តារាចម្រៀងប្រចាំផលិតកម្មហង្សមាស សុខ ស្រីនាង ពុំបានបញ្ចេញសកម្មភាពសិល្បៈរបស់ខ្លួនឡើងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះព្រមទាំងមានពាក្យចចាមអារ៉ាមថា តារាចម្រៀងស្រីរូបនេះកំពុងសំងំសាងជីវិតគ្រួសារ។ យ៉ាងណា សុខ ស្រីនាង មិនបានចេញមុខបញ្ជាក់យ៉ាងណាទេតែនាងបង្ហោះរូបភាពយ៉ាងរីករាយនៅលើទឹកដីប្រទេសជប៉ុន។
ដ្បិតមានងារជាមេម៉ាយក្តីប៉ុន្តែតារាចម្រៀង សុខ ស្រីនាង ត្រូវមហាជនសម្លឹងឃើញថានាងជានារីម្នាក់ដែលមានសម្រស់ចាំ មានរាងស្អាត និងនៅតែស្រស់ស្អាតដដែល។ យ៉ាងណាមិញ សកម្មភាពសិល្បៈរបស់តារាចម្រៀងរូបនេះបានស្ងប់ស្ងាត់មួយរយៈមកហើយទាំ គេមិនបានឃើញវត្តមាន សុខ ស្រីនាង ឡើងឆាកប្រគំតន្រ្តី ឬមានបទចម្រៀងថ្មីបំរើអារម្មណ៍មហាជនឡើយក្នុងរដូវកាលចូលឆ្នាំនេះ។
ទន្ទឹមនឹងការបាត់មុខរបស់ម្ចាស់បទ «ហត់ទេស្រលាញ់គេម្នាក់ឯង» រូបនេះក៏មានពាក្យចចាមអារ៉ាមថានាងកំពុងសាងជីវិតគ្រួសារជាថ្មីម្តងទៀត រួមទាំងមានពាក្យចចាមអារ៉ាមថា សុខ ស្រីនាង ស្ងាត់ពីសិល្បៈដោយសារពរពោះទៀតផង។
យ៉ាងណាមិញ ទាក់ទិននឹងពាក្យចាអារ៉ាមផ្សេងៗ តារាចម្រៀងមានទឹកដមសំឡេងស្រួយស្រេសរូបនេះពុំបញ្ចេញប្រតិកម្មតបតអ្វីច្រើនឡើង ដោយយូរៗម្តងនាងបង្ហោះរូបភាពនៅលើបណ្តាញសង្គមតែប៉ុណ្ណោះ។ បន្ថែមពីលើនេះ សុខ ស្រីនាង បានបង្ហោះរូបភាពជាច្រើនសន្លឹកពីភាពរីករាយរបស់ខ្លួននៅលើទឹកដីជប៉ុន ដោយមិនដឹងថា ពេលណាតារាស្រីរូបនេះវិលមកសិល្បៈវិញទេ។
គួរបញ្ជាក់ថា សុខ ស្រីនាង បានក្រសោបក្លាយជាគណៈកម្មការមួយរូបក្នុងកម្មវិធី Cambodian Idol Junior កាលពីឆ្នាំ២០១៩ និងមានឱកាសបានចាប់ដៃគូជាមួយកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ក្នុងបទចម្រៀងប្រភេទស្រីស្រលាញ់ស្រីផងដែរ៕











