ប្រទេសកម្ពុជា ៖ កីឡាករប្រដាល់ប្រេស៊ីល Thiago Teixeira ដែលស្រឡាញ់ប្រទេសកម្ពុជា និងប្រកាសលើកស្ទួយគុនខ្មែរនៅលើឆាកអន្តរជាតិ បានសម្រេចចិត្តផ្តាច់ខ្លួនចេញពី Muay Thai ជាផ្លូវការ ហើយត្រៀមលុបរូបសាក់នៅលើខ្នងរបស់លោក ដែលសរសេរថា «Muay Thai» ។
កីឡាករ Thiago Teixeira បានធ្វើដំណើរទៅកាន់សហព័ន្ធសាក់កម្ពុជា ហើយឱ្យអ្នកគាំទ្រលោកជ្រើសរើសរូបភាពសាក់ថ្មីៗ ជំនួសរូបសាក់ចាស់នៅលើខ្នង ។ រូបភាពសាក់នីមួយៗ គឺតំណាងឱ្យលក្ខណៈពិសេសរបស់ជាតិ និងវប្បធម៌ប្រទេសកម្ពុជាយ៉ាងពិតប្រាកដ ។ Thiago Teixeira បានសួរទៅកាន់អ្នកគាំទ្រនៅក្នុងបណ្តាញសង្គមថា ៖ «តើលោកអ្នកចូលចិត្តស្នាមសាក់ណាមួយខ្លាំងបំផុត ? តើស្នាមសាក់មួយណាដែលលោកអ្នកពេញចិត្ត?» ។
អ្នកគាំទ្រគុនខ្មែរជាច្រើននាក់បានចូលមកបញ្ចេញយោបល់ក្នុងការជ្រើសរើសរូបសាក់ថ្មីរបស់ Thiago Teixeira រួមទាំងសរសើរកីឡាករប្រេស៊ីលផងដែរ ដែលបានសម្រេចចិត្តលុបរូបសាក់ «Muay Thai» ចេញពីលើខ្នង ។ ការលុបរូបសាក់នេះនឹងធ្វើឱ្យ Thiago Teixeira អាចបោះជំហានធ្វើជាអ្នកតំណាងឱ្យគុនខ្មែរយ៉ាងមានមោទនភាព ។.jpg)
រឿងរ៉ាវរបស់កីឡាករ Thiago Teixeira បានល្បីល្បាញនៅទូទាំងពិភពលោក នៅពេលអង្គការ Muay Thai ពិភពលោកបានដកហូតខ្សែក្រវ៉ាត់ រួមទាំងហាមឃាត់ការចូលរួមប្រកួតលំដាប់អន្តរជាតិទាំងអស់ ក្រោយពីកីឡាកររូបនេះនិយាយថា គុនខ្មែរជាដើមកំណើតរបស់ Muay Thai ហើយប្រកាសគាំទ្រគុនខ្មែរ និងយកទង់ជាតិកម្ពុជាឡើងលើសង្វៀនប្រកួត Muay Thai ៕ 
ប្រភព ៖ sanook sport










