ប្រទេសថៃ ៖ កាលពីថ្ងៃទី២៥ ខែមេសា កន្លងមក អ្នកនាង Nicha Kaewsuriya ជាម្ចាស់ចម្ការឪឡឹកនៅស្រុកបានបឹង ខេត្តឈុនបុរី បានយកឪឡឹកពូជថ្មីចំនួន១៥តោនមកចែកឱ្យអ្នកភូមិ និងអ្នកធ្វើដំណើរនៅតាមផ្លូវនៅបរិវេណតូបលក់ឪឡឹកមួយកន្លែង ។ គេសង្កេតឃើញមានអ្នកភូមិជាង១.០០០នាក់បាននាំគ្នាមកតម្រង់ជួររង់ចាំទទួលឪឡឹកជាមួយនឹងទឹកមុខរីករាយផងដែរ ។
អ្នកនាង Nicha Kaewsuriya ម្ចាស់ចម្ការឪឡឹកនិយាយថា អ្នកមកទទួលឪឡឹករបស់នាង ពួកគេអាចយកឪឡឹកបានតាមចិត្ត យកតាមវិធីណាក៏ដោយឱ្យតែអាចយកទៅផ្ទះបាន ។ ម្ចាស់ចម្ការបន្តថា ដោយសារនៅឆ្នាំ២០២៣នេះ អាកាសធាតុនៅប្រទេសថៃក្តៅខ្លាំងពេក ទើបធ្វើឱ្យឪឡឹកក្នុងចម្ការរបស់នាងទុំលឿនជាងមុន ហើយផ្លែឪឡឹកខ្លះមិនល្អ ហើយនាងមិនអាចនាំចេញទៅលក់នៅតាមហាងលក់ទំនិញបានទេ ។
ម្ចាស់ចម្ការឪឡឹកបន្ថែមថា ៖ «មុននេះ ហាងលក់ទំនិញបានទទួលទិញឪឡឹកជាច្រើនពីកសិករ ហើយនៅពេលអាកាសធាតុក្តៅធ្វើឱ្យផ្លែឪឡឹកមានបញ្ហា ។ ដូច្នេះ កាលពីដំបូង ខ្ញុំតាំងចិត្តថា នឹងលក់វាក្នុងតម្លៃថោកៗ ប៉ុន្តែដោយសារតែឪឡឹករបស់ខ្ញុំទុំច្រើនពេក ហើយបើរង់ចាំលក់នោះខ្លាចថា វាស្អុយអស់ ។ ម្យ៉ាងទៀត នៅថ្ងៃនេះ គ្រួសាររបស់ខ្ញុំបានរៀបចំពិធីបួងសួងមួយដើម្បីសុំឱ្យការងាររីកចម្រើន ដូច្នេះ ខ្ញុំក៏សម្រេចចិត្តចែកឪឡឹកចំនួន៥តោនដល់អ្នកភូមិដោយមិនយកប្រាក់ ។ ប៉ុន្តែនៅពេលចែកជាក់ស្តែងឃើញថា អ្នកភូមិមកច្រើននាក់ពេក ដូច្នេះ ខ្ញុំត្រូវយកឪឡឹកជាង១៥តោនមកចែកឱ្យពួកគាត់ទាំងអស់តែម្តង» ។.jpg)
ម្ចាស់ចម្ការឪឡឹកបន្ថែមទៀតថា ឪឡឹកដែលយកចែកនេះមានពូជខុសៗគ្នា ហើយជឿថា នៅពេលអ្នកភូមិបានបរិភោគវាហើយ នឹងអាចកាត់បន្ថយភាពក្តៅបាន ព្រោះឪឡឹកគឺជាផ្លែឈើមួយប្រភេទមានជាតិត្រជាក់នៅក្នុងផ្លែរបស់វា ៕
ប្រភព ៖ mgronline










