បទ «ខ្សែចង្កេះ» របស់តារាចម្រៀង តេវ រងពាក្យរិះគន់ពីអ្នកលេងបណ្តាញសង្គម
ក្នុងឱកាសចូលឆ្នាំខ្មែរ ផលិតកម្មសាន់ដេ បានបញ្ចេញចម្រៀងជាបន្តបន្ទាប់ ក្នុងនោះបទចម្រៀងមួយបទមានចំណងជើងថា «ខ្សែចង្កេះ» ពីតារាចម្រៀង តេវ កំពុងរងពាក្យរិះគន់ពីអ្នកលេងបណ្តាញសង្គមហ្វេកប៊ុក។

ប្រិយមិត្តមួយចំនួនអាចស្គាល់ តេវ នៅក្នុងវីដេអូបែបកំប្លែង តែលោកក៏ជាតារាចម្រៀងមួយរូបជ្រកក្រោមដំបូលតែមួយជាមួយតារាចម្រៀង សុខ ពិសី , ឆាយ វីរៈយុទ្ធ រួមជាមួយតារាចម្រៀងផ្សេងទៀតនោះគឺជាផលិតកម្មសាន់ដេ។ ដ្បិតកន្លងមក តារាចម្រៀង តេវ បានបញ្ចេញបទផ្ទាល់ខ្លួនក្តី ប៉ុន្តែសន្ធឹកនៃការគាំទ្រនៅមានកម្រិតនៅឡើយ។
យ៉ាងណាមិញ នាយប់ថ្ងៃទី៥ ខែមេសា ផលិតកម្មសាន់ដេ បានបញ្ចេញបទចម្រៀងថ្មីមួយមានចំណងជើងថា «ខ្សែចង្កេះ» បកស្រាយដោយ តេវ ជាបទអបអរក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ។ អ្វីដែលនឹកស្មានមិនដល់នោះ បទចម្រៀងថ្មីរបស់ តេវ មួយបទនេះកំពុងរងពាក្យរិះគន់ពីអ្នកលេងបណ្តាញសង្គមហ្វេកប៊ុកដោយបានពួកគេបានចូលទៅខំមិនក្នុងផេកសាន់ដេយ៉ាងច្រើន។

អ្នកលើកបណ្តាញសង្គមបានលើកឡើងថា «មិនដឹងជាបទស្អីទេ ,បទចឹងលុបចោលទៅ អត់ចូលភ្លេង ភ្លេងលេងមិនស៊ីជាមួយតុងចម្រៀង, បទនេះស្តាប់ទៅដឹងពីរោះត្រង់ណាទេ ដូចគេច្រៀងលេងចឹងអត់ន័យ, ភ្លេងហើយសំឡេងទៅផ្សេងគ្នា,» អ្នកខ្លះទៀតបានលើកឡើងទៀតថា «ចប់ហើយ, រកកន្លែងឡូយអត់ឃើញ , សំឡេងតេវស្រាលនៅមានកម្រិត ធ្វើមិចបើគ្នាស្រលាញ់ខាងចម្រៀងគ្រាន់តែគ្នាច្រៀងមិនបានពីរោះ រួមទាំងការខំមិនជាច្រើនទៀត»។ ទន្ទឹមនឹងពាក្យរិះគន់នោះ ក៏មានអ្នកគាំទ្រមួយចំនួនបានលើកទឹកចិត្តទៅដល់ តេវ ផងដែរ។

គួរបញ្ជាក់ថា តេវ បានបញ្ចេញបទដូចជា «ស្ទាវទាត់ខ្យល់» ,«ចង់នាំអូនទៅនៅភពផ្កាយ» «មនុស្សប្រុសក៏ចេះយំ» ,«ជិះទូកទៅវត្ត» និងបទ« ធម្មជាតិ១០០%» ជាដើមនៅក្នុងផលិតកម្មសាន់ដេ៕














