បីជាអ្នកខ្លះមិនស្គាល់ឈ្មោះ តែភាគច្រើនប្រាកដជាធ្លាប់ឃើញមុខបុរសម្នាក់នេះ ពីព្រោះថា រូបរបស់លោកស្ថិតនៅលើក្រដាសប្រាក់ដុល្លារអាមេរិក គឺក្រដាស ១០០ដុល្លារ។
លោក Benjamin Franklin (បេនយ៉ាមីន ហ្វ្រែងឃ្លីន) គឺជាឥស្សរជនមួយក្នុងចំណោមពីររូបគត់ ដែលមិនមែនជាប្រធានាធិបតីអាមេរិក តែមានរូបលើក្រដាសប្រាក់ដុល្លាររបស់សហរដ្ឋអាមេរិក។
ថ្វីដ្បិតតែមិនធ្លាប់កាន់តំណែងជាប្រធានាធិបតីអាមេរិក ក៏ប៉ុន្តែ លោកបេនយ៉ាមីន ហ្វ្រែងឃ្លីន ត្រូវបានគេចាត់ទុកថាជាអ្នកនយោបាយដ៏មានឥទ្ធិពលមួយរូបនៅក្នុងប្រវត្តិសាស្រ្តអាមេរិក ពីព្រោះលោកស្ថិតក្នុងចំណោមឥស្សរជនទាំង ៧រូប ដែលជាបិតាស្ថាបនិកសហរដ្ឋអាមេរិក ព្រមទាំងជាអ្នកដែលបានចូលរួមក្នុងការតាក់តែងសេចក្តីប្រកាសឯករាជ្យរបស់អាមេរិក។![Benjamin Franklin, As The Constitutional Convention Closes, Has the Last Wise Word [September 17, 1787] | A Bibliologist on the Classics](https://bibliologist.files.wordpress.com/2014/06/ben-frank.jpg)
លើសពីនេះទៅទៀត លោកបេនយ៉ាមីន ហ្វ្រែងឃ្លីន ក៏ជាអ្នកវិទ្យាសាស្រ្តដ៏ល្បីល្បាញមួយរូបផងដែរ ដោយលោកត្រូវបានគេចាត់បញ្ចូលទៅក្នុងចំណោមអ្នកវិទ្យាសាស្រ្តដែលបានដើរតួនាទីយ៉ាងសំខាន់បំផុត នៅក្នុងប្រវត្តិនៃការរកឃើញថាមពលអគ្គិសនី ដែលមនុស្សជាតិយើងប្រើប្រាស់យ៉ាងទូលំទូលាយ នៅក្នុងពេលបច្ចុប្បន្ននេះ៕










