Home ព័ត៌មានអន្តរជាតិ ពួកឧត្ដមសេនីយ៍ស៊ូដង់ វាយប្រយុទ្ធដណ្ដើមអំណាចគ្នា ធ្វើឲ្យប្រជាជនរាប់ម៉ឺននាក់ រត់ភៀសខ្លួន

ពួកឧត្ដមសេនីយ៍ស៊ូដង់ វាយប្រយុទ្ធដណ្ដើមអំណាចគ្នា ធ្វើឲ្យប្រជាជនរាប់ម៉ឺននាក់ រត់ភៀសខ្លួន

64
0

រដ្ឋធានីខាទូម (Khartoum)៖ រដ្ឋាភិបាលបរទេសជាច្រើន កំពុងតែជម្លៀសប្រជាជនរបស់ខ្លួន ចេញពីប្រទេសស៊ូដង់ ខណៈប្រជាជនរាប់ម៉ឺននាក់ រស់នៅក្នុងប្រទេសអាហ្វ្រិក ភាគឦសានមួយនេះ កំពុងតែរត់ភៀសខ្លួន ក្រោយការផ្ទុះជម្លោះវាយប្រយុទ្ធដណ្ដើមអំណាចគ្នា រវាងមេទ័ពកំពូល នៅក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។Sudan rivals attempt another truce as civilians flee unrest | NEWS10 ABC

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី២០ ខែមេសា ថា ប្រជាពលរដ្ឋ រស់នៅក្នុងរដ្ឋធានីខាទូម កំពុងតែប្រឈមមុខនឹងការដាច់ភ្លើងអគ្គិសនី និង ការខ្វះខាតទឹកប្រើប្រាស់ ក្រោយការវាយប្រយុទ្ធគ្នាយ៉ាងបង្ហូរឈាម ឈានដល់ថ្ងៃទី៥។ ដោយឡែកការប៉ុនប៉ងជំរុញឲ្យមានបទឈប់បាញ់គ្នាជាថ្មី រវាងកងទ័ពរបស់ប្រទេសស៊ូដង់ និង កម្លាំងទាហានប៉ារ៉ា នៅក្នុងរដ្ឋធានីខាទូម បានទទួលបរាជ័យ ដែលនាំឲ្យមានការព្រួយបារម្ភ កាន់តែខ្លាំងឡើង អំពីការខ្វះខាតនូវការផ្គត់ផ្គង់ស្បៀងអាហារ និង ការបំផ្លិចបំផ្លាញដល់សេវាសុខភាពសំខាន់ៗ នៅក្នុងប្រទេសអាហ្វ្រិកមួយនេះ។

បទឈប់បាញ់គ្នា រយៈពេល២៤ម៉ោង ត្រូវបានបណ្ដាប្រទេសជាច្រើន បញ្ចុះបញ្ចូល ដល់គូជម្លោះប្រដាប់អាវុធ នៅក្នុងប្រទេសសូដង់ ខណៈពួកគេកំពុងតែព្យាយាមជម្លៀសពលរដ្ឋរបស់ខ្លួន ចេញពីប្រទេសអាហ្វ្រិកមួយនេះ ក្រោយការផ្ទុះជម្លោះប្រដាប់អាវុធ អស់រយៈជាច្រើនថ្ងៃ កន្លងមក។ ចំណែកបទឈប់បាញ់គ្នា ត្រូវបានគេសន្មត់ ថា នឹងចូលជាធរមាន នៅត្រឹមម៉ោង៦ល្ងាច (វេលាក្នុងស្រុក)។ ប៉ុន្ដែបើទោះជាយ៉ាងណាក៏ដោយ សាក្សី នៅរដ្ឋធានីខាទូម បានអះអាង ថា ការប្រយុទ្ធគ្នា កំពុងតែបន្ត កាលពីថ្ងៃពុធ។What sparked the violent struggle to control Sudan's future? - Region -  World - Ahram Online

លោកឧត្ដមសេនីយ៍ អាប់ដែល ហ្វាតតាស់ អាល់ប៊ូហាន់ (Abdel Fattah al-Burhan) មេដឹកនាំរបបយោធាស៊ូដង់ បានបញ្ជាក់ កាលពីថ្ងៃពុធ ថា នៅព្រឹកនេះ ការទម្លាក់គ្រាប់បែក កំពុងតែបន្ដ ហើយវាអាចលាន់ឮ នៅកណ្ដាលរដ្ឋធានីខាទូម និង តំបន់ជុំវិញ ដែលជាទីបញ្ជាការកណ្ដាលរបស់កងទ័ព។

ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា មានការផ្ទុះជម្លោះវាយប្រហារគ្នាយ៉ាងធ្ងន់ធ្ងរមួយទៀត បានកើតឡើង នៅក្នុងសង្កាត់ចាប្រា (Jabra) នាភាគខាងលិច ទីក្រុងខាទូម ដែលជាផ្ទះរបស់មេដឹកនាំយោធាប៉ារ៉ា គឺលោកឧត្តមសេនីយ៍ ម៉ូហាមេដ ហាមដាន ដាហ្គាឡូ (Mohamed Hamdan Dagalo) ដែលគេស្គាល់ជាទូទៅថា លោកឧត្ដមសេនីយ៍ ហែមេដទី (Hemedti) និង ក្រុមគ្រួសាររបស់គាត់ ស្ថិតនៅទីនោះ។Dozens dead, hundreds wounded as Sudan's army and rival paramilitary force  battle | CBC News

ទីតាំងរបស់លោកឧត្ដមសេនីយ៍ Hemedti មិនត្រូវបានបង្ហាញទេ ចាប់តាំងពីការប្រយុទ្ធគ្នា បានចាប់ផ្តើមឡើង កាលពីថ្ងៃសៅរ៍ សប្ដាហ៍មុន។ ចំណែកការវាយប្រយុទ្ធគ្នាទ្រង់ទ្រាយធំ បានផ្ទុះឡើង ចេញពីអាកាសយានដ្ឋានធំ ក្រោយការផ្ទុះជម្លោះ ជុំវិញការតស៊ូអំណាច រវាងលោកឧត្ដមសេនីយ៍ al-Burhan និង លោកឧត្ដមសេនីយ៍ Hemedti ជុំវិញផែនការដាក់កងកម្លាំងគាំទ្ររហ័សរបស់លោក Hemedti (ហៅកាត់ RSF) បញ្ចូលទៅក្នុងយោធាធម្មតា។

លោក ម៉ាទីន ហ្គ្រីហ្វហ្វីស (Martin Griffiths) អគ្គលេខាធិការរង អង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការមនុស្សធម៌ និង ជាអ្នកសម្របសម្រួលកិច្ចការសង្គ្រោះបន្ទាន់ បានបញ្ជាក់ ថា «ការប្រយុទ្ធគ្នានេះ បានបិទទាំងស្រុង ដល់ការងារនានារបស់ស្ថាប័នពិភពលោក នៅក្នុងប្រទេសសូដង់»។Desperate civilians flee Sudan's capital after ceasefire fails | CBC News

ការវាយប្រយុទ្ធគ្នានេះ បានធ្វើឲ្យផ្សែងដ៏ក្រាស់ហោះឡើង ទៅលើអាកាស ហើយនៅតាមផ្លូវនានា នៃទីក្រុងដ៏ធំ មានប្រជាជន រហូតដល់៥,៥លាននាក់ ក្លាយទីស្ងាត់ជ្រងំ ខណៈការវាយប្រយុទ្ធគ្នាកំពុងតែបន្ដ។

សហភាពក្រុមវេជ្ជបណ្ឌិតស៊ូដង់ បានបញ្ជាក់ ថា ក្រសួងសុខាភិបាលសូដង់ បានប៉ាន់ប្រមាណ ថា ការវាយប្រយុទ្ធគ្នា រវាងពួកឧត្ដមសេនីយ៍ បានសម្លាប់មនុស្សយ៉ាងតិច ២៧០នាក់ និង ២ ៦០០នាក់ផ្សេងទៀតរងរបួស។ រីឯមន្ទីរពេទ្យ ចំនួន៩កន្លង បានរងការវាយប្រហារ ពីកាំភ្លើងផ្លោង។

លោកឧត្ដមសេនីយ៍ Al-Burhan ដឹកនាំក្រុមប្រឹក្សាគ្រប់គ្រងអំណាច ដែលត្រូវបានលើកបន្តុប ក្រោយការធ្វើរដ្ឋប្រហារយោធា កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ ហើយបានបណ្ដេញលោក អូម៉ា អាល់-បាសារ (Omar al-Bashir) អតីតមេទាហានកំពូល និង ជាប្រមុខរដ្ឋទី៧របស់ស៊ូដង់ នៅក្នុងអំឡុងឆ្នាំ២០១៩ ខណៈលោកឧត្ដមសេនីយ៍ Hemedti ជាអនុប្រធានក្រុមប្រឹក្សាគ្រប់គ្រងអំណាចនៅក្នុងប្រទេសស៊ូដង់ ត្រូវគេមើលឃើញថា អាចបញ្ជាដល់ក្រុមប្រយុទ្ធជាង ១00 000 នាក់។185 killed, 1,800 wounded as Sudan's generals battle for third day | The  Times of Israel

ជម្លោះរវាងពួកឧត្ដមសេនីយ៍ នៅក្នុងប្រទេសស៊ូដង់ កំពុងតែធ្វើឱ្យក្តីសង្ឃឹម សម្រាប់វឌ្ឍនភាពឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសអាហ្រ្វិកមួយនេះ ប្រឈមមុខនឹងហានិភ័យខ្លាំង ហើយកំពុងតែអូសទាញប្រទេសជិតខាង ឲ្យចូលទៅ ក្នុងការប្រកួតប្រជែងអំណាច នៅក្នុងតំបន់ រវាងរុស្ស៊ី និង សហរដ្ឋអាមេរិក។ បច្ចុប្បន្ន ប្រទេសស៊ូដង់ កំពុងតែក្លាយជាទីតាំងយុទ្ធសាស្ត្រ រវាងអេហ្ស៊ីប អារ៉ាប៊ីសាអូឌីត អេត្យូពី និង តំបន់សាហេល (Sahel) នៅទ្វីបអាហ្រ្វិក។

លោក ដាអ៊ូដ យ៉ាយ៉ា ប្រាហ៊ីម (Daoud Yaya Brahim) រដ្ឋមន្ត្រី ក្រសួងការពារជាតិឆាត បានបញ្ជាក់ ថា កងទ័ពឆាដ បានដកហូតអាវុធពីទាហានស៊ូដង់ ចំនួន៣២០នាក់ ដែលបានចូលមកលើទឹកដីរបស់ខ្លួន កាលពីថ្ងៃចន្ទ។ ប៉ុន្ដែប្រទេសឆាដ មិនចង់ចូលរួម នៅក្នុងជម្លោះនោះឡើយ។ នៅថ្ងៃនេះ ជនភៀសខ្លួន រាប់ម៉ឺននាក់ កំពុងឆ្លងកាត់ព្រំដែនរបស់យើង ដើម្បីស្វែងរកកិច្ចការពារ។ ប៉ុន្ដែយើងគ្មានជម្រើសអ្វី ក្រៅតែអំពីស្វាគមន៍ និង ការពារដល់ពួកគេ។ ចំណែកមនុស្សផ្សេងទៀត មកពីទីក្រុងខាទូម ក៏បានធ្វើដំណើរទៅកាន់តំបន់ភាគខាងត្បូង នៃប្រទេសស៊ូដង់៕