Home ព័ត៌មានអន្តរជាតិ ពលរដ្ឋជប៉ុនមួយចំនួនមិនចង់ចូលរួមជាមួយការងារសង្គមខាងក្រៅ

ពលរដ្ឋជប៉ុនមួយចំនួនមិនចង់ចូលរួមជាមួយការងារសង្គមខាងក្រៅ

48
0

ប្រទេសជប៉ុន ៖ ការិយាល័យខុទ្ទកាល័យជប៉ុនបានរាយការណ៍ពីលទ្ធផលស្ទង់មតិចុងក្រោយបង្អស់ថា មានពលរដ្ឋក្នុងវ័យធ្វើការជិត១,៥លាននាក់ស្ថិតនៅក្នុងក្រុម Hikikomori ឬក្រុមចូលចិត្តនៅដាច់ដោយឡែកពីសង្គម ។ ពួកគេភាគច្រើនបានសម្ងំនៅក្នុងផ្ទះ ឬបន្ទប់តែម្នាក់ឯង ហើយមិនចេញទៅក្រៅផ្ទះទេ លើកលែងតែត្រូវចេញទៅទិញម្ហូបអាហារ ឬរបស់របរប្រើប្រាស់ចាំបាច់ប៉ុណ្ណោះ ។វាជាការស្ទង់មតិជាផ្លូវការលើកដំបូងអំពីកំណើនក្រុមមនុស្សចូលចិត្តនៅដាច់ដោយឡែកពីគេ និងបានធ្វើឱ្យប៉ះពាល់ដល់សង្គមប្រទេសជប៉ុនកាន់តែខ្លាំងឡើង ដែលមានចាប់ពីក្រុមយុវវ័យ រហូតដល់ក្រុមមនុស្សចាស់ ។

ការស្ទង់មតិរកឃើញថា មានពលរដ្ឋជប៉ុនអាយុចាប់ពី១៥ឆ្នាំ ទៅ៦៤ឆ្នាំ ស្មើប្រមាណ១,៤៦លាននាក់ ឬស្មើ២% ចូលចិត្តនៅតែឯង និងមិនចង់ចូលរួមជាមួយសង្គមខាងក្រៅ ។ ពួកគេភាគច្រើនឆ្លើយថា ពួកគេជ្រើសរើសរស់នៅបែបនេះដោយសារបានលាឈប់ពីការងារ ហើយមនុស្សម្នាក់ក្នុងចំណោម៥នាក់និយាយថា ការមិនចង់ចូលរួមជាមួយសង្គមខាងក្រៅ ដោយសារតែការឆ្លងរាតត្បាតនៃជំងឺកូវីដនាពេលកន្លងមក ។

ការរស់នៅដាច់ដោយឡែកពីសង្គមរបស់ក្រុម Hikikomori គឺមានហេតុផលជាច្រើនដូចជា គ្មានការងារធ្វើ ជំងឺធ្លាក់ទឹកចិត្ត ត្រូវគេធ្វើបាបក្នុងសាលារៀន ឬកន្លែងធ្វើការ ខណៈអ្នកខ្លះទៀតបាននៅដាច់តែឯងគ្រប់ពេលវេលា ហើយមិនចង់ចេញពីផ្ទះឡើយ ។

ទោះយ៉ាងណា លទ្ធផលការស្ទង់មតិនេះជាទិន្នន័យថ្មីមួយ ដើម្បីគេអាចប្រៀបធៀបជាមួយទិន្នន័យចាស់ថា មានពលរដ្ឋជប៉ុនស្ថិតនៅក្នុងក្រុម Hikikomori កើនឡើង ឬធ្លាក់ចុះច្រើនប៉ុនណា ៕

 

ប្រភព ៖ The standard