ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាឃុំខ្លួនជនត្រូវចោទចំនួន២នាក់រួមមាន៖

  1. ឈ្មោះ ហ៊ុន កុសល ភេទប្រុសអាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកនយោបាយ ទីកន្លែងកំណើតភូមិតូច ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត ទីលំនៅមុនពេលឃាត់ខ្លួនស្នាក់នៅ ភូមិកាកាប សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
  2. ឈ្មោះ យឹម សុីណន ភេទប្រុសអាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ទីកន្លែងកំណើតនៅភូមិច្រឡឹង ឃុំរលាំងកែន ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ទីលំនៅមុនពេលឃាត់ខ្លួនស្នាក់នៅ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនសង្ស័យទាំងពីរនាក់ត្រូវបានជាប់ចោទពីបទ ប្រមាថចំពោះអង្គព្រះមហាក្សត្រ និងបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម  ប្រព្រឹត្តនៅប្រទេសកម្ពុជា កាលពីថ្ងៃទី២១ ខែមីនាឆ្នាំ២០២៣ តាមបញ្ញត្តិមាត្រា៤៣៧ ស្ទួន នៃច្បាប់ស្តីពីវិសោធនកម្មក្រមព្រហ្មទណ្ឌ មាត្រា៤៩៤និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។

ជនត្រូវចោទត្រូវបានកម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញនៅរសៀលថ្ងៃទី២២ ខែមីនាឆ្នាំ២០២៣នេះ។ ក្រោយពីធ្វើការសាកសួរចប់លោកស្រីចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនអ្នកទាំងពីរដាក់ពន្ធនាគារព្រៃស ម១ បណ្តោះអាសន្នរង់ចាំដំណើរការរឿងក្តីជាបន្តទៅតាមនីតិវិធី៕