សាលាគណរាជធានីភ្នំពេញ ស្នើគ្រប់វត្តអារាមក្នុងរាជធានីភ្នំពេញ វាយជួង រគាំង និងទូងស្គរ ឱ្យបានកងរំពង ដើម្បីអបអរសាទរក្នុងពិធីទទួល និងដង្ហែព្រះអគ្គិជ័យកីឡាប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣។ ការទូងស្គរនេះនឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រ ទី២៨ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ១៧ : ២០ នាទី។
គួរបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំពិធីដង្ហែព្រះអគ្គិជ័យកីឡា ពីតំបន់អាស៊ានចូលមកព្រះរាជាណាចក្រកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិ ត្រពាំងគៀល-ណងណុក ឃឿន ខេត្តស្ទឹងត្រែង នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ និងដង្ហែបន្តឆ្ពោះទៅតាមបណ្តាខេត្តជុំវិញបឹងទន្លេសាប និងដង្ហែព្រះអគ្គិជ័យកីឡា ពីត្រង់ចំណុចផ្សារព្រែកអញ្ចាញ ស្ពានទី១២ ព្រំ ប្រទល់ខេត្តកណ្តាល-រាជធានីភ្នំពេញ បន្តឆ្ពោះទៅចំណុចរមណីយដ្ឋានវត្តភ្នំ នឹងទៅតម្កល់រក្សាទុកនៅ វត្តលង្កាព្រះកុសុមារាម រហូតដល់ចប់ក្បួនដង្ហែ។
សូមរម្លឹកថា ព្រះអគ្គិជ័យកីឡា នឹងវិលត្រឡប់មកកម្ពុជាវិញ ក្រោយពីដង្ហែវិលជុំប្រទេសសមាជិកអាស៊ានចំនួន ៩ប្រទេស គឺ ប្រទេស វៀតណាម ហ្វីលីពីន ឥណ្ឌូណេស៊ី ទីម័រខាងកើត ម៉ាឡេស៊ី សិង្ហបុរី ថៃ មីយ៉ាន់ម៉ា និង ឡាវ ៕










