ត្រឹមរយៈពេល២ខែ ដើមឆ្នាំ២០២៣ កម្ពុជាទទួលបានទេសចរជប៉ុនចំនួន ១១,៤៦៥នាក់ មានការកើនឡើង ១១៧៦.៧% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២ ខណៈក្នុងឆ្នាំ២០២៣នេះ កម្ពុជារំពឹងថានឹងទទួលបានទេសចរជប៉ុនប្រមាណ ៧ម៉ឺននាក់។ នេះបើតាមការឱ្យដឹងពីក្រសួងទេសចរណ៍ស្តីពីពិព័រណ៍កម្ពុជា Cambodia Festival 2023 នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
ប្រទេសជប៉ុនជាទីផ្សារគោលដៅសំខាន់សម្រាប់កម្ពុជា បើយោងតាមស្ថិតិទេសចរណ៍ប្រចាំឆ្នាំ២០២២ កម្ពុជាទទួលបានទេសចរចំនួន២,២៧៦,៦២៦ នាក់ កើនឡើង១០៥៨.៦% ធៀបនឹងឆ្នាំ២០២១ ដែលក្នុងនោះទេសចរជប៉ុនមានចំនួន២៩,៧៣៣នាក់ មានការកើនឡើង ១៣៧៨.៥% បើធៀបនឹងឆ្នាំ២០២១។
ដោយឡែក ក្នុងឆ្នាំ២០២៣នេះ កម្ពុជារំពឹងថានឹងទទួលបានទេសចរជប៉ុនប្រមាណ៧ម៉ឺននាក់ក្នុងឆ្នាំ២០២៣។ ការរំពឹងនេះធ្វើឡើងនាឱកាស កម្ពុជាជំរុញការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជានៅលើទីផ្សារជប៉ុន ក្នុងពិព័រណ៍កម្ពុជា Cambodia Festival 2023 នៅទីក្រុងតូក្យូ ប្រទេសជប៉ុនថ្ងៃទី៣-៤ ខែឧសភា ឆ្នាំ២០២៣។
គួរបញ្ជាក់ថា កម្មវិធីពិព័រណ៍កម្ពុជាឆ្នាំ២០២៣មានការតាំងបង្ហាញផលិតផល ម្ហូបអាហារ ភេសជ្ជៈ និងវត្ថុអនុស្សាវរីយ៍របស់ខ្មែរ និងការបង្ហាញផ្សព្វផ្សាយពីសិល្បៈ វប្បធម៌ ប្រពៃណី តាមរយៈការសម្តែងសិល្បៈជូនភ្ញៀវទស្សនាកម្សាន្ត ដោយមានស្តង់សរុបប្រមាណ១០០ស្តង់។ ឆ្នាំនេះផងដែរ ពិព័រណ៍កម្ពុជារំពឹងថានឹងមានអ្នកចូលរួមទស្សនាពីសំណាក់ភ្ញៀវបរទេស និងជនជាតិខ្មែរប្រមាណជា៥ម៉ឺននាក់។
នៅក្នុងកម្មវិធីខាងលើនេះ មានការចូលរួមជាអធិបតីពីសំណាក់ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ឯកឧត្តម ឈួន ដារា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្តម IMAMURA Masahiro សមាជិកសភាតំណាងរាស្ត្រជប៉ុន និងជាប្រធានសម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា ឯកឧត្តម TAKAGI Kei អនុរដ្ឋមន្ត្រីទំនាក់ទំនងការបរទេសនៃប្រទេសជប៉ុន និងកញ្ញា MINAMINO Yoko ទូតសុឆន្ទៈនៃខួបលើកទី៧០នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន អមដោយពិធីកាត់ខ្សែបូ ការសម្តែងសិល្បៈ របាំអប្សរា និងការដើរទស្សនាតាមស្តង់ពិព័រណ៍នានារបស់គណៈអធិបតី៕










