Home ព័ត៌មានអន្តរជាតិ តើនាយករដ្ឋមន្រ្ដីជប៉ុន ប្រើប្រាស់មធ្យោបាយបែបណា ធ្វើដំណើរទៅកាន់អ៊ុយក្រែន?

តើនាយករដ្ឋមន្រ្ដីជប៉ុន ប្រើប្រាស់មធ្យោបាយបែបណា ធ្វើដំណើរទៅកាន់អ៊ុយក្រែន?

80
0

រដ្ឋធានីកៀវ៖ ស្របពេលប្រធានាធិបតីចិន កំពុងតែស្ថិតក្នុងរដ្ឋធានីមូស្គូ ជួបពិភាក្សា និង ចុះហត្ថលេខាលើភពជាដៃគូយុទ្ធសាស្រ្ដ ជាមួយនឹងសមភាគីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន នោះ លោកនាយករដ្ឋមន្រ្ដីជប៉ុន បានធ្វើដំណើរទៅជួបមេដឹកនាំអ៊ុយក្រែន ដោយការបំភាន់យន្ដហោះធ្វើដំណើរ និង ទិសដៅ មុននឹងធ្វើដំណើរតាមរថភ្លើង ទៅដល់រដ្ឋធានីកៀវ។

Kishida, Japanese Prime Minister, makes surprise visit to Ukraine to meet Zelensky | CNN

សារព័ត៌មាន The Japan Times បានចេញផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី២២ ខែមីនា ឆ្នាំ២០២៣ ថា ក្រោយពេលលោក ហ៊្វូមីអូ គីស៊ីដា (Fumio Kishida) នាយករដ្ឋមន្រ្ដីជប៉ុន បានចាកចេញពីប្រទេសឥណ្ឌា នោះមក យន្ដហោះរបស់គាត់ បានចុះចតយន្ដហោះ នៅក្នុងប្រទេសប៉ូឡូញ មុននឹងបន្ដដំណើរតាមរថភ្លើង ទៅដល់រដ្ឋធានីកៀវ នៅរសៀល ថ្ងៃអង្គារ វេលានៅក្នុងតំបន់ ដើម្បីជួបជាមួយនឹងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy)។ ដំណើរបំពេញទស្សនកិច្ចដ៏កម្រ និង មិនបានប្រកាសជាមុននេះរបស់លោក គីស៊ីដា បានគូសបញ្ជាក់ អំពីការគាំទ្ររបស់ជប៉ុន ដល់ប្រទេសអឺរ៉ុបមួយនេះ ដែលកំពុងតែប្រឈមមុខនឹងការបន្ដលុកលុយរបស់រុស្ស៊ី។

Ukraine updates: Japan PM Kishida offers support to Kyiv – DW – 03/21/2023

នៅក្នុងជំនួប នៅកណ្ដាលរដ្ឋធានីកៀវ មេដឹកនាំអ៊ុយក្រែន បានហៅគាត់ «ជាអ្នកការពារសណ្តាប់ធ្នាប់អន្តរជាតិដ៏មានឥទ្ធិពលយ៉ាងពិតប្រាកដ និង ជាមិត្តដ៏យូរលង់»របស់ប្រទេសអ៊ុយក្រែន។ លោកនាយករដ្ឋមន្រ្ដីជប៉ុន បានក្លាយជាមេដឹកនាំចុងក្រោយរបស់ក្រុមប្រទេស G7 បានធ្វើដំណើរទៅកាន់ជួបប្រធានាធិបតីអ៊ុយក្រែន ហើយលោក ហ្សេឡែនស្គី បានអះអាង ថា  គាត់នឹងចូលកិច្ចប្រជុំកំពូលរបស់ G7 នៅក្នុងខែឧសភា នៅក្នុងទីក្រុងហ៊ីរ៉ូស៊ីម៉ា (Hiroshima) តាមវីដេអូលីង ក្រោយពេលលោក គីស៊ីដា បានអញ្ជើញ ខណៈជប៉ុន ធ្វើជាប្រធាន G7 នៅឆ្នាំ២០២៣នេះ។

លោកនាយករដ្ឋមន្រ្ដីជប៉ុន បានបញ្ជាក់ ថា ទឹកប្រាក់ចំនួន ៣០លានដុល្លារ នឹងត្រូវផ្ដល់ជំនួយយោធាមិនមានគ្រោះថ្នាក់ ដល់អ៊ុយក្រែន តាមរយៈមូលនិធិរបស់អង្គការណាតូ។ ជាមួយគ្នានេះ ជប៉ុន ដែលមានគោលការណ៍ណែនាំយ៉ាងតឹងរ៉ឹង ហាមឃាត់នូវការនាំចេញអាវុធយ៉ាងមានប្រសិទ្ធភាព បានផ្តល់ជំនួយដល់អ៊ុយក្រែន នៅក្នុងទម្រង់ជាយន្តហោះគ្មានមនុស្សបើក  ដ្រូន អាវកាក់ការពារគ្រាប់កាំភ្លើង មួកសុវត្ថិភាព តង់ និង ការផ្គត់ផ្គង់ផែ្នកវេជ្ជសាស្រ្ត។

លោក ហ៊្វូមីអូ គីស៊ីដា នាយករដ្ឋមន្រ្ដីជប៉ុន បានថ្លែង ខណៈកំពុងតែធ្វើដំណើរ នៅក្នុងទីក្រុងប៊ូចា ជាទីដែលមានការសម្លាប់យ៉ាងរង្គាលនោះ ថា «ខ្ញុំសូមចូលរួមរំលែកទុក្ខដល់ជនរងគ្រោះទាំងអស់ និង អ្នករបួស នៅក្នុងនាមប្រជាជនជប៉ុន។ ប្រទេសជប៉ុន នឹងបន្តជួយដល់ប្រទេសអ៊ុយក្រែន ជាមួយនឹងការខិតខំប្រឹងប្រែងដ៏ធំធេងបំផុត សម្រាប់ទទួលបាននូវសន្តិភាព ត្រឡប់មកវិញ»។

No country can afford to ignore the war in Ukraine – visits by China and Japan to Moscow and Kyiv prove that | The Independent

ក្រសួងការបរទេសជប៉ុន បានបញ្ជាក់ កាលពីព្រឹក ថ្ងៃអង្គារ ថា លោកនាយករដ្ឋមន្រ្ដី ហ៊្វូមីអូ គីស៊ីដា នឹងបង្ហាញ អំពីសាមគ្គីភាព និង ការគាំទ្រឥតងាករេរបស់ជប៉ុន សម្រាប់អ៊ុយក្រែន។ ជាមួយគ្នានេះ បណ្ដាប្រទេសជាសមាជិក G7 រួមមាន កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន ចក្រភពអង់គ្លេស និង សហរដ្ឋអាមេរិក បានប្រឆាំងយ៉ាងដាច់ខាត ចំពោះការឈ្លានពានរបស់រុស្ស៊ី និង ការប៉ុនប៉ងឯកតោភាគី នៅក្នុងការផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ន ដោយការប្រើប្រាស់កម្លាំងយោធា។

បណ្ដាញទូរទស្សន៍អន្ដរជាតិរបស់ជប៉ុន  NHK (អ៊ិនហាសកា) បានរាយការណ៍ ថា លោកនាយករដ្ឋមន្រ្ដីជប៉ុន ក្រោយពេលទៅបំពេញទស្សនា នៅប្រទេសឥណ្ឌា ក៏បានធ្វើតាមយន្ដហោះជួលដ៏សម្ងាត់ ជំនួសឱ្យយន្តហោះតាមស្តង់ដាររបស់រដ្ឋាភិបាល ហើយបានចុះចត នៅក្នុងប្រទេសប៉ូឡូញ មុននឹងធ្វើដំណើរទៅដល់ប្រទេសអ៊ុយក្រែន។

យន្តហោះជួលនោះ បានចាកចេញ ពីអាកាសយានដ្ឋានហាណេដា (Haneda) ទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីវេលាម៉ោងប្រហែល៨យប់ ថ្ងៃអាទិត្យ គឺប្រហែលជា មានរយៈពេល៣ម៉ោង មុនពេលយន្តហោះរបស់រដ្ឋាភិបាល ដឹកលោក គីស៊ីដា ចេញដំណើរទៅកាន់ប្រទេសឥណ្ឌា។ ប៉ុន្ដែក្រោយពេលបញ្ចប់នូវព្រឹត្តិការណ៍តាមការគ្រោងទុក នៅក្នុងប្រទេសឥណ្ឌា រួចហើយ លោកនាយករដ្ឋមន្ត្រី ក៏បានឡើងជិះយន្តហោះជួល ដែលរង់ចាំយ៉ាងសម្ងាត់ នៅព្រឹកព្រលឹម ថ្ងៃអង្គារ វេលានៅប្រទេសជប៉ុន។ ចំណែកយន្ដហោះនោះ មានកៅអីប្រហែល ត្រឹមតែ សម្រាប់មនុស្ស១០នាក់ជិះ ដោយវាមានលក្ខណៈដូចគ្នាទៅនឹងម៉ូដែលយន្ដហោះ ធ្លាប់ប្រើប្រាស់ដោយតារា Baseball របស់ជប៉ុន គឺលោក ស៊ូហេ អូតានិ (Shohei Ohtani) ធ្វើដំណើរចាកចេញពីសហរដ្ឋអាមេរិក មកកាន់ប្រទេសជប៉ុន កាលពីដើមខែមីនា។

ក្រសួងការបរទេសជប៉ុន បានបញ្ជាក់ ថា លោកនាយករដ្ឋមន្រ្ដី គីស៊ីដា នឹងត្រូវវិលត្រឡប់ទៅកាន់ប្រទេសប៉ូឡូញវិញ នៅថ្ងៃពុធ ក្រោយពេលជួបពិភាក្សាជាមួយនឹងប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេឡែនស្គី។ លោក គីស៊ីដា នឹងជួបជាមួយមន្ត្រី មកពីប្រទេសផ្សេងៗទៀត ដើម្បី ពង្រឹងនូវកិច្ចសហប្រតិបត្តិការទ្វេភាគី និង កិច្ចសហប្រតិបត្ដិការជាលក្ខណៈអន្ដរជាតិ។

ដំណើរទស្សនកិច្ចរបស់លោក គីស៊ីដា បានកើតឡើង រយៈពេលជិត១ខែ ក្រោយពេលប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានធ្វើដំណើរទៅកាន់ក្រុងកៀវ ដោយស្ងាត់ៗ  ដើម្បីជួបជាមួយនឹងប្រធានាធិបតីអ៊ុយក្រែន។ លោកប្រធានាធិបតី បៃដិន បានជិះយន្ដហោះ Air Force One ចាកចេញពីសហរដ្ឋអាមេរិក មកចុះចាក់សាំង នៅក្នុងប្រទេសអាល្លឺម៉ង់ ហើយបន្ដដំណើរមកកាន់ប្រទេសប៉ូឡូញ មុននឹងធ្វើដំណើរតាមរថភ្លើង រយៈពេល១០ម៉ោង ទម្រាំទៅដល់រដ្ឋធានីកៀវ៕