក្នុងពិធី
– ត្រូវភ្ជាប់មកជាមួយបណ្ណចូលរួម និងតាមប្លង់អង្គុយដែលបានរៀបចំជូន
– ផ្តល់សមាសភាពអ្នកដឹកនាំក្រុមមកចូលរួមពិធីជាមុន ដើម្បីមានភាពងាយស្រួលក្នុងការទំនាក់ទំនងជាមួយ ក្រុមការងារលេខាធិការដ្ឋាន ពិធីការ និងប្រធានក្រុមអ្នកស្ម័គ្រចិត្តទទួលបន្ទុកតាមច្រកចេញ-ចូលនីមួយៗ
– អ្នកដឹកនាំក្រុម ឬជនបង្គោល នៃក្រសួង-ស្ថាប័ន រាជធានី-ខេត្ត និងដៃគូសហការពាក់ព័ន្ធ ត្រូវសហការជាមួយ ក្រុមការងារលេខាធិការដ្ឋាន ពិធីការ និងអ្នកស្ម័គ្រចិត្តដែលទទួលខុសត្រូវតាមទីកន្លែងនីមួយៗ អនុញ្ញាតឱ្យយកចូលនូវទឹកសុទ្ធចំណុះក្រោម៥០០មីលីលីត្រ អាហារសម្រន់តិចតួច និងថ្មសាកទូរស័ព្ទ ឬ គ្រឿងអេឡិចត្រូនិក (Power Bank) ដែលមានថាមពលចំណុះក្រោម១០,០០០mAh
– មិនអនុញ្ញាតឱ្យកុមារអាយុក្រោម១០ឆ្នាំ ចូលរួមក្នុងពិធី
ទន្ទឹមនឹង CAMSOC បានស្នើឱ្យអ្នកចូលរួមមិនត្រូវអនុវត្តដូចខាងក្រោម៖
– ហាមយកកាបូបស្ពាយ ឬកាបូបយួរដៃ ចូលក្នុងពិធី
– ហាមយកអាវុធមុតស្រួច អាវុធជាតិផ្ទុះ ឬឧបករណ៍ដទៃទៀតដែលអាចបង្កហានិភ័យក្នុងពិធី
– ហាមបង្កសម្លេងរំខាន ឬដើរចេញពីកន្លែងអង្គុយក្នុងកំឡុងពេលថ្នាក់ដឹកនាំកំពុងថ្លែងសុន្ទរកថា
គួរបញ្ជាក់ផងដែរថា ពិធីបិទជាផ្លូវការព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ប្រព្រឹត្តឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។
បើតាមការបញ្ជាក់ពី ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណ:កម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអគ្គលេខាធិការ គណ:កម្មាធិការជាតិរៀបចំប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ឆ្នាំ២០២៣ បានមានប្រសាសន៍ថា កម្មវិធីបិទព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២នឹងមិនចាញ់ដូចពិធីបើកផ្លូវការឡើយ មិនត្រឹមតែប៉ុណ្ណោះនឹងរួមបញ្ជូលទស្សនីយភាពថ្មីៗ ដែលបង្ហាញពីវប្បធម៌ អរិយធម៌ ប្រពៃណីរបស់កម្ពុជា ដែលមានភាពប្រណិតនិងអស្ចារ្យដើម្បីឱ្យប្រជាជនចងចាំនូវព្រឹត្តិការណ៍នេះ៕










