នៅលើបណ្តាញសង្គមនាពេលថ្មីៗកន្លងមកនេះ អ្នកលេងបណ្តាញសង្គមបានចែករំលែកនិងបង្ហាញអារម្មណ៍អាណិតអាសូរយ៉ាងខ្លាំងទៅលើកសិករដែលដាំដុះបន្លែតាសក់ចុះថ្លៃគ្មានទីផ្សារ១គីឡូក្រាមលក់បានថ្លៃ២០០រៀល។ ទាក់ទិននឹងព័ត៌មាននេះ ក្រសួងកសិកម្មបានចេញសេចក្តីប្រកាសថារូបភាពដែលបង្ហាញជារឿងកើតឡើងតាំងពីឆ្នាំ២០១៩ ខណៈទីផ្សារបន្លែតាសក់មានតម្លៃ ៨០០-១ ២០០៛/គ.ក. ។
តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្មនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣នេះ ក្រសួងបានច្រាលចោលព័ត៌មានមួយដែលបានចុះផ្សាយថាកសិករនៅខេត្តកណ្តាលអស់សង្ឃឹមក្នុងការដាំដុះក្រោយភ្ជួរបន្លែចោលដោយសារគ្មានទីផ្សារ បានភ្ជួរបន្លែសាលាដចោលចំនួន ៥តោន។
ក្នុងនោះ ក្រសួងបានចុះស្រាវជ្រាវមិនបានរកឃើញថាកសិករបានឈូសសាលាដចោលទេតែលេចចេញកសិករម្នាក់នៅស្រុកកោះធំ ធ្លាប់បានឈូសចោលដំណាំសាលាដ ដែលមានអាយុកាលចាស់សល់ពីការប្រមូលផលនិងដាំចម្រុះជាមួយ ដំណាំត្រប់ ដើម្បីធ្វើការដាំដុះឡើងវិញ។
បន្ថែមពីលើនេះ ការចុះផ្សាយព័ត៌មានថា តម្លៃតាសក់ចុះថោកនិងដាក់ រូបភាពបុរសដេកលើត្រសក់ គឺជារូបភាពចាស់ដែលបានកើតឡើងតាំងពីឆ្នាំ២០១៩មកម្ល៉េះ នៅពេលប្រទេសកម្ពុជាក៏ដូចជាពិភពលោកបានទទួលរងវិបត្តិជំងឺកូវីដ១៩។
ក្រសួងបានឱ្យដឹងទៀតថា តាមការសាកសួរតម្លៃបន្លែបោះដុំនៅផ្សារតាខ្មៅនិងផ្សារកួរស្រូវនៅរាជធានីភ្នំពេញ របស់អគ្គនាយដ្ឋានកសិកម្ម និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្តាល នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ បានឱ្យ ដឹងថា សាលាដមានតម្លៃ៧០០-៨០០៛/គ.ក្រ តាសក់មានតម្លៃ ៨០០-១ ២០០៛/គ.ក. ខាត់ណាដើមមាន តម្លៃ ១ ០០០-១ ២០០៛/គ.ក និងម្ទេសដៃនាងមានតម្លៃ ៦ ០០០៛/គ.ក។
ក្នុងនោះដែរ អគ្គនាយកដ្ឋានកសិកម្ម បានលើកឡើងថាកសិករមានជម្រើសប្រឡូកនឹងទីផ្សារសេរីដោយខ្លួនឯងដោយដាំដុះដំណាំដែលខ្លួនវាយតម្លៃថាត្រូវនឹងទីផ្សារ ធ្វើកសិកម្មតាមកិច្ចសន្យា។ ក្នុងករណីទី២ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្តទាំង ២៥ នឹងជួយធ្វើសាក្សីលើកិច្ចសន្យាកសិកម្មនេះដើម្បីធានាជូនបងប្អូនកសិករអ្នកទិញនឹងធានាទីផ្សារជូនតាមពេលវេលាដែលបានកំណត់។ ប៉ុន្តែកសិករក៏ត្រូវមានកាតព្វកិច្ចលក់ក្នុងថៃ្លដែលបានសន្យាដូចគ្នា៕











