មហាជនបានស្នើឱ្យសមត្ថកិច្ចពាក់ព័ន្ធស្វែងរកជនដៃដល់ជាបុរសម្នាក់ បានប្រើប្រាស់អំពើហិង្សាទៅលើស្រ្តីម្នាក់ ក្រោយពីមានគណនីហ្វេកប៊ុកមួយបានបង្ហោះនៅលើបណ្តាញសង្គមកាលពីយប់ថ្ងៃទី២៦ ខែមីនា នេះ។

ក្នុងវីដេអូប្រមាណ ៩វិនាទី នៅលើហ្វេកប៊ុកមួយឈ្មោះថា «វណ្ណា ថតរូប» កំពុងធ្វើឱ្យមហាជនប្រតិកម្មយ៉ាងខ្លាំង ព្រោះក្នុងវីដេអូនោះបង្ហាញឱ្យឃើញពីសកម្មភាពបុរសម្នាក់បានប្រើប្រាស់អំពើហិង្សាទៅលើស្រ្តីម្នាក់ដោយបានយកមួកសុវត្ថិភាពវាយដំទៅលើមួកសុវត្ថិភាពស្រ្តីកំពុងពាក់ វាយឡើងដំណំ។

តាមការបញ្ជាក់របស់ហ្វេកប៊ុកខាងលើ ហេតុការណ៍នេះបានកើតឡើងនៅស្តុបសន្ធរម៉ុក ដោយមិនដឹងថាអ្នកទាំងពីរមានបញ្ហាអ្វីជាមួយគ្នាឡើយ ប៉ុន្តែបុរសដែលបានប្រើអំពើហិង្សានោះគឺជិះម៉ូតូជាមួយគ្នា ហើយចុះពីម៉ូតូវាយស្រ្តីនោះតែម្តង។

ការប្រើអំពើហិង្សាខាងលើនេះ មហាជនបានស្នើឱ្យសមត្ថកិច្ចស្វែងរកជនដៃដល់ដើម្បីចាត់វិធានការទៅតាមនីតិវិធីច្បាប់ ព្រោះវាជាអំពើដែលសង្គមកំពុងលុបបំបាត់មិនឱ្យកើតមានទាំងក្នុងគ្រួសារ និងសង្គម។

គួរបញ្ជាក់ផងដែរថា តាមការឱ្យដឹងពីលោកស្រី គ្រី ស៊ុយហៀង នាយិកាអង្គការនារីដើម្បីសន្តិភាព បាននិយាយថា កម្ពុជាមានស្រ្តីម្នាក់ក្នុងចំណោម៥ម្នាក់ (១/៥នាក់) ទទួលអំពើហិង្សាទាំងផ្លូវកាយនិងផ្លូវភេទ ខណៈស្ត្រី១/៣នាក់ ទទួលរងអំពើហិង្សា ជារួមនៅលើសកលលោក៕