រដ្ឋធានីវ៉ាស៊ីនតោន៖ ស្របពេលទំនាក់ទំនងការទូត រវាងក្រុងវ៉ាស៊ីនតោន និង ក្រុងប៉េកាំង កំពុងតែធ្លាក់ចុះខ្លាំងនោះ ក៏មានសេចក្ដីរាយការណ៍ ពីក្រុមហ៊ុនបណ្ដាញសង្គមយក្សរបស់ចិន អះអាង ពីការគំរាមកំហែងរបស់សហរដ្ឋអាមេរិក ប្រសិនបើមិនលក់ភាគហ៊ុនរបស់ Tik Tok ឲ្យខ្លួន។
សារព័ត៌មាន Channel News Asia បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី១៦ ខែមីនា ឆ្នាំ២០២៣ ថា ក្រុមហ៊ុនចិន ByteDance បានប្រាប់ដល់ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃពុធ ថា រដ្ឋការរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) បានទាមទារឱ្យម្ចាស់ TikTok របស់ចិន ដកភាគហ៊ុនរបស់ពួកគេ នៅក្នុងកម្មវិធីវីដេអូដ៏ពេញនិយម ឬ ប្រឈមនឹងការហាមឃាត់ អាចនឹងកើតមាន នៅសហរដ្ឋអាមេរិក។
សកម្មភាពបែបនេះ ត្រូវបានសារព័ត៌មាន Wall Street Journal រាយការណ៍មុនដំបូង ហើយវាជាជំហានដ៏គួរឱ្យភ្ញាក់ផ្អើលបំផុត នៅក្នុងគោលនយោបាយថ្មីៗរបស់មន្ត្រីអាមេរិក និងសមាជិកសភា បានលើកឡើង អំពីការភ័យខ្លាច ថា ទិន្នន័យរបស់អ្នកប្រើប្រាស់ TikTok របស់អាមេរិក អាចត្រូវបានបញ្ជូន ទៅកាន់រដ្ឋាភិបាលក្រុងប៉េកាំង។
នៅក្នុងរដ្ឋការរបស់អតីតប្រធានាធិបតីសហរដ្ឋអាមេរិក មកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ (Donald Trump) បានព្យាយាម ហាមឃាត់ Tik Tok នៅក្នុងឆ្នាំ២០២០ ប៉ុន្ដែត្រូវបានរារាំង ដោយតុលាការ។ ចំណែកនៅក្នុងរដ្ឋការរបស់ប្រធានាធិបតី មកពីគណបក្សប្រជាធិបតេយ្យ លោក ចូ បៃដិន ក៏បានបង្ហាញសកម្មភាព ជាលើកដំបូង គំរាមកំហែងដល់ការហាមឃាត់ Tik Tok ។
លោក ប៊្រូក អូប៊ឺរវ៉េតទ័រ (Brooke Oberwetter) អ្នកនាំពាក្យរបស់ Tik Tok បានប្រាប់ដល់ទីភ្នាក់ងារសារព័ត៌មានរបស់ចក្រភពអង់គ្លេស Reuters ថា កាលពីពេលថ្មីនេះ ក្រុមហ៊ុន បានឮពីគណៈកម្មាធិការវិនិយោគបរទេស នៅសហរដ្ឋអាមេរិក ដឹកនាំដោយក្រសួងសេដ្ឋកិច្ចអាមេរិក ហៅកាត់ CFIUS ទាមទារឲ្យម្ចាស់ App របស់ចិន លក់ភាគហ៊ុនរបស់ខ្លួន។ មួយវិញទៀត ប្រសិនបើម្ចាស់ App មិនលក់ ពួកគេនឹងត្រូវប្រឈមមុខនឹងបម្រាមរបស់សហរដ្ឋអាមេរិក ជុំវិញ App វីដេអូទាំងនោះ។
បើតាម The Journal បានរាយការណ៍ ថា ភាគហ៊ុនចំនួន៦០ភាគរយរបស់ក្រុមហ៊ុន ByteDance គ្រប់គ្រងដោយវិនិយោគិនពិភពលោក, ២០ភាគរយ គ្រប់គ្រងដោយបុគ្គលិក និង ២០ភាគរយ គ្រប់គ្រងដោយក្រុមស្ថានិក Tik Tok ។ ដោយឡែក CFIUS ជាស្ថាប័នសន្ដិសុខជាតិដ៏មានអំណាចរបស់សហរដ្ឋអាមេរិក កាលពីឆ្នាំ២០២០ បានផ្ដល់អនុសាសន៍ជាឯកច្ឆ័ន្ទ ទាមទារឲ្យក្រុមហ៊ុន ByteDance ដក TikTok ចេញ។
អ្នកនាំពាក្យរបស់ Tik Tok រូបនេះ បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ថា «ប្រសិនបើកិច្ចការពារសន្តិសុខជាតិ ក្លាយជាកម្មវត្ថុនោះ ការដក Tik Tok ចេញ នៅតែមិនអាចដោះស្រាយបញ្ហាបាននោះឡើយ។ ចំណែក ការផ្លាស់ប្តូរកម្មសិទ្ធិ នឹងមិនដាក់កំហិតថ្មីណាមួយ លើលំហូរទិន្នន័យ ឬ ការចូលប្រើនោះដែរ»។
TikTok គ្រប់គ្រងដោយក្រុមហ៊ុន ByteDance មានអ្នកប្រើប្រាស់ជាង១០០លាន នៅសហរដ្ឋអាមេរិក។ ប៉ុន្ដែទោះជាយ៉ាងណា សេតវិមានរបស់ប្រធានាធិបតី លោក ចូ បៃដិន មិនបានធ្វើការអត្ថាធិប្បាយ ជុំវិញសេចក្ដីថ្លែងការណ៍របស់អ្នកនាំពាក្យ Tik Tok នោះឡើយ៕










