តារាសម្តែងចិន Gulinazha និងតារាហុងកុង Fiona Sit បានធ្វើឱ្យទស្សនិកជនមានការភ្ញាក់ផ្អើលមិនតិចនោះទេបន្ទាប់ពីបង្ហាញខ្លួនយ៉ាងស្រស់ស្អាតចូលរួមកម្មវិធីធំៗនៅប្រទេសចិនជាមួយនឹងឈុតប្រ៊េនកូនខ្មែរ។ នេះបង្ហាញថាស្នាដៃកូនខ្មែរកាន់តែរីកសាយភាយនៅលើទីផ្សាររបស់ចិនក្រោយពីតារាល្បីៗមួយចំនួនសម្រេចចិត្តជ្រើសរើសប្រ៊េនកូនខ្មែរក្នុងចំណោមប្រ៊េនលំដាប់ពិភពលោកជាច្រើន។

ដូចប្រិយមិត្តមួយចំនួនដែលតាមដានវិស័យម៉ូតជ្រាបមកហើយថាប្រ៊េនកូនខ្មែរមានឈ្មោះថា « ALmée Couture» កំពុងសាងភាពល្បីល្បាញទាំងក្នុងនិងក្រៅប្រទេសដោយតារាល្បីៗជាច្រើនរូបទាំងជាតិនិងអន្តរជាតិ កូនលំដាប់អភិជន បានជ្រើសរើសយកប្រ៊េនមួយនេះបានស្លៀកចូលរួមក្នុងកម្មវិធីជាច្រើន។ ជាក់ស្តែងថ្មីៗនេះទស្សនិកជនមានការចាប់អារម្មណ៍ម្តងទៀតបន្ទាប់ពីគេបានឃើញតារាសម្តែងចិន Gulinazha និងតារាហុងកុង Fiona Sit ជ្រើសរើសយកប្រ៊េននេះ។

តាមការបញ្ជាក់របស់ប្រ៊េន ALmée តារាចិន Gulinazha បានបង្ហាញខ្លួនយ៉ាងលេចធ្លោនៅក្នុងពិធីប្រគល់ពានរង្វាន់ Wenrong ឆ្នាំ២០២៦ ដោយស្លៀកឈុតមួយពីបណ្តុំម៉ូត «Le Jardin des Rêves»។ កម្មវិធីនេះគឺបានប្រព្រឹត្តទៅកាលពីរាត្រីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦។ Gulinazha គឺជាតួស្រីក្នុងរឿង «The Journey of Legend » ជាមួយតួឯកប្រុស Cheng Yi។ តារាស្រីវ័យ៣៤ឆ្នាំរូបនេះបានធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ជាច្រើនបន្ទាប់ពីបង្ហាញខ្លួនក្នុងឈុតដ៏ស្រស់ស្អាតនេះ។
មិនត្រឹមតែ Gulinazha ប៉ុណ្ណោះទេប៉ុន្តែទស្សនិកជនក៏បានឃើញតារាហុងកុង Fiona Sit ក៏បានជ្រើសរើសប្រ៊េន ALmée ដូចគ្នា។ នាងបានជ្រើសរើសម៉ូតមកពីបណ្តុំម៉ូត (Collection) «Le Jardin Des Rêves» ចូលរួមក្នុងកម្មវិធីដ៏ធំ VOGUE Forces of Fashion 2026 ដែលបានរៀបចំឡើងនៅទីក្រុងស៊ូចូវប្រទេសចិនកាលពីរាត្រីថ្ងៃទី២៣ ខែតុលា។

ការបង្ហាញខ្លួនរបស់តារាល្បីៗពីឈុតប្រ៊េនកូនខ្មែរមួយនេះកាន់តែធ្វើឱ្យអ្នកគាំទ្ររំភើបចិត្តយ៉ាងខ្លាំងពីព្រោះចំណុចរបត់នេះបាននាំឱ្យឈ្មោះរបស់ប្រ៊េនកូនខ្មែររីកសាយនៅក្នុងវិស័យម៉ូតលើឆាកអន្តរជាតិ។

សមិទ្ធិផលទាំងតារាសម្តែង Gulinazha, Fiona Sit រួមទាំងតារាចិន Ju Jingyi បង្ហាញខ្លួនក្នុងនាមជាអ្នកនាំពាក្យ Super Members VIP និង Landy Li ស្លៀកចូលរួមព្រឹត្តិការណ៍ប្រចាំឆ្នាំ «Scream Night» នៃវេទិកា iQiYi រួមទាំងចិនផ្សេងទៀតដែលបានជ្រើសរើសប្រ៊េននេះបង្ហាញថាកេរ្តិ៍ឈ្មោះរបស់ខ្មែរ ទឹកដៃរបស់ខ្មែរមិនចាញ់ប្រ៊េនល្បីៗផ្សេងទៀតឡើយ៕










