ប្រទេសអេស្ប៉ាញ ៖ កាលពីថ្ងៃទី១១ ខែមីនា កន្លងមក គេប្រទះឃើញពលរដ្ឋអេស្ប៉ាញ និងភ្ញៀវទេសចរជាច្រើននាក់បានសម្រុកទៅកាន់ឆ្នេរសមុទ្រមេឌីទែរ៉ាណេរបស់ប្រទេសអេស្ប៉ាញ ដោយសារប្រទេសនេះជួបនឹងអាកាសធាតុក្តៅ ដែលសីតុណ្ហភាពបានកើនឡើងខុសធម្មតា គឺកើនចាប់ពី១០-១៥អង្សារសេ ។ ជាក់ស្តែង នៅទីក្រុងម៉ាឡាកា ស្ថិតនៅភាគខាងត្បូងនៃប្រទេស មានភ្ញៀវទេសចរជាច្រើននាក់បាននាំគ្នាទៅកាន់ឆ្នេរសមុទ្រម៉ាឡាកាតា បន្ទាប់ពីសីតុណ្ហភាពបានឡើងខ្ពស់ដល់២៦អង្សារសេ ។

លោក Joser Kotleba ជាភ្ញៀវទេសចរមកពីប្រទេសស្លូវ៉ាគី អាយុ៣៧ឆ្នាំ បានបង្ហាញពីកង្វល់របស់លោកទាក់ទងនឹងបម្រែបម្រួលអាកាសធាតុថា វាមិនមែនជារឿងល្អទេ ដែលប្រទេសអេស្ប៉ាញមានអាកាសធាតុក្តៅខ្លាំងបែបនេះ ។ រីឯភ្ញៀវទេសចរម្នាក់ទៀតមកពីប្រទេសអង់គ្លេសនិយាយថា គេមិនអាចប្រៀបធៀបគ្នាបានទេ រវាងអាកាសធាតុនៅប្រទេសអេស្ប៉ាញជាមួយអាកាសធាតុប្រទេសរបស់នាង ។

ចំណែកនៅទីក្រុង castellon ស្ថិតនៅតំបន់ Valencia វិញ សីតុណ្ហភាពបានកើនឡើងខ្ពស់រហូតដល់៣០.២អង្សារសេ កាលពីរសៀលថ្ងៃទី១១ ខែមីនា កន្លងមក ។ នេះបើយោងតាមការរាយការណ៍ពីការិយាល័យឧតុនិយមរបស់ប្រទេសអេស្ប៉ាញ ។

ការិយាល័យឧតុនិយមប្រទេសអេស្ប៉ាញបានកត់ត្រាពីសីតុណ្ហភាពកើនឡើងតិចតួចនាពេលយប់នៅតំបន់ជាច្រើន ដោយតំបន់មួយចំនួនមានសីតុណ្ហភាពកើនឡើងជាង២០អង្សារសេ ដោយសារពេលយប់មានខ្យល់បក់ពីទិសខាងលិច ៕ ប្រភព ៖ TNN World










