Home ព័ត៌មានអន្តរជាតិ ម្តាយខឹងកូនស្រីមិនព្រមរកសង្សារ មួយថ្ងៃៗគិតតែពីចិញ្ចឹមឆ្មា

ម្តាយខឹងកូនស្រីមិនព្រមរកសង្សារ មួយថ្ងៃៗគិតតែពីចិញ្ចឹមឆ្មា

146
0

ប្រទេសចិន ៖ «ក្នុងជីវិតនេះកើតមកសម្រាប់តែឆ្មា កូនស្រីខ្ញុំអាយុ៣៨ឆ្នាំហើយ ប៉ុន្តែនាងមិនព្រមរកសង្សារ និងរកការងារទេ មួយថ្ងៃៗគិតតែពីចិញ្ចឹមឆ្មា ។ លើសពីនេះ នាងបានយកឆ្មាគ្មានម្ចាស់ចំនួន៦ក្បាលទៀតមកចិញ្ចឹមទៀតផង» ។ នេះបើតាមការរៀបរាប់របស់ស្ត្រីម្នាក់តាមទូរទស្សន៍ ដើម្បីឱ្យគេជួយកូនស្រីរបស់គាត់ ។

កាលពីពេលថ្មីៗនេះ មានស្ត្រីម្នាក់អាយុ៧០ឆ្នាំ បានបង្ហាញខ្លួនក្នុងស្ថានីយទូរទស្សន៍ Chongqing ប្រទេសចិន ហើយគាត់បានរៀបរាប់ទាំងទឹកភ្នែកថា កូនស្រីរបស់គាត់បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យនាំមុខគេមួយ ហើយក៏ធ្លាប់ធ្វើការនៅទីក្រុងប៉េកាំង និងសៀងហៃ កាលពីប៉ុន្មានឆ្នាំមុន ។ ប៉ុន្តែកូនស្រីបានលាឈប់ពីការងារ និងត្រឡប់មករស់នៅផ្ទះឯស្រុកកំណើតវិញ គឺក្នុងគោលបំណងចិញ្ចឹមឆ្មា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiR-MS0iX2r5eKrR5giaNJFnXuVQSKGqzC3_3Q2dd6Ep6z26GP1I6eKmnPP5POKk2oFIsY3BobTNA_Vm4S1XOJTUKy1QnbyqKFZhYa1LOwUIg2Mkx1KGD6LBDerPqeHqESwJngOAE5grR3BfBHPGHM0SmjDpZa1WLZUqYoW2I7obWDDcfEkUIuL6mja/s1280/photo_2023-05-10_16-09-10.jpg

ស្ត្រីជាម្តាយរៀបរាប់ថា កូនស្រីរបស់គាត់គ្មានការងារធ្វើអស់រយៈពេល៦ឆ្នាំហើយ ហើយប្រើពេលភាគច្រើនរបស់នាងដើម្បីបង្ហោះវីដេអូពីឆ្មាចិញ្ចឹមក្នុងបណ្តាញសង្គម ។ កូនស្រីប្រាប់ថា នៅថ្ងៃណាមួយ នាងនឹងអាចរកប្រាក់ចំណូលពីវីដេអូទាំងនេះ និងអាចចិញ្ចឹមខ្លួនឯងនៅថ្ងៃអនាគតបាន ។ កន្លងមក ឪពុកម្តាយឈឺក្បាលខ្លាំងណាស់ ព្រោះកូនស្រីគិតតែពីចិញ្ចឹមឆ្មាតែម្យ៉ាង ហើយមិនព្រមរកសង្សារ និងរៀបការបែកផ្ទះសោះ ។ លើសពីនេះ នាងមិនព្រមរកការងារធ្វើទេ បើទោះជាពួកគាត់ព្យាយាមបញ្ចុះបញ្ចូលឱ្យនាងរកការងារធ្វើ និងរកសង្សារក៏ដោយ ប៉ុន្តែនាងបដិសេធ ដែលធ្វើឱ្យពួកគាត់ជាឪពុកម្តាយបារម្ភថា នៅថ្ងៃអនាគត នាងមិនអាចចិញ្ចឹមខ្លួនឯងបាន ព្រោះគិតតែនៅជាមួយឆ្មាបែបនេះ ។

ស្ត្រីជាម្តាយប្រាប់ថា ៖ «ខ្ញុំ និងប្តីបារម្ភយ៉ាងខ្លាំងរឿងកូន ហើយពួកយើងមិនអាចហូបឆ្អែត ឬគេងលក់ស្រួលទេ ។ យើងសង្ឃឹមថា កូនស្រីនឹងស្វែងរកការងារធ្វើ និងរកបុរសណាម្នាក់មករៀបការជាមួយដូចអ្នកដទៃដែរ ។ បើកូនស្រីព្រមរៀបការ យើងនឹងបានគេងលក់ស្រួលហើយ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjcXs4zRZcQj8UsVvelPu0TY0ZKpoBwQ-c94BRghriYLbrwQfrhyZ5ViQlUIVrtVzwIq7p4nuCtkXvpvSG1ZyJs7UPempxXC-ern_WMs7kOVFOlLPH7UhnyctcHO9GQ4nMbJhhZABEBysXhoikvavk7mKip7TSa3-jCyX36DExOVZvCRXFNVN74KZB/s1280/photo_2023-05-10_16-09-19.jpg

ម្តាយរូបនេះបន្ថែមថា បើទោះជាគាត់នៅជិតកូនស្រីក្តី ប៉ុន្តែគាត់មានអារម្មណ៍ថានៅឆ្ងាយពីនាង ព្រោះគាត់មិនយល់ពីការរស់នៅរបស់នាង ។ កន្លងមក គាត់បានយំដោយសាររឿងនេះជាញឹកញាប់ ដោយសារនាងមិនស្តាប់គាត់ ។ គាត់ប្រាប់ថា ៖ «កូនស្រីគាត់បានយកឆ្មាគ្មានម្ចាស់មកចិញ្ចឹម ហើយគាត់ និងប្តីត្រូវលាក់ទុកការឈឺចាប់នេះមិនហ៊ានប្រាប់គេឯង ព្រោះខ្មាស់គេ» ។

ទោះយ៉ាងណា កូនស្រីរបស់គាត់និយាយថា ៖ «ខ្ញុំធ្វើវីដេអូទាក់ទងនឹងសត្វចិញ្ចឹម បើទោះជាមិនទាន់ទទួលប្រាក់នៅពេលនេះ ប៉ុន្តែខ្ញុំជឿថា នៅថ្ងៃអនាគត ខ្ញុំនឹងអាចរកចំណូលបាន ហើយខ្ញុំមិនខ្វល់នឹងការនៅលីវទេ ។ មនុស្សចាស់មានការគិតខុសពីក្មេងជំនាន់ក្រោយ ហើយពួកគាត់មិនយល់ថា ហេតុអ្វីខ្ញុំត្រូវចិញ្ចឹមឆ្មាទេ» ៕

ប្រភព ៖ chiangmainews