នៅពេលដែលនរណាម្នាក់មានគោលដៅដ៏ធំបំផុតថានឹងរត់ម៉ារ៉ាតុងឲ្យបានគ្រប់ទ្វីបនៅលើពិភពលោក គេប្រហែលជាមិនគិតថានឹងទៅរត់នៅទ្វីបអង់តាកទិកនោះទេមែនទេ? បើសិនគេម្នាក់នោះ ជា James Holgate ជាការពិតណាស់ គឺគេនឹងទៅរត់នៅអង់តាកទិក ។

ការរត់ម៉ារ៉ាតុងនេះពោរពេញទៅដោយការលំបាកក៏ពិតមែន តែវាគឺជាការសាកល្បងភាពក្លាហាន និង ការតស៊ូ ដោយជំនះនឹងអាកាសធាតុត្រជាក់ក្រោមសូន្យ គ្រោះថ្នាក់ពេលជួបប្រទះនឹងសត្វខ្លាឃ្មុំទឹកកក និងរបួសដោយសារតែភាពត្រជាក់ជាដើម ។

កាលពីប្រាំមួយឆ្នាំមុន អត្តពលិកជនជាតិអូស្ត្រាលីម្នាក់នេះបានសម្រេចចិត្តថាខ្លួននឹងជំនះឧបសគ្គថ្មី មួយក្នុងជីវិតដោយរត់ម៉ារ៉ាតុងគ្រប់ទ្វីបនៅលើពិភពលោក ។ ពេលនេះ លោក James ជិតសម្រេច គោលដៅរបស់គាត់ហើយក្នុងការរត់ចម្ងាយ ២៦.២ ម៉ាយ (៤២.២ គីឡូម៉ែត្រ) លើទ្វីបនីមួយៗ ។ នៅពាក់កណ្តាលខែមីនានេះ ទ្វីបចុងក្រោយដែលលោកនឹងរត់ម៉ារ៉ាតុងគឺនៅអង់តាកទិក ហើយគោល បំណងធំនៃការរត់នេះគឺរៃអង្កាសថវិកាចំនួន ១៥,០០០ ដុល្លារអាមេរិចជួយគាំទ្រដល់ការងាររបស់អង្គ ការផ្កាយសមុទ្រ (ISF) នៅប្រទេសកម្ពុជា ។

អត្តពលិកផ្នែករត់ ដែលសព្វថ្ងៃកំពុងរស់នៅទីក្រុងហុងកុងរូបនេះ បានសំដែងពីចំណាប់អារម្មណ៍       ផ្ទាល់ខ្លួន និងហេតុផលដែលលោកសម្រេចចិត្តផ្តួចផ្តើមយុទ្ធនាការរៃអង្កាសជួយអង្គការផ្កាយសមុទ្រ ថា៖ “សម្រាប់ខ្ញុំ អង្គការផ្កាយសមុទ្រ (ISF) គឺជាមូលនិធិមួយ ដែលពិតជាបានជួយផ្លាស់ប្តូរជីវិតកុមារ និងសហគមន៍ក្រីក្រជាច្រើននៅកម្ពុជា ។  មិនត្រឹមតែប៉ុណ្ណោះ អង្គការនេះត្រូវបានគេទទួលស្គាល់ជា អន្តរជាតិ ហើយខ្ញុំជឿជាក់ថាការគាំទ្ររបស់ខ្ញុំក៏នឹងរួមចំណែកជាមួយអង្គការផ្កាយសមុទ្រក្នុងការជួយ កុមារ និងយុវជនក្រីក្រកម្ពុជាកាន់តែច្រើនផងដែរ ។” លោកក៏បានបន្ថែមទៀតថា “តាមពិតទៅ ខ្ញុំមិនធ្លាប់រត់ក្នុងអាកាសធាតុត្រជាក់ខ្លាំងបែបនេះទេ ហើយរឿងនេះនឹងជាបទពិសោធន៍ជីវិតដ៏ធំបំផុត សម្រាប់ខ្ញុំ ។ គោលដៅរបស់ខ្ញុំក្នុងការរត់ម៉ារ៉ាតុងនេះគឺខ្ញុំចង់ជំនះខ្លួនឯងធ្វើរឿងលំបាកៗ ដែលខ្ញុំមិន ធ្លាប់ធ្វើ ។ ជាពិសេសជាងគេនោះគឺ ខ្ញុំចង់នាំយកឱកាសល្អៗដល់កុមារក្រីក្រឲ្យបានរៀនសូត្រ និង កសាងជីវិតល្អប្រសើរ តាមរយៈការគាំទ្របេសកកម្មរបស់អង្គការផ្កាយសមុទ្រ ។”

លោកអ្នកក៏អាចចូលរួមគាំទ្រ និងធ្វើការបរិច្ចាគដល់ការរត់របស់លោក James ផងដែរ ដើម្បីរួម ចំណែកផ្លាស់ប្តូរជីវិតកុមារកម្ពុជាក្រីក្រ តាមរយៈឱកាសរៀនសូត្រ និងលេងកីឡា ។

ធ្វើការបរិច្ចាគឥឡូវនេះ៖ https://run.gofundraise.com.au/page/James-43615759

ប្រសិនបើលោកអ្នកកំពុងនៅប្រទេសកម្ពុជា អ្នកក៏អាចធ្វើការបរិច្ចាគដល់អង្គការផ្កាយសមុទ្រ តាមរយៈធនាគារ ABA បានដែរ៖​ https://isfcambodia.org/get-involved-2/donate-worldwide/

អំពីអង្គការផ្កាយសមុទ្រ

៤៩ ភាគរយនៃកុមារកម្ពុជាកំពុងតែរស់នៅក្នុងភាពក្រីក្រ ដែលបណ្តាលមកពីកត្តាផ្សេងៗ ។ ចាប់តាំងពីឆ្នាំ២០០៦មក   អង្គការផ្កាយសមុទ្រ គឺជាអង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជាមួយ ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ ដែលបានផ្តល់ឱកាសឲ្យកុមារក្រីក្រទទួលបានការអប់រំ សេវាថែទាំសុខភាព និងកុមារភាព ដែលពួកគេសាកសមនឹងទទួលបាន ។ កិច្ចគាំទ្រ របស់អង្គការនេះមានគោលបំណងពង្រីកសក្តានុពលនៃការអប់រំ និងកីឡា ដើម្បីជួយកុមារ និងសហគមន៍ក្រីក្រឲ្យចាកផុតពីភាពក្រីក្រ ។

សព្វថ្ងៃនេះ កម្មវិធីអប់រំរបស់អង្គការផ្កាយសមុទ្រកំពុងតែធ្វើការជាមួយនឹងកុមារ ដែលបោះបង់ការសិក្សា ឬមិនធ្លាប់បានរៀនសូត្រ ។ ថ្នាក់អប់រំពន្លឿនបង្រៀនពីរថ្នាក់ក្នុងមួយឆ្នាំ ដោយជួយឲ្យសិស្សអាចចូលរៀនថ្នាក់ដ៏សមស្របតាមកម្រិតអាយុរបស់ខ្លួននៅសាលារដ្ឋ ។ ដើម្បីរួមចំណែកជួយកាត់បន្ថយឧបសគ្គនានា ដែលនាំឲ្យកុមារបោះបង់ការរៀនសូត្រ អង្គការផ្កាយសមុទ្រក៏ផ្តល់ការឧបត្ថម្ភគាំទ្រជាឯកសណ្ឋាន សម្ភារៈសិក្សា អាហារនៅសាលារៀន សេវាថែទាំសុខភាព និងកញ្ចប់អាហារប្រចាំខែសម្រាប់ក្រុមគ្រួសាររបស់ពួកគេទៀតផង ។ ជារៀងរាល់ឆ្នាំ កម្មវិធីអប់រំរបស់អង្គការផ្កាយសមុទ្រគាំទ្រដល់សិស្សានុសិស្សចំនួន ៧០០នាក់ ឲ្យរៀនសូត្រ ចាប់ពីថ្នាក់ពន្លឿនរហូតដល់ថ្នាក់បឋមសិក្សា មធ្យមសិក្សា ឧត្តមសិក្សា និងរហូតដល់ពួកគេមានការងារធ្វើសមរម្យ ។ បន្ថែមពីនេះ ក្រុមគ្រួសាររបស់សិស្សជាង ៣,០០០នាក់ក៏ទទួលបានការឧបត្ថម្ភគាំទ្រ តាមរយៈគម្រោងផ្សេងៗរបស់អង្គការផងដែរ ។

កម្មវិធីបាល់ទាត់របស់អង្គការផ្កាយសមុទ្រកំពុងធ្វើការជាមួយបណ្តាញ និងដៃគូនានាយ៉ាងសស្រាក់សស្រាំ ដើម្បីពង្រីកវិសាលភាពនៃកម្មវិធីនេះ និងបង្កើនឱកាសលេងកីឡា អភិវឌ្ឍជំនាញបំណិនជីវិត និងពង្រឹងសុខភាពដល់កុមារ និងយុវជនកាយសម្បទាធម្មតា និងពិការជាង ៤,០០០នាក់នៅខេត្តចំនួន ១៣ក្នុងប្រទេសកម្ពុជា ។ កម្មវិធីនេះមានគោលដៅលើកកម្ពស់ភាពវិជ្ជមានក្នុងសង្គម​ តាមរយៈការហ្វឹកហាត់បាល់ទាត់រៀងរាល់សប្តាហ៍ ការរៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់នានា និងការបង្រៀនកម្មវិធីសិក្សាបាល់ទាត់សង្គមជាដើម ។ ដោយចូលរួមក្នុងសកម្មភាពនាក្នុងកម្មវិធីបាល់ទាត់ កុមារ និងយុវជនទាំងនេះបានរៀនសូត្រ និងពង្រឹងជំនាញសំខាន់ៗដូចជាការធ្វើការងារជាក្រុម ភាពជាអ្នកដឹកនាំ ការកសាងទំនុកចិត្តលើខ្លួនឯង និងការប្រាស្រ័យទាក់ទង និងជាពិសេសយល់ដឹងកាន់តែច្រើនពីបញ្ហាសង្គមដូចជា សមភាពយេនឌ័រ ការចូលរួមក្នុងសង្គម ការផ្លាស់ប្តូរអាកាសធាតុ និងផលប៉ះពាលនៃគ្រឿងញៀនទៀតផង ។ បន្ថែមពីនេះទៀត ពួកយើងពិតជាមានមោទនភាពយ៉ាងខ្លាំង ដែលបានក្លាយជាអ្នកត្រួសត្រាយផ្លូវជួយបង្កើនការចូលរួមរបស់ស្ត្រី និងជនពិការក្នុងវិស័យកីឡា និងប្រើប្រាស់បាល់ទាត់ជាមធ្យោបាយដ៏សំខាន់ជម្រុញឲ្យមានសមភាព ការចូលរួម និងភាពវិជ្ជមានក្នុងសង្គម ។