ប្រទេសកូឡុំប៊ី ៖ ប្រធានាធិបតីកូឡុំប៊ីបានជំរុញឱ្យពលរដ្ឋចំនួន២.៥០០គ្រួសារប្រញាប់ចាកចេញឱ្យបានឆាប់បំផុតមុននឹងភ្នំភ្លើងផ្ទុះ ប៉ុន្តែពលរដ្ឋដែលធ្លាប់បានរួចជីវិតពីគ្រោះថ្នាក់ភ្នំភ្លើងផ្ទុះកាលពី៤០ឆ្នាំមុនមិនព្រមចាកចេញទេ ហើយនិយាយថា ពួកគេមិនខ្លាចឡើយ ។

ប្រធានាធិបតីកូឡុំប៊ី លោក Gustavo Petro បានសំណូមពរទៅកាន់ពលរដ្ឋប្រញាប់ចាកចេញឱ្យបានឆាប់បំផុត មុននឹងភ្នំភ្លើង Nevada Del Ruiz ផ្ទុះឡើង ក្រោយពីរដ្ឋាភិបាលប្រទេសនេះបានបញ្ជាឱ្យជម្លៀសពលរដ្ឋចំនួន២.៥០០គ្រួសារដែលស្នាក់នៅក្បែរភ្នំភ្លើងបំផុត ។ រដ្ឋាភិបាលបានប្រកាសពីការផ្ទុះភ្នំភ្លើងដោយផ្តល់សញ្ញាពណ៌ទឹកក្រូច មានន័យថា ភ្នំភ្លើងអាចនឹងផ្ទុះឡើងឆាប់ៗនេះ ឬផ្ទុះនៅសប្តាហ៍ក្រោយ ។

ចំណែកភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិកូឡុំប៊ីដាស់តឿនថា ពលរដ្ឋចំនួន៥៧.០០០នាក់រស់នៅក្នុងខេត្តចំនួន៦ នឹងរងផលប៉ះពាល់ដោយសារភ្នំភ្លើងផ្ទុះ ។ ប៉ុន្តែពលរដ្ឋជាច្រើននាក់ដែលពួកគេធ្លាប់រួចជីវិត ខណៈភ្នំភ្លើងនេះបានផ្ទុះខ្លាំងក្លាកាលពីឆ្នាំ១៩៨៥ ឬកាលពី៤០ឆ្នាំមុន មិនព្រមបោះបង់ផ្ទះសម្បែងរបស់ខ្លួន ហើយនិយាយថា មិនខ្លាចទេ ព្រោះពួកគេធ្លាប់ឆ្លងកាត់អស់ហើយ ។

កសិករដាំដំឡូងម្នាក់ និងបានរួចជីវិតពីគ្រោះថ្នាក់ដោយសារភ្នំភ្លើងផ្ទុះកាលពីឆ្នាំ១៩៨៥ ប្រាប់ថា អ្វីប្រុងនឹងកើតឡើង ក៏ឱ្យវាកើតចុះ បើភ្នំភ្លើងនឹងផ្ទុះ ឱ្យវាផ្ទុះចុះ ។ ក្រុមគ្រួសាររបស់គាត់មានសមាជិក៧នាក់ គឺឪពុកម្តាយ និងកូន៥នាក់ធ្លាប់បានរួចខ្លួនពីគ្រោះថ្នាក់ដោយសារភ្នំភ្លើងផ្ទុះកាលពីមុន ខណៈពេលនោះ មានអ្នកស្លាប់ជាច្រើនម៉ឺននាក់ ។

ហេតុផលដែលពលរដ្ឋមិនព្រមជម្លៀសចេញដោយសារពួកគេបារម្ភពីសត្វចិញ្ចឹម ព្រោះមានសារសំខាន់យ៉ាងខ្លាំងសម្រាប់ជីវិតអ្នកនៅជនបទ ។ មន្ត្រីគ្រោះមហន្តរាយពិបាកស្វែងរកវិធីជួយពលរដ្ឋ ដោយត្រូវជម្លៀសសត្វព្រមជាមួយម្ចាស់ ឬអាចអនុញ្ញាតឱ្យពលរដ្ឋទៅមើលផ្ទះពួកគេនៅពេលថ្ងៃ និងថែទាំសត្វចិញ្ចឹម ។

រដ្ឋាភិបាលកូឡុំប៊ីបានព្យាយាមជម្លៀសពលរដ្ឋឱ្យបានឆាប់ព្រោះខ្លាចថា បើមានហេតុការណ៍ផ្ទុះភ្នំភ្លើង ពួកគេនឹងជម្លៀសមិនទាន់ពេលវេលា ព្រោះផ្លូវនៅតាមតំបន់ជនបទ និងការទំនាក់ទំនងនានាមានការខ្វះខាត ដែលពិបាកផ្តល់ដំណឹងពីមហន្តរាយនេះ ។ គួរបញ្ជាក់ថា កូឡុំប៊ី គឺជាប្រទេសមួយស្ថិតក្នុងតំបន់អាមេរិកខាងត្បូង ។

តាមទិន្នន័យពីស្ថាប័ន Smithsonian បញ្ជាក់ថា ភ្នំភ្លើង Nevada Del Ruiz ធ្លាប់បានផ្ទុះខ្លាំងក្លាបំផុតនៅឆ្នាំ១៩៨៥ ដែលបណ្តាលឱ្យពលរដ្ឋស្លាប់ជាង២៥.០០០នាក់ ។ វាបានក្លាយជាគ្រោះមហន្តរាយធម្មជាតិមួយដែលមានអ្នកស្លាប់ច្រើនបំផុតនៅប្រទេសកូឡុំប៊ី និងស្ថិតនៅលំដាប់ទី៤ ក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ៕ ប្រភព ៖ TNN World