ក្រុមប្រឹក្សាកីឡាអូឡាំពិកនៃប្រទេសម៉ាឡេស៊ី (OCM ឬ MOM) បាន ប្រកាសជាផ្លូវការនូវបញ្ជីឈ្មោះអត្តពលិក និងមន្ត្រីដែលត្រូវបានជ្រើសរើស តំណាងឱ្យប្រទេសរបស់ខ្លួន សម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។

លោក Dr. Tan Sri Mohamad Norza Zakaria ដែលជាប្រធានក្រុមប្រឹក្សាកីឡាអូឡាំពិកនៃប្រទេសម៉ាឡេស៊ី  បានប្រគល់វិញ្ញាបនបត្រដល់តំណាងប្រតិភូ កីឡាម៉ាឡេស៊ី ចំនួន៩១៤នាក់ ក្នុងនោះមានអត្តពលិក ចំនួន៦៧៧នាក់ (កីឡាករ ៤០៣នាក់ កីឡាការិនី ២៧៤នាក់) និងមន្ត្រី ចំនួន២៣៧នាក់ ដែលនឹងចូលរួមក្នុងការប្រកួតលើកីឡាចំនួន ៣៤ប្រភេទ។

លោកបានបន្តថា៖ “អត្តពលិក និងមន្ត្រី ដែលបានទទួលវិញ្ញាបនបត្រជ្រើសរើសនេះ គឺស្ថិតក្នុងចំណោមអ្នកដែលត្រូវបានជ្រើសរើសតាមរយៈដំណើរការពិនិត្យនៅក្នុងគណៈកម្មាធិការជ្រើសរើស របស់ក្រុមប្រឹក្សាអូឡាំពិកនៃប្រទេសម៉ាឡេស៊ី ដែលបានប្រជុំ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ និងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣”។

ហើយលោកក៏បានរំពឹងយ៉ាងមុតមាំដែរថា៖ “យើងសង្ឃឹមថា ការអនុម័ត និងការជ្រើសរើសមិនត្រូវបានខ្ជះខ្ជាយទេ ដោយសារស៊ីហ្គេម ត្រូវបានចាត់ទុកថា ជាការត្រៀមចាប់ផ្ដើមការប្រកួតកម្រិតអន្តរជាតិ និងជាជំហានមួយឆ្ពោះទៅកាន់ព្រឹត្តិការណ៍កីឡាអាស៊ី (Asian Games) និងអូឡាំពិក (Olympic Games)។ ដូច្នេះគួរតែប្រើឱកាសនេះឱ្យបានច្រើនបំផុត”៕