ប្រទេសវៀតណាម ៖ កសិករដាំដុះក្រូចថ្លុងនៅខេត្តបៀនចា ប្រទេសវៀតណាម ដែលស្ថិតនៅតំបន់ដីសណ្តទន្លេមេគង្គ ពួកគេមិនបានទទួលប្រាក់ចំណូលពីទិន្នផលក្រូចថ្លុងទេ ដោយសារក្រូចថ្លុងបានធ្លាក់ថ្លៃយ៉ាងឆាប់រហ័សក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ ។

កសិករដាំក្រូចថ្លុងវៀតណាមលើកឡើងថា កន្លងមក ពួកគេបានលក់ក្រូចថ្លុងទៅឱ្យអាជីវករ គឺ១គីឡូក្រាមតម្លៃចាប់ពី១៥.០០០ដុង ទៅ២១.០០០ដុង គឺតម្លៃបានធ្លាក់ចុះពី៤ម៉ឺនដុង ទៅ៥ម៉ឺនដុង/១គីឡូក្រាម កាលពីឆ្នាំ២០២២ ។

កាលពីដើមខែមីនា ឆ្នាំ២០២៣ កសិករនៅខេត្តចូវថាញ់ បានប្រមូលទិន្នផលក្រូចថ្លុងចំនួនជាង៧តោន ដែលដាំដុះនៅលើផ្ទៃដី៤ហិកតា ហើយបានលក់ក្នុងតម្លៃ២១.០០០ដុង/១គីឡូក្រាម ។ បុរសអ្នកដាំក្រូចថ្លុងម្នាក់និយាយថា ក្រុមគ្រួសាររបស់លោកបានថែទាំចម្ការក្រូចថ្លុង ដោយមិនបានជួលកម្មករមើលថែទេ ហើយការលក់ក្រូចថ្លុងពីក្នុងចម្ការរបស់លោកទទួលបានប្រាក់ចំណេញតិចតួចប៉ុណ្ណោះ ។

ទោះយ៉ាងណា កសិករផ្សេងទៀតស្ទើរតែខាតបង់ដើមទុនទាំងស្រុង ស្របពេលតម្រូវការទិញទិន្នផលកសិកម្មធ្លាក់ចុះ ខណៈពួកគេបានចំណាយប្រាក់ទិញជី និងថ្នាំសម្លាប់សត្វល្អិតដែលមានតម្លៃខ្ពស់ ប៉ុន្តែទទួលប្រាក់ចំណូលមកវិញមិនរួចថ្លៃដើម ។

ក្រៅពីក្រូចថ្លុងលក់ក្នុងតម្លៃថោក និងស្ថានភាពទឹកទន្លេកាន់តែអាក្រក់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កសិករជាច្រើននាក់នៅខេត្តបៀនចាបានដាំក្រូចថ្លុងរួមជាមួយផ្លែឈើផ្សេងទៀត ខណៈកសិករខ្លះឈប់ដាំក្រូចថ្លុងតែម្តង ហើយងាកទៅដាំដំណាំផ្សេងវិញ ដូចជា ដូង ដែលវាងាយស្រួលថែទាំជាងសម្រាប់រដូវក្តៅនេះ ៕ ប្រភព ៖ sakda.sinives