រឿងបវរកញ្ញាថៃប្រើរូបភាពប្រមាថជាតិសាសន៍ខ្មែរ ហាក់ស្ងប់ស្ងាត់ហើយបន្ទាប់ពីមានការបង្ហោះសារសុំទោសជាសាធារណៈពីអ្នករៀបចំកម្មវិធីនៅខេត្តភូកេតមកកាន់ប្រជាជនកម្ពុជា។ ដ្បិតថារឿងនេះស្ងប់ស្ងាត់ ប៉ុន្តែក៏មានការជជែកវែកថ្មីមួយទៀតរវាងអ្នកគាំទ្របវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី និងអ្នកគាំទ្ររបស់បវរកញ្ញា រឿន ណាត ដោយកាន់គោលជំហររៀងៗខ្លួនទៅលើពាក្យ «អែបអប» ដែលកញ្ញា រឿន ណាត បានបង្ហោះសារប្រតិកម្មចំពោះបវរកញ្ញាថៃនាពេលកន្លងមក រហូត ពេជ្រ វត្តី ចេញមុខពន្លះតែម្តង។
ពាក្យ «អែបអប» បានក្លាយជាប្រធានបទក្តៅគគុកនៅលើបណ្តាញសង្គមក្នុងវិស័យបវរកញ្ញា។ ក្នុងនោះ ពេជ្រ វត្តីសារ៉ាវឌ្ឍី ដែលកំពុងសាងប្រជាប្រិយភាពទាំងក្នុងប្រទេស និងក្រៅប្រទេស បានចេញមុខLive នៅលើគណនី IG កាលពីពេលថ្មីៗនេះ ចេញមុខពន្លះផាំងៗ រឿងអ្នកមួយចំនួនចូលចិត្តថានាងអែបអបជនជាតិថៃ ដើម្បីឱ្យគេស្រលាញ់ចូលចិត្តជាដើម។
នៅក្នុងវីដេអូ Live ដែលបានចែកចាយពេញបណ្តាញសង្គមតិកតុក ពេជ្រ វត្តី បាននិយាយទាក់ទងទៅនឹងការស៊ែររបស់នាងពីផេកអ្នកគាំទ្រវិស័យបវរកញ្ញាមួយថា «មិនបានអែបអបអ្នកណាទេ ខ្ញុំគ្រាន់តែរៀនរស់ជាមនុស្សយល់កាលៈទេសៈ មានការអប់រំ មានការរៀនសូត្រក្នុងនាមបវកញ្ញាម្នាក់ដែរនិងតំណាងឱ្យប្រជាជនខ្មែរមួយប្រទេស» ដែលអ្នកមួយចំនួនបានលើកឡើងថា ពេជ្រ វត្តី ជឿពាក្យចាក់រុករបស់អ្នកដទៃទើបធ្វើឱ្យពាក្យ «អែបអប» របស់ រឿន ណាត បង្កើតទៅជាសង្រ្គាមពាក្យសម្តីឡើង។
លំដាប់រងទី៥ Miss Grand international ខាងលើនិយាយថា មនុស្សធំហើយ ធ្វើដល់បវរកញ្ញាតំណាងប្រទេសអត់ល្ងង់ទេ ហើយអ្វីដែលនាងបានស៊ែរពីផេកមួយ នាងមិនបានថាឱ្យអ្នកណាទេតែនិយាយរួម អ្នកណាក៏ដោយដែលនិយាយថាខ្លួនចូលចិត្តអែបអប។ វត្តីបាននិយាយទៀតថា នាងរើសពាក្យអែបអបដាក់ខ្លួនក៏បានដែរព្រោះពាក្យនេះនាងទទួលបានច្រើនណាស់តាំងពីប្រកួត រហូតទទួលបានសមិទ្ធិផល បែរជានិយាយថាទទួលបានដោយសារការអែបអបជនជាតិថៃ។
វត្តី បានបន្ថែមទៀតថា អ្នកមួយចំនួនបាននិយាយថា «គេមិនបានបញ្ចេញឈ្មោះចំផងមិចក៏រើសដាក់ខ្លួនធ្វើអី» នាងបានឆ្លើយតបវិញថា សម័យនេះហើយមនុស្សប្រើអ៊ីនធឺណែត ញុំាវីតាមីនពេញខ្លួន ចឹងនិយាយអីតិចចេញមកគេដឹងថាចង់មានន័យថាយ៉ាងមិចហើយ។
ជាមួយគ្នានេះដែរ អ្នកគាំទ្ររបស់បវរកញ្ញាទាំងពីរគឺ ពេជ្រ វត្តីសារ៉ាវឌ្ឍី និង រឿន ណាត សុទ្ធតែបង្ហាញពីគោលជំហគាំទ្ររៀងៗខ្លួនទាក់ទិននឹងពាក្យ អែបអប ដែលពួកគេបាននិយាយ រឿន ណាត មិនបានចង់ថាឱ្យ វត្តី ទេចង់ថាឱ្យប្រទេសថៃចូលចិត្តមើលងាយខ្មែរ ខណៈអ្នកគាំទ្ររបស់ វត្តី បង្ហាញថាការលើកឡើងរបស់ រឿន ណាត គឺចង់សម្តៅទៅលើ វត្តី ហ្នឹងឯង។
គួរបញ្ជាក់ថា រឿន ណាត បានបញ្ចេញសារមួយដែលមានសេចក្តីថា «វាមិនមែនជាលើកទីមួយទេដែលប្រទេសមួយនេះ បានមើលងាយមកកាន់ប្រទេសកម្ពុជា នេះហើយជាមូលហេតុដែលតាំងពីប្រកួតចប់ក្នុងប្រទេសនេះរយៈពេល ៥ឆ្នាំហើយដែលមិនដែលទៅម្តងទៀត ព្រោះកាលពីទៅប្រកួតទទួលបានការមើលងាយខ្លាំង (មិនចេះអែបអប)៕










