ប្រទេសវៀតណាម ៖ ការរីកលូតលាស់នៃសេដ្ឋកិច្ចវៀតណាមនៅត្រីមាសទី១ ឆ្នាំ២០២៣ គឺយឺតជាងការរំពឹងទុក ដោយសារការនាំចេញផលិតផលទៅក្រៅប្រទេសធ្លាក់ចុះ ។ តាមការប៉ាន់ស្មានរបស់ការិយាល័យស្ថិតិជាតិ ដែលបានចុះផ្សាយនៅថ្ងៃទី២៩ ខែមីនា បង្ហាញថា ផលិតផលក្នុងស្រុកសរុប (Gross Domestic Product) របស់វៀតណាមបានកើនឡើង៣,៣២% ក្នុងរយៈពេល៣ខែដំបូងឆ្នាំ២០២៣ បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២ និងធ្លាក់ចុះពី៥,៩២% ក្នុងត្រីមាសចុងក្រោយឆ្នាំ២០២២ ។ ដូច្នេះ បើធៀបនឹងការប៉ាន់ស្មានជាមធ្យមពីការស្ទង់មតិរបស់ Bloomberg គឺកើនឡើង៤,៨% ។
សេដ្ឋកិច្ចវៀតណាមបានពឹងផ្អែកខ្លាំងលើពាណិជ្ជកម្មក្រៅប្រទេស គឺបានរងផលប៉ះពាល់ដោយសារគោលនយោបាយរូបិយវត្ថុកាន់តែតឹងតែងនៅជុំវិញពិភពលោក ដែលធ្វើឱ្យតម្រូវការផលិតផលរបស់វៀតណាមថយចុះ ហើយការនាំចេញរបស់វៀតណាមបានថយចុះក្នុងរយៈពេល៦ខែចុងក្រោយនេះ ។ ចំណែកប្រទេសនាំចេញផលិតផលផ្សេងទៀតដូចជា កូរ៉េខាងត្បូង និងតៃវ៉ាន់ ក៏មានការនាំចេញធ្លាក់ចុះដែរក្នុងរយៈពេលដូចគ្នា ដោយសារចិនទើបបើកប្រទេសឡើងវិញ ហើយធ្វើឱ្យតម្រូវការផលិតផលមានមិនច្រើនប៉ុន្មាន ។
ទោះយ៉ាងណា ដើម្បីទប់ស្កាត់ផលប៉ះពាល់ដែលកើតឡើង ធនាគារកណ្តាលវៀតណាមបានកាត់បន្ថយអត្រាការប្រាក់នៅខែមីនា ឆ្នាំ២០២៣នេះ ដើម្បីជួយកាត់បន្ថយការចំណាយហិរញ្ញវត្ថុសម្រាប់ធនាគារ និងកាត់បន្ថយអត្រាការប្រាក់របស់ប្រាក់កម្ចីផងដែរ ។ វៀតណាមបានដាក់គោលដៅការនាំចេញនៅឆ្នាំ២០២៣ ស្មើប្រមាណ៦% បើធៀបនឹងឆ្នាំ២០២២ ស្មើ១០,៥% ។
ក្រៅពីនេះ ការនាំចេញផលិតផលរបស់វៀតណាមបានធ្លាក់ចុះ១៤,៨% នៅខែមីនា ឆ្នាំ២០២៣ ហើយរដ្ឋាភិបាលវៀតណាមបានកំណត់គោលដៅអតិផរណាខ្ពស់បំផុតនៅឆ្នាំ២០២៣ ស្មើ៤,៥% ៕
ប្រភព ៖ AEC connect










