ប្រទេសចិន ៖ ការិយាល័យរដ្ឋបាលអាកាសចរណ៍ស៊ីវិលប្រទេសចិនបង្ហាញថា ចំនួនជើងហោះហើរចេញចូលក្រៅប្រទេសសម្រាប់រដូវក្តៅ និងរដូវស្លឹកឈើជ្រុះនឹងកើនឡើងយ៉ាងខ្លាំង បើធៀបនឹងឆ្នាំ២០២២ កន្លងមក ហើយនឹងមានជើងហោះហើរច្រើនមកកាន់ប្រទេសនានាក្នុងតំបន់អាស៊ាន ។
ការិយាល័យរដ្ឋបាលអាកាសចរណ៍ស៊ីវិលឱ្យដឹងថា ចាប់តាំងពីថ្ងៃទី២៦ ខែមីនា រហូតដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ ការហោះហើរសម្រាប់ដឹកអ្នកដំណើរ និងដឹកទំនិញចេញ-ចូលក្រៅប្រទេសនឹងស្មើចំនួន១៤.៧០២ជើងក្នុង១សប្តាហ៍ ក្នុងនោះនឹងធ្វើការហោះហើរទៅកាន់ទីក្រុងចំនួន១០១ នៅទូទាំងពិភពលោក ស្មើនឹង៦.៧៧២ជើងក្នុង១សប្តាហ៍ ខណៈការហោះហើរចូលប្រទេសចិនស្មើចំនួន៣.៨០៨ជើង មកពី៧៩ទីក្រុងនៅទូទាំងពិភពលោក ។
ចំណែកការដឹកអ្នកដំណើរ និងការដឹកជញ្ជូនទំនិញនានាក្នុងសប្តាហ៍នីមួយៗរវាងប្រទេសចិន និងតំបន់គ្រប់គ្រងពិសេសហុងកុង នឹងកើនឡើង៣៥,៤៤% បើធៀបពីមួយឆ្នាំទៅមួយឆ្នាំ រីឯការហោះហើររវាងចិន និងតៃវ៉ាន់ នឹងកើនឡើង២១,៥២% ខណៈការហោះហើររវាងចិន និងម៉ាកាវ នឹងកើនឡើង៣២,៨៥% បើធៀបនឹងឆ្នាំ២០២២ ។ គេសង្កេតឃើញថា ពលរដ្ឋចិននិយមមកកម្សាន្តនៅប្រទេសក្នុងតំបន់អាស៊ានដូចជា សិង្ហបុរី វៀតណាម កម្ពុជា ថៃ និងម៉ាឡេស៊ី ។
ការិយាល័យរដ្ឋបាលអាកាសចរណ៍ស៊ីវិលបង្ហាញថា នឹងចាត់វិធានការផ្សេងៗឱ្យបានទាន់ពេលវេលាសម្រាប់ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងវិធានការប្រឆាំងនឹងជំងឺឆ្លងកម្រិត B ក្នុងគោលបំណងផ្តល់សេវាកម្មហោះហើរជាអន្តរជាតិឱ្យមានរបៀបរៀបរយ និងប្រកបដោយសុវត្ថិភាព ៕
ប្រភព ៖ The better










