យើងនឹងទទួលបានការងារធ្វើឬក៏អត់នោះ គឺអាស្រ័យលើការត្រៀមខ្លួនរបស់យើងឱ្យមានប្រៀបជាងអ្នកមកសម្ភាសន៍ការងារដូចគ្នា ។ ដូច្នេះ សំខាន់ណាស់ដែលយើងត្រូវត្រៀមអ្វីគ្រប់យ៉ាងឱ្យរៀបរយដូចជា ការឆ្លើយតបសំណួរ ស្វែងរកទិន្នន័យផ្សេងៗរបស់ក្រុមហ៊ុន និងតួនាទីការងារជាដើម ។ លើសពីនេះ គួរត្រៀមឯកសារនានាដើម្បីទៅសម្ភាសន៍ប្រកបដោយទំនុកចិត្ត និងទទួលបានការងារធ្វើ ។
១-សិក្សាព័ត៌មានរបស់ក្រុមហ៊ុន ៖
មុននឹងយើងទៅសម្ភាសន៍ការងារ គួរតែស្វែងរកព័ត៌មានរបស់ក្រុមហ៊ុន ប្រភេទអាជីវកម្ម និងចំណុចលម្អិតរបស់តួនាទីការងារនោះ វានឹងធ្វើឱ្យយើងមានចំណេះដឹងជាមូលដ្ឋានអំពីក្រុមហ៊ុន និងបង្ហាញឱ្យក្រុមហ៊ុនមើលឃើញថា យើងចាប់អារម្មណ៍នឹងការងារនេះ ។
២-ស្លៀកពាក់ឱ្យត្រឹមត្រូវ ៖
យើងគួរតែស្លៀកសម្លៀកបំពាក់ឱ្យសុភាពរៀបរយ មើលទៅគួរឱ្យទុកចិត្ត សមស្របនឹងតួនាទីការងារ ហើយបើចំពោះស្ត្រីវិញ គួរតុបតែងមុខស្រាលៗដើម្បីជាការផ្តល់កិត្តិយសដល់អ្នកសម្ភាសន៍យើង និងមើលទៅមានវិជ្ជាជីវៈ ។ ការស្លៀកពាក់មកសម្ភាសន៍ការងារ គឺត្រូវស្លៀកពាក់របៀបផ្លូវការច្រើនជាងការមកធ្វើការពិតប្រាកដ ។
៣-ត្រៀមឯកសារការងារ ៖
គួរតែត្រៀមឯកសារផ្សេងៗពាក់ព័ន្ធនឹងការងារឱ្យគ្រប់ចំនួនដូចជា ៖
-ប្រវត្តិរូប និងរូបថតបិទក្នុងប្រវត្តិរូប
-លទ្ធផលការងាររបស់យើងដូចជា លទ្ធផលការសរសេរ ប៉ុន្តែត្រូវដឹងថា លទ្ធផលការងារនេះមិនមែនជាទិន្នន័យដែលក្រុមហ៊ុនចាស់ហាមផ្សព្វផ្សាយ
-អត្តសញ្ញាប័ណ្ណ និងវិញ្ញាបនបត្រផ្សេងៗ
-ឈ្មោះអ្នកធានាយើងក្នុងប្រវត្តិរូប ដោយដាក់លេខទូរស័ព្ទទំនាក់ទំនង និងអ៊ីម៉ែល ។
៤-មកដល់ក្រុមហ៊ុនមុនពេលណាត់ ៖
គួរតែទៅដល់ក្រុមហ៊ុនឱ្យបានមុន៣០នាទីដើម្បីយើងអាចត្រៀមខ្លួន ក្នុងករណីមានការបំពេញទិន្នន័យផ្សេងៗលើប្រវត្តិរូប ឬក៏ត្រួតពិនិត្យឯកសារផ្សេងបន្ថែមទៀត ។ ការមកកាន់ក្រុមហ៊ុនមុនពេលវេលា គឺជាការធ្វើឱ្យក្រុមហ៊ុនចាប់អារម្មណ៍មកលើយើងក្នុងពេលជួបគ្នាលើកដំបូង ។ យើងអាចស្វែងរកផែនទីទីតាំងក្រុមហ៊ុន និងពិនិត្យការធ្វើចរាចរណ៍ក្នុងទីតាំងនោះ ។ លើសពីនេះ កុំភ្លេចបិទសំឡេងទូរស័ព្ទគ្រប់ប្រភេទផងដែរ មុននឹងចូលបន្ទប់សម្ភាសន៍ ។
៥-ត្រៀមខ្លួនឆ្លើយតបសំណួរ ៖
យើងអាចហ្វឹកហាត់ណែនាំខ្លួនឯង ហើយរៀបរាប់បទពិសោធន៍ការងារ សមត្ថភាពការងារ និងចំណុចត្រូវការរៀនសូត្របន្ថែមទៀត ដើម្បីឱ្យយើងអាចឆ្លើយតបសំណួរយ៉ាងមានទំនុកចិត្ត និងទទួលបានការចាប់អារម្មណ៍ពីក្រុមហ៊ុន ៕ ប្រភព ៖ Derma’s Life










