រាជធានីតូក្យូ៖ ការធ្វើសង្គ្រាមរបស់រុស្ស៊ី ប្រឆាំងនឹងប្រទេសអ៊ុយក្រែន ហើយការប្រកួតប្រជែងលើភូមិសាស្រ្ដនយោបាយយ៉ាងក្ដីគគុក កំពុងតែជំរុញឲ្យអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ «ណាតូ» តាមភាសាអង់គ្លេស ឬ«អូតង់» តាមភាសាបារាំង មានផែនការ បោះជំហាន កាន់តែជ្រៅ ចូលមកក្នុងតំបន់អាស៊ី។
ទីភ្នាក់ងារសារព័ត៌មានរបស់ចក្រភពអង់គ្លេស Reuters បានចេញផ្សាយ កាលពីថ្ងៃពុធ ទី៤ ខែឧសភា ឆ្នាំ២០២៣ ថា បើតាមសារព័ត៌មានរបស់ជប៉ុន Nikkei Asia បានរាយការណ៍ កាលពីថ្ងៃពុធ ដោយដកស្រង់ប្រភព មកពីមន្រ្ដីជប៉ុន និង អង្គការណាតូ បានអះអាង ថា អង្គការសម្ពន្ធមិត្តយោធារបស់ពិភពលោកមួយនេះ កំពុងតែមានផែនការ បើកការិយាល័យទំនាក់ទំនងរបស់ខ្លួនជាលើកដំបូង នៅក្នុងប្រទេសជប៉ុន។ នេះជាសកម្មភាពលើកដំបូង នៅក្នុងទ្វីបអាស៊ី ដើម្បីជួយសម្រួល ដល់ការពិគ្រោះយោបល់ នៅក្នុងតំបន់។
ប្រព័ន្ធផ្សព្វផ្សាយដដែល បានរាយការណ៍ទៀត ថា ការិយាល័យទំនាក់ទំនងនេះ នឹងអនុញ្ញាតឱ្យមានការពិភាក្សាគ្នា ជាមួយដៃគូសន្តិសុខរបស់អង្គការណាតូ មានដូចជា កូរ៉េខាងត្បូង អូស្ត្រាលី និង នូវែលហ្សេឡង់ដ៍ ជាមួយនឹងបញ្ហាប្រឈមមុខលើបញ្ហាភូមិសាស្ត្រនយោបាយ កើតចេញពីប្រទេសចិន និង រុស្ស៊ី។
លោកស្រី អូអាណា លូនហ្គេស្គូ (Oana Lungescu) អ្នកនាំពាក្យ អង្គការណាតូ បានបញ្ជាក់ ខណៈមានការសាកសួរ អំពីរបាយការណ៍នេះ ថា «សម្ពន្ធភាព នឹងមិនបរិយាយលម្អិត អំពីការពិភាក្សារបស់សម្ពន្ធមិត្តអង្គការណាតូ ដែលកំពុងតែបន្តនេះទេ។ អង្គការណាតូ មានការិយាល័យជាច្រើន និង ការរៀបចំទំនាក់ទំនង ជាមួយនឹងអង្គការអន្ដរជាតិ និង បណ្ដាប្រទេសជាដៃគូ ហើយប្រទេសជាសម្ពន្ធមិត្ត នឹងវាយតម្លៃជាប្រចាំនូវការរៀបចំទំនាក់ទំនងទាំងនោះ សម្រាប់ធានា ថា ពួកគេធ្វើការងារបានល្អបំផុត តាមតម្រូវការរបស់អង្គការណាតូ និង បណ្ដាប្រទេសជាដៃគូរបស់យើង»។
លោកស្រី អ្នកនាំពាក្យ អង្គការណាតូ រូបនេះ បានបញ្ជាក់ ថា អង្គការណាតូ មានដៃគូយ៉ាងជិតស្និទ្ធបំផុត ជាមួយនឹងប្រទេសជប៉ុន ហើយទំនាក់ទំនងនេះ កំពុងតែបន្តរីកចម្រើន។ រីឯកិច្ចសហប្រតិបត្តិការ ជាក់ស្តែង ផ្ដោតទៅលើវិស័យជាច្រើន មានដូចជា ការការពារតាមអ៊ីនធើរណេត សន្តិសុខដែនសមុទ្រ ជំនួយមនុស្សធម៌ និង ការសង្គ្រោះគ្រោះមហន្តរាយ ការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ហើយសន្តិសុខរបស់មនុស្ស។
ដោយឡែក អ្នកនាំពាក្យ ក្រសួងការបរទេសជប៉ុន មិនអាចសុំការអធិប្បាយបានទេ កាលពីថ្ងៃពុធ ដោយសារជាថ្ងៃឈប់សម្រាក ជាសាធារណៈ នៅក្នុងប្រទេសជប៉ុន៕










