មហាជនអ្នកស្នេហាវិស័យគុនខ្មែរមានក្តីសោកស្តាយយ៉ាងខ្លាំងក្រោយពីកីឡាករ ធឿន ធារ៉ា អ្នកលេងពូថៅដៃ ភ្លាត់ស្នៀតចាញ់ក្រោយថ្វីដៃរបស់កីឡាករថៃ ក្រុងចក្រ រងរបួសដៃត្រូវបោះបង់ការប្រកួតក្នុងទឹកទី៤។ ជាមួយគ្នានេះ តារាល្បីៗជាច្រើនរូបរួមមាន តារាចម្រៀង ខេម ពិធីករ ប៉ែនចំរ៉ុង តារាកំប្លែង ពាក់មី និងឧកញ៉ា ហេង ឡុង ជាដើមបានចូលរួមលើកទឹកចិត្ត និងសំណូមពរកុំឱ្យមានការស្តីបន្ទោស ខណៈឧកញ៉ា ស្រី ចាន់ថន ប្រកាសចេញថ្លៃព្យាបាលទាំងស្រុងដល់កីឡាករ ធឿន ធារ៉ា។
នៅសង្វៀនស្ថានីយ៍ទូរទស្សន៍បាយ័ន គូមិត្តភាពអន្តរជាតិរវាងកីឡាករខ្មែរ ធឿន ធារ៉ា និងកីឡាករថៃ ក្រុង ចក្រ ដែលប៉ះគ្នាជាលើកទី២នេះ បានធ្វើឱ្យអ្នកស្នេហាគុនខ្មែររំភើបចិត្តជាខ្លាំង។ ជាក់ស្តែងនៅថ្ងៃអាទិត្យ ទី២៣ ខែមេសា ឆ្នាំ២០២៣ ការប្រកួតមកដល់ មានបងប្អូនទៅទស្សនាផ្ទាល់ និងទស្សនាតាមគេហដ្ឋាន យ៉ាងច្រើនកុះករចំពោះគូនេះ ទស្សនាយ៉ាងជក់ចិត្តដិតអារម្មណ៍តាំងពីទឹកទី១ដល់ទឹកទី៣។ តែគួរឱ្យសោកស្តាយសម្រាប់កីឡាករ ធឿន ធារ៉ា បានភ្លាត់ស្នៀតចាញ់កីឡាករថៃ ក្រុង ចក្រ ឱ្យបោះបង់ការប្រកួតនៅក្នុងទឹកទី៤ ដែលកីឡាកររូបនេះត្រូវរងរបួសដៃស្តាំ មិនអាចបន្តការប្រកួតបានឡើយ។
មហាជនអ្នកស្នេហាគុនខ្មែរបានសម្តែងក្តីសោកស្តាយយ៉ាងខ្លាំង ព្រោះជារឿងនឹកស្មានមិនដល់ដែលកីឡាករ ធឿន ធារ៉ា ត្រូវភ្លាត់ស្នៀតចាញ់កីឡាករថៃរងរបួសដៃស្តាំ។ បន្ទាប់ពីមិនអាចយកជ័យជំនះជូនប្រជាជនកម្ពុជាបាន អ្នកលេងពូថៅដៃ រូបនេះ បានពោលពាក្យថា «ជាងការប្រកួតមួយនេះខ្ញុំសុំទោសទៅដល់ពុកម៉ែបងប្អូនដែលខ្ញុំធ្វើមិនបានល្អ»។ បើតាមការបញ្ជាក់របស់លោកគ្រូ អេ ភូថង ទៅលើរបួស ធឿន ធារ៉ា លោកបានរៀបរាប់ថា «តាមការបញ្ជាក់របស់លោកគ្រូពេទ្យកែងដៃរបស់ ធឿន ធារ៉ា ក្រោយពិនិត្យនិងថតរួចមក គឺមិនប៉ះពាល់ដល់ឆ្អឹងទេគ្រាន់តែត្រូវសម្រាកព្យាបាលនៅផ្ទះមួយរយៈខ្លីប៉ុណ្ណោះអាចប្រកួតវិញបានធម្មតា សូមអគុណដល់ហ្វេនៗដែលព្រួយបារម្ភដល់ ធឿន ធារ៉ា»។
ការចាញ់របស់ធឿន ធារ៉ា នេះទៀតសោត អ្នកសិល្បៈល្បីៗជាច្រើនរូបបានបង្ហោះសារលើកទឹកចិត្តដល់កីឡារូបនេះផងដែរ។
តារាចម្រៀង ខេម ដែលជាអ្នកស្នេហាគុនខ្មែរមួយរូបបានរៀបរាប់នៅលើបណ្តាញសង្គមថា «ទោះចាញ់ឈ្នះយ៉ាងណា ពួកយើងនៅតែគាំទ្រប្អូន ជូនពរប្អូនឆាប់ជាសះស្បើយ»។ ពិធីករ ប៉ែន ចំរ៉ុង បានលើកឡើងថា «ខ្ញុំបានមើលការប្រកួតគាត់រួចហើយ ខ្ញុំជឿថាគាត់ប្រឹងអស់សមត្ថភាពហើយ តែការប្រកួតជាបាល់មូល ពេលខ្លះក៏សុខភាពល្អ ពេលខ្លះសុខភាពមិនល្អ តែក្នុងនាមជាហ្វេនរបស់ប្អូនសូមសំណូមពរប្អូនប្រុសបន្ថយការប្រកួតខ្លះ(Great A ហើយ) ប្រកួតតែគូសំខាន់ៗ ទុកពេលថែរក្សាសុខភាពខ្លះផង ប្រឹងប្រែងហាត់បង្កើនថាមពល ដើម្បីមុខមាត់គុនខ្មែរ ។ ហើយក៏សូមជូនពរប្អូនប្រុសឆាប់ជាសះស្បើយមានសុខភាពល្អប្រសើរឆាប់ៗ និងជោគជ័យគ្រប់ការប្រកួតណា»។
ងាកទៅកាន់ តារាកំប្លែងល្បីឈ្មោះ នាយ ពាក់មី វិញ ក៏បានលើកទឹកចិត្តទៅដល់ ធារ៉ា ផងដែរថា «សូមបងប្អូនកុំអាលផុសបន្ទោស ធឿនធារ៉ា បានអត់? គ្នាកំពុងរបួស លើទឹកចិត្តគ្នាសិនទៅ»។ ឧកញ៉ា ហេង ឡុង វិញបានសរសេរថា «កីឡាចាញ់ឈ្នះជារឿងធម្មតាប្អូនប្រុសនេះជាបទពិសោធន៍មួយដែលធ្វើប្អូនកាន់តែខ្លាំង គាំទ្រប្អូនជានិច្ច» ក្នុងនោះលោកក៏លើកឡើងទៀតថា ធឿន ធារ៉ា មិនគួរវៃញឹកពេកទេ។
ទាក់នងនឹងរបួសដៃស្តាំរបស់ ធឿន ធារ៉ា ,ឧកញ៉ា ស្រី ថន ក៏បានប្រកាសជាសាធារណៈចេញថ្លៃព្យាបាលទាំងស្រុងដល់កីឡករមានដើមកំណើតនៅខេត្តព្រៃវែងរូបនេះផងដែរ។
គួរបញ្ជាក់ផងដែរថា អ្នកលេងពូថៅដៃ ធឿន ធារ៉ា ជាម្ចាស់ខ្សែក្រវាត់ថៃហ្វៃស៍ ជាម្ចាស់ខ្សែក្រវាត់ IPCC Kun Khmer World Campions និងគ្រុឌគុនខ្មែរ ផងដែរ៕

.jpg)
.jpg)
.jpg)
.jpg)











