Home ព័ត៌មានអន្តរជាតិ ពូទីន ធ្វើឲ្យអ៊ុយក្រែន ចំណាយប្រាក់ជាង៤០០ពាន់លានដុល្លារ កសាងប្រទេសឡើងវិញ

ពូទីន ធ្វើឲ្យអ៊ុយក្រែន ចំណាយប្រាក់ជាង៤០០ពាន់លានដុល្លារ កសាងប្រទេសឡើងវិញ

94
0

រដ្ឋធានីកៀវ៖ ចាប់តាំងពីការផ្ទុះសង្គ្រាម កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមកដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ គឺមានរយៈពេល៣៩៣មកហើយ ខណៈការវាយប្រយុទ្ធគ្នា រវាងកងទ័ពរបស់អ៊ុយក្រែន និង កម្លាំងទាហានរុស្ស៊ី កំពុងតែបន្ដ រកពន្លឺចរចាសន្ដិភាព នៅមិនទាន់ឃើញ ហើយការបំផ្លិចបំផ្លាញ និង ការឆក់យកអាយុជីវិតមនុស្ស កំពុងតែបន្ដ ប៉ុន្ដែធនាគារពិភពលោក បានអះអាង ថា នៅក្នុងរយៈពេលជាង១០ឆ្នាំទៅមុខទៀត ប្រទេសអឺរ៉ុបមួយនេះ នឹងត្រូវការចំណាយថវិកា សាងសង់ប្រទេសឡើងវិញ រហូតដល់៤១១ពាន់លានដុល្លារអាមេរិក។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី២៣ ខែមីនា ឆ្នាំ២០២៣ ថា របាយការណ៍របស់ធនាគារពិភពលោក បានប៉ាន់ប្រមាណ ថា សង្គ្រាមនេះ នឹងធ្វើឲ្យអ៊ុយក្រែន ចំណាយថវិកា រហូតដល់៤១១ពាន់លានដុល្លារ សម្រាប់រយៈពេលជាង១០ឆ្នាំទៅមុខ ដើម្បីស្ដារ និង ស្ថាបនាប្រទេសឡើងវិញ ក្រោយការងើប ចេញពីសង្គ្រាមរបស់រុស្ស៊ី ជាមួយនឹងការចំណាយ លើការបោសសម្អាតកម្ទេចកម្ទី ពីទីក្រុងដែលបានរងនូវគ្រោះមហន្ដរាយ ហើយទីក្រុងនានា នឹងត្រូវចំណាយ រហូតដល់៥ពាន់លានដុល្លារ។Arrest warrant from criminal court pierces Putin's aura of impunity | The  Japan Times

របាយការណ៍ដែលបានចេញផ្សាយ កាលពីថ្ងៃពុធ បានបញ្ជាក់ ថា ការប៉ាន់ប្រមាណ គួរតែត្រូវចាត់ទុក ជាអប្បបរមា ស្របពេលតម្រូវការ នឹងបន្តកើនឡើងជាដរាប ដោយសារសង្រ្គាម កំពុងតែបន្ត។ របាយការណ៍នេះ បានធ្វើឡើងរួមគ្នា ដោយរដ្ឋាភិបាលអ៊ុយក្រែន ធនាគារពិភពលោក គណៈកម្មការអឺរ៉ុប និង អង្គការសហប្រជាជាតិ។ ចំណែកការវាយតម្លៃ រហូតដល់៤១១ពាន់លានដុល្លារអាមេរិកនេះ បានបង្ហាញនូវការកត់សម្គាល់នូវការកើនឡើង អំពីការប៉ាន់ប្រមាណ នៅក្នុងរបាយការណ៍របស់ធនាគារពិភពលោក ត្រូវបានចេញផ្សាយ នៅក្នុងអំឡុងខែកញ្ញា ឆ្នាំ២០២២ មានចំនួន ៣៤៩ពាន់លានដុល្លារ។

របាយការណ៍ដដែលនោះ បានរៀបរាប់លម្អិត អំពីចំនួនខូចខាតផ្នែកសេដ្ឋកិច្ច និង មនុស្ស ដោយរាប់បញ្ចូល ទាំងផ្ទះសម្បែង ជិត២លានខ្នងត្រូវបានបំផ្លិចបំផ្លាញ ស្ថាប័នសុខភាពសាធារណៈជាច្រើនក៏ត្រូវបានរងការខូចខាត រថយន្តសង្គ្រោះចំនួន៦៥០គ្រឿង បានខូចខាត ឬ ត្រូវបានគេលួច ហើយជនស៊ីវិល យ៉ាងហោចណាស់ ចំនួន ៩ ៦៥៥នាក់ បានស្លាប់ ដោយរួមទាំងកុមារ ចំនួន៤៦១នាក់ផងដែរ។Russia-Ukraine Conflict, War Images: Heartbreaking pictures of explosions,  calamity, destruction, damaged buildings and more | Zee Business

លោកស្រី អានណា ប៊ីជើរដេ (Anna Bjerde) អនុប្រធាន ធនាគារពិភពលោក ប្រចាំតំបន់អឺរ៉ុប និង អាស៊ីកណ្ដាល បានបញ្ជាក់ កាលពីថ្ងៃពុធ ថា «ការស្ថាបនាប្រទេសឡើងវិញរបស់អ៊ុយក្រែន នឹងត្រូវចំណាយពេលវេលា ជាច្រើនឆ្នាំ»។

រហូតមកដល់ពេលនេះ របាយការណ៍ដដែលនោះ បានគណនា អំពីទំហំខូចខាត ដោយផ្ទាល់ ចំនួន១៣៥ពាន់លានដុល្លារ សម្រាប់សំណង់អគារ និង ហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងប្រទេស ដោយមិនបានរាប់បញ្ចូលទាំងការដួលរលំសេដ្ឋកិច្ចទាំងមូល នៅក្នុងជម្លោះ បានអូសបន្លាយ អស់រយៈពេលជាងមួយឆ្នាំមកនេះឡើយ។ ប៉ុន្តែការខូចខាត អាចនឹងកាន់តែអាក្រក់ទៅៗ ប្រសិនបើមិនមានការការពារ ពីកងទ័ពអ៊ុយក្រែន ខិតខំរារាំងដល់ការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរបំផុត នៅក្នុងសមរភូមិតំបន់ដូណែស្ក៍ (Donetsk), ខាគីវ (Kharkiv), លូហានស្ក៍ (Luhansk) និង ខឺរសុន (Kherson)។ នេះបើតាមលោកស្រី អនុប្រធាន ធនាគារពិភពលោក ប្រចាំតំបន់អឺរ៉ុប និង អាស៊ីកណ្ដាល បានថ្លែង នៅក្នុងការហៅតាមទូរស័ព្ទ ជាមួយនឹងក្រុមអ្នកសារព័ត៌មាន។Huge explosion destroys part of bridge linking Russia and Crimea

ការវាយតម្លៃនេះ រំពឹង ថា ក្រុងកៀវ នឹងត្រូវការថវិកា រហូតដល់១៤ពាន់លានដុល្លារ សម្រាប់ការកសាងឡើងវិញ សម្រាប់វិស័យសំខាន់ៗ និង មានអាទិភាព ព្រមទាំងការវិនិយោគ ទៅលើការស្តារឡើងវិញ សម្រាប់ត្រឹមតែនៅក្នុងឆ្នាំ២០២៣។ ជាមួយគ្នានេះ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានអះអាង កាលពីថ្ងៃអង្គារ ថា IMF បានឈានដល់កិច្ចព្រមព្រៀងមួយ ជាកម្រិតបុគ្គលិក ជាមួយអ៊ុយក្រែន សម្រាប់កញ្ចប់ហិរញ្ញប្បទាន រយៈពេល៤ឆ្នាំ ដោយមានតម្លៃប្រហែល ១៥,៦ពាន់លានដុល្លារអាមេរិក។

ធនាគារពិភពលោក បានអះអាង កាលពីខែកុម្ភៈ ថា បើទោះជាមានការវាយលុកយ៉ាងខ្លាំងក្លាពីទាហានរុស្ស៊ី យ៉ាងណាក៏ដោយ ក៏អ៊ុយក្រែន នៅតែបន្តរក្សាសេវាសាធារណៈសំខាន់ៗ រួមទាំងការបើកសាលារៀន មន្ទីរពេទ្យ ការបើកប្រាក់បៀវត្សរ៍របស់គ្រូបង្រៀន និង មន្ត្រីរដ្ឋការ ព្រមទាំងប្រាក់សោធននិវត្តន៍ ផងដែរ។Mass attack on Ukrainian cities: Russia destroys Ukraine's infrastructure |  Agenda Pública

លោកស្រី អានណា ប៊ីជើរដេ (Anna Bjerde) អនុប្រធាន ធនាគារពិភពលោក ប្រចាំតំបន់អឺរ៉ុប និង អាស៊ីកណ្ដាល បានសរសេរ នៅពេលនោះ ថា «ការគាំទ្រសេវាកម្មសំខាន់ៗ ទាំងនេះ នឹងនៅតែបន្ត ជាអាទិភាព ហើយអ៊ុយក្រែន ត្រូវការថវិកា ប្រហែល ៣-៤ ពាន់លានដុល្លារ នៅក្នុងរយៈពេលមួយខែ សម្រាប់ទ្រទ្រង់ដល់រដ្ឋាភិបាលក្រុងកៀវ»៕