អ្នកនាង ម៉េង កែវពេជ្ជតា តារាចម្រៀងជើងចាស់ បង្ហោះសារទម្លាយពីអត្តចរិតតារាចម្រៀងស្រករក្រោយ វណ្ណដា ខ្ទេចគ្មានសល់ក្រោយពីមានឱកាសជួបគ្នាដោយផ្ទាល់នៅឯវិមានពហុកីឡដ្ឋានជាតិមរតកតេជោ ដោយរៀបរាប់ថា តារារ៉េបវ័យក្មេងរូបនេះចេះដាក់ខ្លួន មិនឆ្មើងក្រអើតក្រទម ជាពិសេសលើកស្ទួយវប្បធម៌ និងសិល្បករបុរាណខ្មែរ។
រាជនីសំឡេងមាសកម្ពុជា ម៉េង កែវពេជ្ជតា កម្រនឹងបង្ហោះទម្លាយពីអត្តចរិតសិល្បករជំនាន់ក្រោយណាស់ ផ្ទុយមកវិញលើកនេះ តារាចម្រៀងខាងលើចេញមកទម្លាយច្បាស់ៗខ្ទេចគ្មានសល់ ពីតារាចម្រៀងរ៉េបល្បីឈ្មោះប្រចាំប្រទេសកម្ពុជាគឺ ម៉ាន់ វណ្ណដា បន្ទាប់ពីកំពូលតារាចម្រៀងទាំង២ដួងនេះមានឱកាសបានជួបគ្នាដោយផ្ទាល់នៅវិមានពហុកីឡដ្ឋានជាតិមរតកតេជោ។
ម្ចាស់បទ «ផ្ញើចិត្តនឹកតាមវិទ្យុ» រូបនេះរៀបរាប់នៅលើបណ្តាញសង្គមនៅរសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ នេះថា « Vanda ជាតារាចម្រៀងយុវវ័យល្បីខ្លាំងផ្នែក Rap ។ ក្រៅពីមានទេពកោសល្យល្អផ្តាច់ហើយ គាត់នៅមានអត្តចរិតថ្លៃថ្នូរ ចេះដាក់ខ្លួន មិនឆ្មើ មិនរើសអើង មិនក្រអឺតក្រទម ។ ចំនុចសំខាន់មួយទៀតគឺគាត់ចេះនឹកឃើញលើកស្ទួយវប្បធម៌ខ្មែរ និងសិល្បករបុរាណចាស់ៗ ។ ទាំងនេះគ្រប់គ្រាន់ឱ្យខ្ញុំ និងអ្នកផ្សេងសរសើរបានហើយ»។
គួរបញ្ជាក់ផងដែរថា ប៉ុន្មានថ្ងៃចុងក្រោយនេះ តារាចម្រៀង វណ្ណដា រងនូវពាក្យរិះគន់មួយចំនួនពីសំណាក់អ្នកលេងបណ្តាញសង្គមថាលោកជាតារាចម្រៀងមិនគោរពរៀមច្បងក្នុងវិស័យសិល្បៈ ខណៈក៏មានវីដេអូបង្ហាញថា វណ្ណដា បានបង្ហាញកាយវិការទន់ភ្លន់គោរពរៀមច្បងមិនដូចមានការចោទប្រកាន់មួយចំនួននោះទេ៕











