កីឡាករបាល់ទះឆ្នើមរបស់កម្ពុជា និងប្រធានក្រុម សួន ចាន់ណារ៉ូ បានសម្រេចចិត្តយ៉ាងច្បាស់លាស់ជុំវិញអាជីពរបស់ខ្លួន ដោយកំណត់ថា នឹងចូលនិវត្តន៍ ពីក្រុមជម្រើសជាតិ ព្រមទាំងចែកផ្លូវជាមួយក្លិបបាល់ទះវិសាខា ក្រោយពេលបំពេញភារកិច្ចស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចប់រួចរាល់។

កីឡាករវ័យ២៩ឆ្នាំខាងលើ បាននិយាយបែបនេះថា៖ “ខ្ញុំសម្រេចចិត្តច្បាស់ហើយ គឺចប់ស៊ីហ្គេម ខ្ញុំសុំឈប់ពីជម្រើសជាតិ ហើយក៏សម្រេចចិត្តចែកផ្លូវគ្នាជាមួយក្លិបវិសាខាដែរ។ ខ្ញុំឈប់នេះក៏ដោយសារខ្ញុំចង់ផ្ដល់ឱកាសឱ្យក្មេងៗស្រករក្រោយ គាត់បានបង្ហាញសមត្ថភាព ហើយខ្ញុំទៀតសោត ត្រូវទៅបម្រើការងារនៅអង្គភាព និងចង់ផ្ដល់ពេលវេលាខ្លះជាមួយគ្រួសារ ព្រោះថាខ្ញុំបានចំណាយពេលវេលាច្រើនជាមួយបាល់ទះនេះ អស់ជាង១០ឆ្នាំហើយដែរ។ ណាមួយទៀត ខ្ញុំក៏ហាក់ថមថយកម្លាំង មិននៅខ្លាំង និងរហ័សរហួនដូចមុនដែរបង អ៊ីចឹងហើយក៏សម្រេចចិត្តប្រកាសថា ចូលនិវត្តន៍ ក្រោយចប់ស៊ីហ្គេមនេះតែម្ដងទៅ”។

សូមជម្រាបផងដែរថា សួន ចាន់ណារ៉ូ បានចូលប្រឡូកអាជីពកីឡាបាល់ទះ នៅឆ្នាំ២០១២ ដោយចូលដំបូងលេងឱ្យក្លិបបាល់ទះកងពលធំអន្តរាគមន៍លេខ៣ តែក្រោយមកក៏បានផ្លាស់ទៅលេងឱ្យក្លិបសសយកខេត្តព្រៃវែង ហើយក្លិបនេះក៏បានប្ដូរឈ្មោះមកជាក្លិបវិសាខា ដល់បច្ចុប្បន្ន។ អ្នកលើកបាល់របស់កម្ពុជារូបនេះ បានជាប់ជម្រើសជាតិ នៅឆ្នាំ២០១៥ និងបានចេញទៅប្រកួតស៊ីហ្គេម នៅក្រៅប្រទេសសរុបបានចំនួន៣លើក គឺស៊ីហ្គេម ឆ្នាំ២០១៧ នៅម៉ាឡេស៊ី ស៊ីហ្គេម ឆ្នាំ២០១៩ នៅហ្វីលីពីន និងស៊ីហ្គេម ឆ្នាំ២០២២ នៅវៀតណាម៕