នៅយប់ថ្ងៃទី៧ ខែមេសា ផលិតកម្ម បារមី បានទម្លាក់បទថ្មីមួយបទមានចំណងជើងថា «កំលោះស្រុកខ្មែរ» ពីតារាចម្រៀងរ៉េប វណ្ណដា និង វណ្ណថាន ហើយបទនេះកំពុងផ្ទុះការគាំទ្រខ្លាំងពីសំណាក់មហាជនរហូតពោលថាចូលឆ្នាំខ្មែរនេះដឹងតែរាំបទនេះហ៊ុយដីហើយ។
២០២៣ ផលិតកម្ម «បារមី» បានទម្លាក់បទសម្រាប់ចូលឆ្នាំខ្មែរជាបន្តបន្ទាប់ សូម្បីតែ CEO កញ្ញា ឡូរ៉ា ម៉ម ដែលខានបញ្ចេញសំនៀងយូរមកហើយក៏បានចូលរួមច្រៀងផងដែរ ធ្វើឱ្យអ្នកគាំទ្របង្ហាញអារម្មណ៍សប្បាយចិត្តពន់ពេក។
អ្វីដែលកាន់តែធ្វើឱ្យមហាជនចាប់អារម្មណ៍ខ្លាំង ចែកចាយពេញបណ្តាញសង្គមនោះគឺបទ «កំលោះស្រុកខ្មែរ» ដែលតារាចម្រៀងពីររូបច្រៀងរួមគ្នាគឺ វណ្ណដា និង វណ្ណថាន ទម្លាក់កាលពីយប់មិញនេះ ផ្ទុះការគាំទ្រមិនធម្មតា។ ក្នុងនោះអ្នកលេងបណ្តាញសង្គមបានលើកឡើងថា បទថ្មីនេះទុករាំចូលឆ្នាំដឹងតែកប់ម៉ង ដោយសារតែភ្លេងពីរោះខ្លាំងលាយឡំជាមួយឧបករណ៍ភ្លេងខ្មែរ ថែមទាំងមានឃ្លារ៉េបនៅក្នុងបទចម្រៀងផងដែរ។
អ្នកលេងបណ្តាញសង្គមបានចូលខំមិនថា «បទនេះពីរោះប្លែក , The Best ម៉ង , រសជាតិថ្មីស្រឡាង» អ្នកខ្លះទៀតលើកឡើងថា ចូលឆ្នាំដាក់បទនេះដឹងតែរាំហ៊ុយដីហើយ។
មិនត្រឹមតែបទ «កំលោះស្រុកខ្មែរ» ពី វណ្ណដា និង វណ្ណថាន ទទួលបានការគាំទ្រប៉ុណ្ណោះទេ ងាកទៅបទផ្សេងរបស់ផលិតកម្ម បារមី ដើម្បីអបអរចូលឆ្នាំខ្មែរមានដូចជា «ក្រមុំបារមី» ពី កញ្ញា ឡូរ៉ា ម៉ម , កៅ សុភា , ស៊ី រីកា និងបទ «សង្រ្កាន្ត Jersey» ពីក្រុម Polarix – ប៉ូឡារិច ទទួលបានការគាំទ្រមិនធម្មតាដូចគ្នា៕










