ស្ដេចប្រ៊ុយណេប្រកាសដកហូតសិទ្ធិរាជវង្សពីបុត្រប្រសារស្រី ក្រោយរកឃើញរឿង «ខ្វះការគោរព» ព្រះចៅស៊ុលតង់ ហាស្សាណាល់ បុលគីយ៉ាស់ ចេញព្រះរាជក្រឹត្យកាត់កាលរាជគោរម្យងារ និងគ្រឿងឥស្សរិយយសទាំងអស់ពីព្រះនាង Raabi’atul Adawiyyah ជាបន្ទាន់។
_______
កក្រើកព្រះរាជវាំងព្រុយណេ! រឿងរ៉ាវអាថ៌កំបាំងដ៏រង្គោះរង្គើ និងកម្របំផុតបានផ្ទុះឡើងក្រោយព្រះចៅ ស៊ុលតង់ ហាស្សាណាល់ បុលគីយ៉ាស់ ព្រះមហាក្សត្រនៃប្រទេសប្រ៊ុយណេ បានប្រកាសចេញព្រះរាជក្រឹត្យដកហូតរាល់រាជគោរម្យងារ និងគ្រឿងឥស្សរិយយសទាំងអស់ពីបុត្រប្រសារស្រីរបស់ព្រះអង្គ គឺព្រះនាង Raabi’atul Adawiyyah ជាបន្ទាន់ ក្រោយរកឃើញថាព្រះនាងបានបង្ហាញនូវទង្វើខ្វះការគោរពយ៉ាងធ្ងន់ធ្ងរចំពោះព្រះមហាក្សត្រ។
.jpg)
យោងតាមការចុះផ្សាយផ្លូវការរបស់ទូរទស្សន៍ជាតិប្រ៊ុយណេ RTB រួមផ្សំនឹងរបាយការណ៍ស៊ើបអង្កេតរបស់ទស្សនាវដ្តីដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិក People Magazine បានលាតត្រដាងថា ព្រះរាជក្រឹត្យដកហូតងារដ៏គួរឱ្យភ្ញាក់ផ្អើលនេះ ត្រូវបានធ្វើឡើងតាំងពីថ្ងៃសៅរ៍ ទី៨ ខែសីហា ឆ្នាំ២០២៦ កន្លងទៅនេះម្ល៉េះ។ ព្រះនាង Raabi’atul Adawiyyah គឺជាមហេសីរបស់ព្រះអង្គម្ចាស់ Abdul Malik ដែលត្រូវជាបុត្រារបស់ព្រះចៅស៊ុលតង់។ អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ ព្រះស្វាមីរបស់ព្រះនាង បច្ចុប្បន្នគឺជាសមាជិកជាន់ខ្ពស់ដែលមានឋានៈជាអ្នកស្ថិតក្នុងលំដាប់ថ្នាក់ទី៤ នៃការបន្តរាជសម្បត្តិគ្រងរាជ្យ នៃប្រទេសប្រ៊ុយណេ ដែលធ្វើឱ្យរឿងរ៉ាវដកហូតងារនេះកាន់តែជះឥទ្ធិពលខ្លាំងដល់ស្ថិរភាពព្រះរាជវង្សានុវង្ស។.jpg)
ទោះជាយ៉ាងណា ជុំវិញដើមចមពិតប្រាកដដែលនាំឱ្យផ្ទុះរឿងរ៉ាវចម្រូងចម្រាសនៅក្នុងវាំងនេះ បច្ចុប្បន្នគឺនៅតែមានភាពស្រពិចស្រពិល និងអាថ៌កំបាំងនៅឡើយ ដោយសារព្រះរាជវាំងប្រ៊ុយណេមិនបានលាតត្រដាងលម្អិតអំពីទង្វើជាក់ស្តែងរបស់ព្រះនាងឡើយ។ ការិយាល័យព្រះរាជវាំងគ្រាន់តែប្រើប្រាស់ពាក្យគន្លឹះផ្លូវការថា ការសម្រេចចិត្តនេះធ្វើឡើងដោយសារតែព្រះនាងមានការប្រព្រឹត្តមិនសមរម្យ និងបានបង្ហាញនូវ «ការខ្វះការគោរពយ៉ាងធ្ងន់ធ្ងរ» ចំពោះព្រះចៅស៊ុលតង់ និងព្រះមហេសី។ គិតត្រឹមពេលនេះ ព្រះរាជវាំងគ្រាន់តែដកហូតងារ សិទ្ធិ និងលាភសក្ការៈជាសមាជិកវង្សានុវង្សរបស់ព្រះនាងប៉ុណ្ណោះ ប៉ុន្តែចំពោះស្ថានភាពអាពាហ៍ពិពាហ៍រវាងព្រះនាង និងព្រះអង្គម្ចាស់ Abdul Malik គឺមិនទាន់មានការបញ្ជាក់ពីការលែងលះគ្នាឡើយ។
.jpg)
ព្រះរាជក្រឹត្យដកហូតងារបុត្រប្រសារស្រីពីសំណាក់ព្រះចៅស៊ុលតង់ប្រ៊ុយណេនៅពេលនេះ គឺជាព្រឹត្តិការណ៍ដ៏កម្របំផុតមួយ ដែលឆ្លុះបញ្ចាំងពីវិន័យ និងការរក្សាកិត្តិយសដាច់ខាតនៅក្នុងរាជវង្សានុវង្ស។ ទោះបីជាព័ត៌មានលម្អិតនៅពីក្រោយខ្នងនៅតែជាអាថ៌កំបាំងបិទជិតក្តី ប៉ុន្តែវាបានក្លាយជាសារព្រមានការទូតដ៏មានទម្ងន់មួយនៅក្នុងវាំង ជុំវិញការរក្សាកិរិយាមារយាទ និងការគោរពចំពោះឋានានុក្រមរបស់ព្រះមហាក្សត្រ៕










