ក្រោយពីមានការផ្សព្វផ្សាយភ្លូកទឹកភ្លូកដី ក្នុងនោះក៏មានឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានស្នើឱ្យអជ្ញាធរមូលដ្ឋាននៅស្រុកបាធាយពិនិត្យមើលករណីមានការលក់សត្វព្រៃយ៉ាងច្រើននោះ រដ្ឋបាលស្រុកបាធាយ បានបន្លឺថា ការផ្សព្វផ្សាយទាក់ទងទៅនឹងការជួញដូរសត្វស្លាប និងសត្វព្រៃនៅតាមដងផ្លូវជាតិលេខ ៦A គឺជារូបភាពចាស់។
ក្នុងលិខិតបន្លឺរបស់រដ្ឋបាលស្រុកបាធាយ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹង
ការជួញដូរសត្វស្លាប និងសត្វព្រៃនៅតាមដងផ្លូវជាតិលេខ ៦A (ត្រង់គីឡូម៉ែត្រលេខ៤៩ ចំណុចស្ពានត្រស់) ដែលល្បីកក្រើកតាមបណ្តាញសង្គមរយៈពេលចុះក្រោយនេះ តាមការសង្កេតរបស់រដ្ឋបាលស្រុកបាធាយ គឺរូបភាពចាស់ហើយបានធ្វើការផ្សព្វផ្សាយតៗគ្នា។
ពាក់ព័ន្ធករណីនេះ រដ្ឋបាលស្រុក បានបញ្ជាក់ថា កន្លងមករដ្ឋបាលស្រុកបានសហការជាមួយក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសសត្វព្រៃ នៃរដ្ឋបាលព្រៃឈើ និងអង្គការ វ៉ាយអេដស៍ ចុះផ្សព្វផ្សាយ ពន្យល់ ណែនាំ ហើយបានអញ្ជើញប្រជាពលរដ្ឋដែលបានលួចបន្លំរក្សាទុក និងលួចលក់ដូរសត្វព្រៃ ឱ្យធ្វើកិច្ចសន្យាជាច្រើន ដងរួចមកហើយ និងមានការចាប់ផាកពិន័យជាអន្តរកាលហើយបានបញ្ជូនជនល្មើសទៅតុលាការម្តងហើយ។ ទោះបីជាអាជ្ញាធរ និងមន្ត្រីជំនាញយើងខិតខំយ៉ាងណាក៏នៅមានជនល្មើសមួយចំនួនតូចលួចបន្លំធ្វើការ រក្សាទុក និងលួចលក់ដូរសត្វព្រៃ ក្នុងរូបភាពលក់ត្រីងៀត ត្រីឆ្អើ និងផ្លែឈូក ក្នុងរូបភាពនោះយូរៗម្ដងជនល្មើសបន្លំ លក់សត្វព្រៃ ហើយពេលខ្លះបន្លំយកសត្វស្រុកធ្វើជាសត្វព្រៃ ដើម្បីលក់។
ប្រភពដដែលបានបន្ថែមថា រដ្ឋបាលស្រុកនៅតែបន្តសហការជាមួយមន្ត្រីជំនាញ និងកំលាំងសមត្ថកិច្ចបន្តចុះអប់រំណែនាំ និងបង្ក្រាបជាប់ជាប្រចាំ ដើម្បីថែរក្សាការពារ និង អភិរក្សសត្វព្រៃនិងសូមអំពាវនាវឱ្យបញ្ឈប់ការរក្សាទុក និងលួចលក់ដូរសត្វព្រៃ ហើយជួយសហការជាមួយអាជ្ញាធរក្នុង ករណីមានការរក្សាទុក ឬលក់ដូរអាចផ្តល់ព័ត៌មានដល់រដ្ឋបាលស្រុកបាន៕











