ក្រសួងធនធានទឹកបានឱ្យដឹងថានៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ មានភ្លៀងធ្លាក់លាយឡំនិងខ្យល់កន្ត្រាក់ បណ្តាលឱ្យប៉ះពាល់ដល់ចំនួន ០៦ស្រុក , ០៦ឃុំ និង ០៣សង្កាត់នៅខេត្តសៀមរាប។
បើតាមព័ត៌មានបឋមបានឱ្យដឹងទៀតថា ភ្លៀងធ្លាក់លាយឡំខ្យល់កន្រ្តាក់នេះបានប៉ើងតូបតាមមាត់ស្ទឹងប្រមាណ៣០តូប និងផ្ទះរបើកដំបូលចំនួន ១៥ខ្នង និងដួលរលំចំនួន ០៣ខ្នង ស្ថិតនៅស្រុកប្រាសាទបាគង ក្រុងសៀមរាប ស្រុកពួក ស្រុកក្រឡាញ់ និងស្រុកអង្គរជុំ ខេត្តសៀមរាប។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៩ ខែមីនា កន្លងមកនេះនៅខេត្តសៀមរាបមានហេតុការណ៍ដ៏សែនរន្ធត់មួយ ដោយសារភ្លៀងធ្លាក់ខ្លាំងលាយឡំ ខ្យល់កន្រ្តាក់ បណ្តាលឱ្យមនុស្សម្នាក់បាត់បង់ជីវិត និងរបួសធ្ងន់ម្នាក់ ដោយសារធ្លាក់ផ្ទាំងប៉ាណូ និងប៉ើងបាក់វេទិកា គ្រឿងតុបតែងលម្អខូចខាតខ្ទេចខ្ទី បន្សល់ត្រឹមភាពសោកស្តាយ។
គ្រោះធម្មជាតិដែលបានកើតឡើងនៅខេត្តសៀមរាបពីរលើកនេះបានធ្វើឱ្យមហាជនពោលពាក្យសោកស្តាយព្រមទាំងនិយាយថាឆ្នាំនេះសៀមរាបកាចណាស់ ខណៈព្រឹត្តិការណ៍អង្គរសង្រ្កាន្តកាន់តែជិតមកដល់ កន្លែងមួយចំនួនដែលត្រៀមរៀបចំស្វាគមន៍ភ្ញៀវទេសចរជាតិ-អន្តរជាតិត្រូវរងការខូចខាត៕










