ប្រទេសតួកគី ៖ រថយន្តជាច្រើនគ្រឿងដែលមានមនុស្សជាប់នៅខាងក្នុងបានអណ្តែតទៅតាមទឹកហូរនៅទីក្រុង Sanliurfa ដែលបានទទួលរងផលប៉ះពាល់ខ្លាំងបំផុតដោយសារទឹកជំនន់លើកនេះ ។ លើសពីនេះ លំនៅឋានរបស់ពលរដ្ឋ និងផ្លូវជាច្រើនខ្សែបានលិចនៅក្រោមទឹក ហើយភ្នាក់ងារសង្គ្រោះកំពុងស្វែងរកអ្នកនៅរស់រានមានជីវិតដែលជាប់ក្នុងអគារ ឬលំនៅឋាន ។
គ្រោះទឹកជំនន់ដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងនេះបានធ្វើឱ្យទីក្រុង Adiyaman និងទីក្រុង Sanliurfa របស់ប្រទេសតួកគីកាន់តែលំបាកខ្លាំងថែមទៀត ខណៈទីក្រុងទាំងពីរនេះទើបតែទទួលរងគ្រោះដោយសាររញ្ជួយដីកាលពី៥សប្តាហ៍មុន ។ គេបានរាយការណ៍ថា គ្រោះទឹកជំនន់ធ្វើឱ្យពលរដ្ឋតួកគីស្លាប់ចំនួន១៤នាក់ និងបាត់ខ្លួន៥នាក់ ។
Sanliurfa គឺជាទីក្រុងដែលមានអ្នកស្លាប់ច្រើនបំផុតដោយសារទឹកជំនន់លើកនេះ គឺស្មើ១២នាក់ ក្នុងនោះមានជនជាតិស៊ីរី៥នាក់ផងដែរ រីឯក្រុង Adiyaman មានអ្នកស្លាប់២នាក់ គឺជាអ្នករស់រានមានជីវិតពីគ្រោះរញ្ជួយដីនាពេលកន្លងមក ។ ពួកគេគ្មានផ្ទះសម្បែងទេ ខណៈផ្ទះបានខូចខាតដោយសាររញ្ជួយដី រហូតត្រូវមករស់នៅក្នុងផ្ទះធ្វើពីទូរកុងតឺន័រ ប៉ុន្តែពួកគេបានស្លាប់ដោយសារទឹកជំនន់លិចផ្ទះទៅវិញ ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី៦ ខែកុម្ភៈ កន្លងមក ប្រទេសតួកគីបានជួបគ្រោះរញ្ជួយដីខ្លាំងក្លាបំផុតក្នុងកម្រិត៧វ៉ិកទ័រ ចំនួន២ដងក្នុងថ្ងៃតែមួយ ដែលបណ្តាលឱ្យមានមនុស្សស្លាប់ចំនួន៤៨.០០០នាក់ និងធ្វើឱ្យមនុស្សជាច្រើនលាននាក់ទៀតគ្មានផ្ទះសម្បែង៕
ប្រភព ៖ TNN World










