ប្រទេសថៃ ៖ នៅថ្ងៃទី១១ ខែមេសា លោក Don Pramutwinai រដ្ឋមន្ត្រីក្រសួងការបរទេសថៃបង្ហាញថា ក្រសួងការបរទេសបានរៀបចំកិច្ចប្រជុំដើម្បីដោះស្រាយបញ្ហាបរិយាកាសអាប់អួរជាមួយមន្ត្រីរដ្ឋាភិបាលថ្នាក់តំបន់ រួមទាំងមន្ត្រីជាន់ខ្ពស់រួចទៅហើយ ហើយនៅប្រទេសជិតខាង ក៏ប្រឈមនឹងបញ្ហាបរិយាកាសកខ្វក់ដូចគ្នាដែរ ។
រដ្ឋមន្ត្រីក្រសួងការបរទេសថៃបន្តថា ប្រទេសថៃបានចែករំលែកបទពិសោធន៍របស់ខ្លួនទៅកាន់ប្រទេសជិតខាង ពាក់ព័ន្ធនឹងរឿងការដុតចម្ការរបស់កសិករ ។ រីឯវិធានការមិនទទួលទិញផលិតផលបានមកពីការដុតចម្ការ គឺជាវិធានការរបស់ប្រទេសមួយចំនួនដែលបានអនុវត្តកាលពីពេលកន្លងមក ប៉ុន្តែប្រទេសថៃបានព្យាយាមរកវិធីដោះស្រាយបញ្ហានេះ ហើយរឿងទិញ ឬមិនទិញផលិតផលដោយសារការដុតចម្ការ វាជាដំណាក់កាលបន្តទៀត ។
ចំណែកករណីពលរដ្ឋថៃនាំគ្នាចុះហត្ថលេខាលើលិខិតមួយដើម្បីប្តឹងនាយករដ្ឋមន្ត្រីថៃ ខណៈរដ្ឋាភិបាលមិនអាចដោះស្រាយបញ្ហាបរិយាកាសកខ្វក់នេះ លោក Don Pramutwinai បញ្ជាក់ថា បញ្ហានេះកើតឡើងជាយូរមកហើយ ហើយវាជាបញ្ហាដែលរដ្ឋាភិបាលបានព្យាយាមដោះស្រាយជាបន្តបន្ទាប់ក្នុងអំឡុងការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ដែលធ្វើឱ្យថៃអាចកាត់បន្ថយបរិយាកាសកខ្វក់នៅពេលនេះ ប៉ុន្តែបច្ចុប្បន្ន ប្រទេសថៃត្រូវប្រឈមនឹងបរិយាកាសកខ្វក់ម្តងទៀត ។ លើសពីនេះ មិនមែនប្រទេសថៃតែមួយទេ ដែលត្រូវដោះស្រាយបញ្ហានេះ ប្រទេសជិតខាង ក៏ត្រូវដោះស្រាយដូចគ្នាដែរ ។ ដូច្នេះ យើងត្រូវរួមសហការគ្នាចាត់វិធានការរយៈពេលខ្លី និងរយៈពេលវែង ។
ចំពោះការសហការគ្នាដោះស្រាយបញ្ហាបរិយាកាសកខ្វក់ជាមួយប្រទេសជិតខាង លោក Don Pramutwinai ថ្លែងថា លោកបានពិភាក្សាជាមួយប្រទេសឡាវរួចហើយ ហើយលោកនឹងយកបញ្ហានេះទៅពិភាក្សាក្នុងកិច្ចប្រជុំតំបន់អាស៊ានផងដែរ ៕ ប្រភព ៖ beartaiBRIEF










