ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសជូនដំណឹងដល់កសិករឱ្យត្រៀមរក្សាទឹកទុកឱ្យបានច្រើន ដើម្បីបង្ការបញ្ហាធាតុអាកាសក្ដៅ ខណៈដែលក្រសួងធនធានទឹកបាន ព្យាករណ៍ថា រដូវវស្សាឆ្នាំ២០២៣នេះ នឹងចូលមកដល់យឺតនៅ សប្ដាហ៍ទី២ នៃខែឧសភា ជាមួយនឹងបរិមាណទឹកភ្លៀងពីតិចទៅមធ្យម និងមានកូនរដូវប្រាំងដែលអាចកើតឡើង ហើយអូសបន្លាយចាប់ពីដើមខែកក្កដា រហូតដល់ដើមខែសីហា ដែលអាចបង្កផលប៉ះពាល់ ដល់ផលិតកម្មដំណាំកសិកម្ម។
សេចក្តីជូនដំណឹងនៅថ្ងៃទី២៦ ខែមេសា បានឱ្យដឹងថា កសិករត្រូវត្រៀមបង្ការនិងឆ្លើយតប តាមរយៈការលើកទប់និងថែទាំភ្លឺស្រែឱ្យបានល្អ ដើម្បីរក្សាទឹកទុក ព្រមទាំងរៀបចំម៉ាស៊ីនបូមទឹកសម្រាប់បូមទឹកសង្គ្រោះនៅពេលចាំបាច់។ សម្រាប់ការដាំដុះស្រូវដើមរដូវវស្សា (ប្រភេទពូជស្រូវស្រាល) កសិករមិនគួរប្រថុយប្រថានដាំដុះ ដោយពឹងលើប្រភពទឹកតិចតួចឡើយ ព្រោះអាចប្រឈមនឹងការខូចខាតដោយសាររាំងស្ងួត។
ដោយឡែក តំបន់ដែលមានប្រភពទឹកគ្រប់គ្រាន់ កសិករគួរប្រញាប់ប្រញាល់ដាំដុះនៅចុងខែមេសា ឬដើមខែឧសភានេះ ដើម្បីអាចប្រមូលផលស្រូវនៅចុងខែកក្កដា ឬខែសីហា។ សម្រាប់តំបន់ដាំដុះស្រូវអាស្រ័យទឹកភ្លៀង កសិករគួររូតរះភ្ជួរដាស់ដី ដើម្បីត្រៀមដាំដុះក្នុងខែមិថុនា ឬខែកក្កដា ដោយប្រើប្រាស់ប្រភេទពូជស្រូវកណ្ដាលប្រកាន់រដូវ ដូចជា៖ ពូជស្រូវផ្ការំដួល និង ប្រភេទពូជស្រូវផ្សេងៗទៀត ដែលនឹងត្រូវប្រមូលផលក្នុងខែវិច្ឆិកា។
កសិករដែលដាំដុះដំណាំបន្លែ គួរប្រើប្រាស់ប្រព័ន្ធស្រោចស្រពសន្សំសំចៃទឹក ប្រក់សំណាញ់ ដើម្បីទប់កម្តៅ និងប្រើសារធាតុគម្របដីពីចំបើង ឬកាកសំណល់ដំណាំស្ងួត ឬគម្របប្លាស្ទិក ដើម្បីរក្សាសំណើមដីឱ្យបានយូរ។
ចំពោះកសិករដែលស្ថិតនៅតំបន់ឆ្ងាយពីប្រភពទឹក ដូចជា ទន្លេ ស្ទឹង បឹង ឬអាងទឹក ត្រូវត្រៀមលក្ខណៈ រក្សាទឹកទុកឱ្យបានច្រើននៅក្នុងត្រពាំង ឬអាងស្តុកទឹកនៅតាមគ្រួសារ ឬសហគមន៍ សម្រាប់ទុក ស្រោចស្រពក្នុងពេលរាំងស្ងួត៕










