Home ព័ត៌មានអន្តរជាតិ ហេតុអ្វីបានជាចិនបញ្ជូននាវាផ្ទុកយន្តហោះត្រៀមធ្វើសមយុទ្ធក្បែរកោះតៃវ៉ាន់?

ហេតុអ្វីបានជាចិនបញ្ជូននាវាផ្ទុកយន្តហោះត្រៀមធ្វើសមយុទ្ធក្បែរកោះតៃវ៉ាន់?

83
0

ប្រទេសចិន ៖ ចិនបានបញ្ជូននាវាផ្ទុកយន្តហោះរបស់ខ្លួនត្រៀមធ្វើសមយុទ្ធនៅក្បែរកោះតៃវ៉ាន់ ខណៈស្ថានការណ៍បច្ចុប្បន្នកាន់តែតានតឹង ក្រោយពីប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen បានជួបជាមួយលោក Kevin McCarthy ប្រធានសភាតំណាងរាស្ត្រអាមេរិក កាលពីថ្ងៃទី៥ ខែមេសា ។ ការជួបគ្នារវាងមេដឹកនាំតៃវ៉ាន់ និងអាមេរិក បានធ្វើឱ្យប្រទេសចិនមិនពេញចិត្តយ៉ាងខ្លាំង ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCXCCdDoUbiU_gcrX21Hu7GGxMKjeqQKQ0gZ_lujj_e-eiJNDZDrhy1QzyS9SZhf_6dYXU1-2MgbotHq53Mo8Il6lgFPoG2jshPClzCEbR4WGmg39ijfDFIF5YQ2C8Hqsdnpx-7X_4y4pBUtzJ8h-OaBrNGu7Mb13pb21JsC8UdKawXVBbTefj7sn1Ag/s1280/2023-04-07%2022.05.49.jpg

រដ្ឋមន្ត្រីក្រសួងការពារជាតិតៃវ៉ាន់លើកឡើងថា នាវាផ្ទុកយន្តហោះ Shandong របស់ចិន ស្ថិតនៅឆ្ងាយពីឆ្នេរសមុទ្រតៃវ៉ាន់ប្រមាណ៣៧០គីឡូម៉ែត្រ ហើយនាវាផ្ទុកយន្តហោះ Shandong ជានាវាមួយគ្រឿងដែលធ្វើឡើងដំបូងគេនៅប្រទេសចិន ។ កាលពីថ្ងៃទី៤ ខែមេសា នាវានេះបានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Bashi ស្ថិតនៅភាគខាងត្បូងតៃវ៉ាន់ ហើយធ្វើដំណើរមកកាន់មហាសមុទ្រប៉ាស៊ីហ្វិក អមដោយនាវាជាច្រើនគ្រឿងទៀតរបស់កងទ័ពជើងទឹកចិន ។

សារព័ត៌មាន Global Times បញ្ជាក់ថា ការចល័តកងទ័ពជើងទឹករបស់ចិននេះឆ្លុះបញ្ចាំងឱ្យឃើញថា ចិនបានត្រៀមខ្លួនរួចជាស្រចសម្រាប់ធ្វើប្រតិបត្តិការនៅតាមសមុទ្រឆ្ងាយៗ ដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់ខ្លួន ។ នាពេលថ្មីៗនេះ កងទ័ពចិនទទួលបានបទបញ្ជាឱ្យធ្វើសមយុទ្ធយ៉ាងខ្លាំងក្លាទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg52TkRhkhgXUuaFWpFKSVd1Bb4Ezs_y1xlo-BCxZeVJevXsZHCr2P1dNdejv6O4QNX12UvaaCk4fd4U82KdY75igGoYfYHeKiej6HbDI6CSUkvUYM_43WxCFh-iBs110OfE4QrQ7v9cQp_Mbtd0WAp-RjGoy7beDB0xeKTXzmM7KS7vCJRcRe6Z1LrGQ/s800/2023-04-07%2022.05.55.jpg

ការជួបពិភាក្សាគ្នាជាប្រវត្តិសាស្ត្ររវាងមេដឹកនាំតៃវ៉ាន់ និងមន្ត្រីជាន់ខ្ពស់អាមេរិក លោក Kevin McCarthy បានបញ្ជាក់ថា លោកស្រី Tsai Ing-wen ជាមិត្តភក្តិម្នាក់ក្នុងចំណោមមិត្តភក្តិជិតស្និទ្ធរបស់អាមេរិក ។ ចំណែកលោកស្រី Tsai Ing-wen ក៏បានថ្លែងអំណរគុណអាមេរិកថា ៖ «ការគាំទ្រតៃវ៉ាន់មិនប្រែប្រួលរបស់អាមេរិក គឺបានជួយបង្កើតទំនុកចិត្តដល់ពលរដ្ឋតៃវ៉ាន់ ។ ពួកយើងមិនមែននៅតែឯង និងឯកោទេ ប៉ុន្តែពួកយើងនឹងកាន់តែរឹងមាំនៅពេលបានសហការគ្នាជាមួយអាមេរិក» ។

ចំណែកប្រទេសចិនវិញបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសភ្លាមៗថា តៃវ៉ាន់គឺជាខ្សែបន្ទាត់ក្រហមដែលអាមេរិកគ្មានសិទ្ធិឆ្លងកាត់ ហើយចិនដាស់តឿនថា ខ្លួននឹងចាត់វិធានការយ៉ាងខ្លាំងក្លាវិញ ដើម្បីឆ្លើយតបនឹងការជួបគ្នារវាងលោកស្រី Tsai Ing-wen និងលោក Kevin McCarthy លើកនេះ ។ រីឯក្រសួងការពារជាតិតៃវ៉ាន់នឹងរង់ចាំតាមដានស្ថានការណ៍ខុសប្រក្រតីនៅច្រកសមុទ្រតៃវ៉ាន់ ៕ ប្រភព ៖ The standardth