ក្រសួងអប់រំ យុវជននិងកីឡា បានកំណត់រួចមកហើយថា ការប្រលងបាក់ឌុបឬប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បានកំណត់យកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ ទោះយ៉ាងណាប្រសិនបេក្ខភាពប្រលងមានចំណុចខាងក្រោមនេះនឹងមិនអាចប្រលងបាក់ឌុបបានឡើយទាំងសាលារដ្ឋនិងឯកជន។
– ករណីទី១៖ សិស្សមានមធ្យមភាគពិន្ទុប្រចាំឆ្នាំក្រោម ២៥.០០
– ករណីទី២៖ សិស្សគ្មានមធ្យមភាគពិន្ទុប្រឡងឆមាស៖ មានដូចជា ឈប់ឥតច្បាប់ក្នុងពេលប្រឡងឆមាសមុខវិជ្ជាណាមួយ ឈប់មានច្បាប់ក្នុងពេលប្រឡងឆមាសចាប់ពី ៣មុខវិជ្ជាឡើងទៅ។
– ករណីទី៣៖ សិស្សអវត្តមានលើសពីចំនួនកំណត់៖
+ អវត្តមានឥតច្បាប់លើសពី ៣០ដងឡើងទៅ
+ អវត្តមានឥតច្បាប់ និងមានច្បាប់លើសពី ៤០ដងឡើងទៅ
+ អវត្តមានមានច្បាប់លើសពី ៥៥ដងឡើងទៅ។
អវត្តមានសិស្សថ្នាក់ទី១២ គិតត្រឹម ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣។
ចំណែកបេក្ខភាពប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម ៖
– បានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ
– បានរៀនគ្រប់កម្រិតថ្នាក់នៅមធ្យមសិក្សាទុតិយភូមិ បានរៀនចប់កម្មវិធីសិក្សាថ្នាក់ទី១២
– បានគោរពត្រឹមត្រូវតាមបទបញ្ជាផ្ទៃក្នុងសម្រាប់គ្រឹះស្ថានមធ្យមសិក្សា
– ត្រូវបានវាយតម្លៃផ្នែកសីលធម៌ប្រចាំឆ្នាំ ចាប់ពីមធ្យមឡើងទៅ មានមធ្យមភាគពិន្ទុប្រចាំឆ្នាំចាប់ពី ២៥.០០ ឡើងទៅ។
គួរបញ្ជាក់ថា ការទទួលពាក្យសុំចុះឈ្មោះប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ធ្វើឡើងនៅតាមវិទ្យាល័យ ដោយចាប់ផ្តើមពីថ្ងៃទី១ ដល់ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២៣។ សំណុំលិខិតចុះឈ្មោះប្រឡងរួមមាន៖ ពាក្យសុំចុះឈ្មោះប្រឡងរបស់បេក្ខជនចំនួន វិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាបឋមភូមិ សំបុត្រកំណើត បង្កាន់ដៃបង់សិទ្ធិប្រឡង និងសៀវភៅសិក្ខាគារិក (ចំពោះសិស្សសាលាឯកជន)៕










