មហាជនភាគច្រើនស្គាល់មកហើយថា ទុំ សុវត្ថិ ជាតារាចម្រៀងម្នាក់ដែលទទួលបានការអាណិត និងស្រលាញ់ចូលចិត្តច្រើន ក្រោយពីធ្លាក់នៅក្នុងកម្មវិធីលំដាប់ពិភពលោក Cambodian Idol រដូវកាលទី៤ ព្រមទាំងទទួលបានការសណ្តោសប្រណីពីថ្នាក់ដឹកនាំផងដែរ។
យ៉ាងណា បន្ទាប់ពីធ្លាក់ពីកម្មវិធីប្រលងចម្រៀង ទុំ សុវត្ថិ ទទួលបានការងារសិល្បៈជាហូរហែ ក្លាយជាទូតសុឆន្ទៈ ឱ្យម៉ាកទូរសព្ទមួយ រួមទាំងលេចមុខតាមកម្មវិធីច្រើនគួរឱ្យកត់សម្គាល់។ ដ្បិត កន្លងមកការងារសិល្បៈរបស់អតីតបេក្ខជនរូបនេះមានភាពមាញឹកតែគេសង្កេតឃើញថាលោកនៅមិនទាន់រកទ្រនំកក់ក្តៅសម្រាប់ខ្លួននៅឡើយទេ ទើបតែកាលពីយប់ថ្ងៃទី៦ ខែមេសា គេឃើញ ទុំ សុវត្ថិ លេចមុខនៅក្នុងផលិតកម្ម សាន់ដេ ។
ទន្ទឹមនឹងការលេចវត្តមានក្នុងផលិតកម្មនេះ ទុំ សុវត្ថិ បានផ្តល់បទចម្រៀងមួយបទមានចំណងជើងថា «ស្រឡាញ់អូនតាំងពីសក់ក្រញ៉ាញ់ដល់សក់ត្រង់ » ដល់អ្នកគាំទ្រដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរផងដែរ។ បន្ថែមពីលើនេះ តារាចម្រៀងមានដើមកំណើតមកពីខេត្តស្ទឹងត្រែងរូបនេះបានសរសេរថា «បទចម្រៀងដំបូងរបស់ខ្ញុំ ដែលបានចេញក្នុងផលិតកម្មសាន់ដេ កុំភ្លេចជួយគាំទ្រផង» រួមទាំងសំណូមពរឱ្យមហាជនផ្តល់ជាមតិយោបល់ទៅលើបទចម្រៀងថ្មីនេះដើម្បីអាចកែតម្រូវវីដេអូចម្រៀងបន្ទាប់របស់លោកឱ្យបានល្អបន្ថែមទៀត ។
ងាកទៅកាន់អ្នកគាំទ្រវិញ បន្ទាប់ពីឃើញវត្តមាន ទុំ សុវត្ថិ ជ្រកក្នុងទ្រនំសាន់ដេ បានសម្រុកចូលខំមិនអបអរសាទរ និងជូនពរឱ្យលោកកាន់តែជោគជ័យលើវិថីសិល្បៈដោយមិនភ្លេចសរសើរថាបទថ្មីខាងលើនេះពីរោះ។
គួរបញ្ជាក់ផងដែរថា មុនពេល ទុំ សុវត្ថិ លេចមុខនៅក្នុងផលិតកម្មសាន់ដេ លោកធ្លាប់បានចេញបទចម្រៀងមានចំណងជើងថា «ឈឺទេពេលឮពេញត្រចៀក» និងបទ «បានត្រឹមគិតម្នាក់ឯង«។










