គ្រប់អាជីវកម្ម សេវាកម្ម និងពាណិជ្ជកម្មទាំងអស់ ត្រូវបិទស្លាកថ្លៃជាភាសាខ្មែរមុនភាសាផ្សេងលើមុខទំនិញ និងសេវាកម្មគ្រប់ប្រភេទ និងគិតជាប្រាក់រៀល លើកលែងតែហាង ឬបញ្ជរលក់ទំនិញបន្ទាប់បន្សំ។ ករណីមិនបានអនុវត្តតាមការណែនាំអាជីវករត្រូវប្រឈមតាមច្បាប់។ នេះតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មចុះនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣។

នៅក្នុងលិខិតជូនដំណឹង ក្រសួងពាណិជ្ជកម្មបានលើកឡើងថា ពាណិជ្ជករ អាជីវករ សេវាករទាំងអស់ ដែលកំពុងធ្វើសកម្មភាពពាណិជ្ជកម្ម អាជីវកម្ម និងសេវាកម្ម ក្នុងប្រទេសកម្ពុជាណាចក្រកម្ពុជាត្រូវតែបិទស្លាកថ្លៃលើគ្រប់មុខទំនិញ និងសេវាដែលតាំងលក់ក្នុងហាង ឬអគារលក់ ទំនិញរបស់ខ្លួនជាប្រាក់រៀល លើកលែងតែហាង ឬបញ្ជរលក់ទំនិញបន្ទាប់បន្សំ។ក្រសួង​ពាណិជ្ជកម្ម​បាន​បញ្ចប់​ការពិនិត្យ​លើ​សេចក្តី​ព្រាង​អនុក្រឹត្យ​ស្ដីពី​ការប្រកួតប្រជែង | ភ្នំពេញ ប៉ុស្ដិ៍

ក្នុងនោះដែរ ករណីទីតាំងពាណិជ្ជកម្ម អាជីវកម្ម និងសេវាកម្មមិនជាប់ពន្ធ (Duty free shop) ដែលមានកាអនុញ្ញាត ដោយរាជរដ្ឋាភិបាល ចាំបាច់ត្រូវតែបិទស្លាកថ្លៃជារូបិយប័ណ្ណបរទេស ម្ចាស់ទីតាំងពាណិជ្ជកម្ម អាជីវកម្ម និង សេវាកម្មទាំងនោះត្រូវមកសុំការអនុញ្ញាតពីអង្គភាពច្រកចេញ-ចូលតែមួយរដ្ឋបាលខេត្ត។

មួយវិញទៀត លិខិតអនុញ្ញាតបិទស្លាកថ្លៃជារូបិយប័ណ្ណបរទេស មានសុពលភាពរយ:ពេល០១ឆ្នាំ។ លិខិតអនុញ្ញាតដែល ហួសសុពលភាព ចាំបាច់ត្រូវសុំការអនុញ្ញាតសារជាថ្មី ពីអង្គភាពច្រកចេញ-ចូលតែមួយរដ្ឋបាលខេត្ត។
បន្ថែមពីនេះ ពាណិជ្ជករ អាជីវករ និងសេវាករ ជាម្ចាស់ហាងលក់ទំនិញរួចពន្ធ (Duty free shop) ដែលសុំលិខិតអនុញ្ញាត បិទស្លាកថ្លៃជារូបិយប័ណ្ណបរទេស ត្រូវមានកាតព្វកិច្ចបង់កម្រៃសេវាសាធារណ:ជូនរដ្ឋ។
ចំពោះការបិទស្លាកថ្លៃ ត្រូវសរសេរជាភាសាខ្មែរនៅខាងមុខ ឬនៅពីលើ និងអក្សរអង់គ្លេសនៅបន្ទាប់ ឬបន្ទាត់ខាង ក្រោម និងភាសាបរទេសទី៣នៅបន្ទាប់ទៀត អាស្រ័យតាមស្ថានភាពជាក់ស្ដែងនៃអតិថិជនរបស់អាជីវកម្ម។

សម្រាប់ ស្ថានីយ/ដេប៉ូលក់រាយប្រេងឥន្ធន:ទាំងអស់ ត្រូវមានដាក់តាំងបង្ហាញនៅបរិវេណខាងមុខទីតាំង អាជីវកម្ម ឬ កន្លែងងាយមើលឃើញចម្ងាយប្រមាណជា២០០ម៉ែត្រ។
ចំណែកឯ នាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការ ក្លែងបន្លំ (ក.ប.ប) និងមន្ទីរពាណិជ្ជកម្មរាជធានី-ខេត្តទាំងអស់ ត្រូវរួមសហការជាមួយក្រសួង ស្ថាប័នមាន សមត្ថកិច្ច ចុះត្រួតពិនិត្យ និងណែនាំអំពីការបិទស្លាកថ្លៃ ជារៀងរាល់ខែ។

បន្ថែមពីនេះ ក្រសួងបានឱ្យដឹងទៀតថា គ្រប់អាជីវករ សេវាករ ពាណិជ្ជករទាំងឡាយណា ដែលមិនបានអនុវត្តតាមការណែនាំនេះត្រូវទទួលខុសត្រូវតាមច្បាប់ជាធរមាន។ ក្នុងនោះដែរក្រសួងពាណិជ្ជកម្ម បានស្នើឱ្យប្រធានមន្ទីរពាណិជ្ជកម្មរាជធានី-ខេត្តទាំងអស់ត្រូវណែនាំ និងផ្សព្វផ្សាយបន្តដល់គ្រប់អាជីវកម្ម សេវាកម្ម និងពាណិជ្ជកម្មទាំងអស់ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMkS9pDDSSv4Xbf_rOuFpDxINhKpdXkJIdA05bzXqYKdS1n79FrZVvRTgRTyzynGGQpKE7pV_UlomKD8SS8YqgOZP88yaxiXQCzRuCL974s6tBLt7cKsxcdDEsLbUg7DVxC8hrC64YJ5SfTs_qDavMzzFvmmdMDMDrgean2MvzAkUKH4zTF-GNrA1y/s1280/photo_2023-03-23_11-36-09.jpg