ប្រទេសវៀតណាម ៖ នាយកដ្ឋានស្ថិតិប្រជាជន និងការងារវៀតណាមបានបញ្ជាក់ថា នៅក្នុងខែមេសា ឆ្នាំ២០២៣នេះ ប្រទេសវៀតណាមនឹងទទួលស្វាគមន៍ពលរដ្ឋទី១០០លាននាក់របស់ខ្លួន ។

ស្របពេលមានការប្រកួតប្រជែងសេដ្ឋកិច្ចលើពិភពលោក ប្រទេសទាំងអស់មើលឃើញថា ពលរដ្ឋជាកម្លាំងពលកម្មដ៏សំខាន់បំផុតដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែង ។ ដូច្នេះ ការកើតរបស់ពលរដ្ឋលើកទី១០០លាននាក់ គឺចាត់ទុកថា ជាហេតុការណ៍សំខាន់មួយគួរឱ្យចងចាំរបស់វៀតណាម ។ កំណើនចំនួនពលរដ្ឋបានធ្វើឱ្យទីផ្សារអ្នកប្រើប្រាស់ក្នុងប្រទេសវៀតណាមកើនតែរីកធំ ។ លើសពីនេះ កម្លាំងពលកម្មមានជំនាញក៏កើនឡើងផងដែរ ហើយវៀតណាមបានក្លាយជាប្រទេសគួរឱ្យចាប់អារម្មណ៍ជាងមុនក្នុងការទាក់ទាញការវិនិយោគពីក្រៅប្រទេស ។
ក្រៅពីនេះ នៅពេលវៀតណាមមានពលរដ្ឋចំនួន១០០លាននាក់ មានគោលនយោបាយលើកកម្ពស់ការវិនិយោគ និងការអភិវឌ្ឍផ្សេងៗ ស្ថានភាពនយោបាយមានស្ថេរភាព និងមានវប្បធម៌ប្រកបដោយអត្តសញ្ញាណជាតិ បានធ្វើឱ្យវៀតណាមក្លាយជាប្រទេសមួយគួរឱ្យចាប់អារម្មណ៍ក្នុងក្រសែភ្នែកវិនិយោគិនបរទេស ។

ទោះយ៉ាងណា ការកែលម្អសន្តិសុខស្បៀង និងថាមពល ការយកចិត្តទុកដាក់នឹងបរិស្ថាន ក៏ដូចជាការផ្តល់ការអប់រំ និងថែទាំសុខភាពឱ្យមានប្រសិទ្ធភាពដល់ពលរដ្ឋចំនួន១០០លាននាក់ វានៅតែជាបញ្ហាប្រឈមដ៏ធំសម្រាប់វៀតណាម ។ លើសពីនេះ វៀតណាមក៏កំពុងប្រឈមនឹងសង្គមមនុស្សចាស់នៅឆ្នាំ២០៣៥ ផងដែរ ខណៈពលរដ្ឋប្រមាណ១៥% នឹងមានអាយុលើសពី៦៥ឆ្នាំ ។
វៀតណាមនឹងក្លាយជាប្រទេសមួយក្នុងចំណោម១៥ប្រទេសនៅលើពិភពលោក ហើយជាប្រទេស១ ក្នុងចំណោម ៣ប្រទេសរបស់តំបន់អាស៊ីអាគ្នេយ៍ ដែលមានពលរដ្ឋរហូតដល់១០០លាននាក់ ឬច្រើនជាងនេះ ៕ ប្រភព ៖ AEC connect










