ឧទ្យានជាតិគីរីរម្យ គឺជាតំបន់ធម្មជាតិដ៏មានភាពទាក់ទាញពីប្រជាជនខ្មែរ ព្រោះនៅទីនោះសម្បូរដោយកន្លែងធម្មជាតិស្អាតៗ សម្រាប់មនុស្សដែលចូលចិត្តផ្សងព្រេង និងបោះតង់ជាដើម។
ឧទ្យានជាតិណេះយស្ថិតនៅក្នុង ភូមិដំរីផុង ឃុំគិរីរម្យ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលមានចម្ងាយ១១២គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ដោយភ្ញៀវទេសចរណ៍ត្រូវធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ទៅកាន់ក្រុងព្រះសីហនុ។
ឧទ្យានជាតិគីរីរម្យ ត្រូវបានគេទទួលស្គាល់ថាជាកន្លែងសម្រាប់លេងកម្សាន្ត និងជាទីកន្លែងបោះតង់ដ៏ពេញនិយមបំផុតមួយនៅក្នុងប្រទេសយើងផងដែរ។
បឹងចំការតែគីរីរម្យ គឺជាកន្លែងដ៏ស្រស់ស្អាតបំផុតមួយនៃឧទ្យានជាតិគីរីរម្យ ដែលសម្បូរភ្ញៀវទេសចរណ៍ទៅបោះតង់ និងផ្សងព្រេងនៅទីនោះ។ បឹងចំការតែ ស្ថិតនៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានចម្ងាយប្រហែល ៦៤គីឡូម៉ែត្រពីវិមានឯករាជ្យកំពង់ស្ពឺ។ បើនិយាយពីទេសភាពវិញ គឺមានទាំងភ្នំ បឹង នៅជុំវិញដែលមានខ្យល់អាកាសបរិសុទ្ធអាចឱ្យលោកអ្នករំសាយទុក្ខសោក និងភាពហត់នឿយពីការងារបានមួយចំនួនធំដែរ។ នៅបឹងចំការតែ លោកអ្នកអាចស្ទួចត្រី ឡើងភ្នំ លេងទឹក ជិះទូកយ៉ាងសប្បាយរីករាយ។ ម្យ៉ាងទៀត វា មានភាពងាយស្រួលសម្រាប់អ្នកបោះតង់ ព្រោះនៅជិតប្រភពទឹកស្រាប់។
ក្រៅពីបឹងចំការតែ នៅលើភ្នំគីរីរម្យនេះ ក៏មានកន្លែងសម្រាប់សម្រាកកម្សាន្ត បោះតង់ និងលេងទឹកជ្រោះជាច្រើនកន្លែងថែមទៀតផងដែរ ដូចជា៖ ថ្មលយ ជ្រោះផ្តាច់ព្រលឹង និងឧទ្យានបោះតង់គីរីរម្យជាដើម៕










