ប្រទេសថៃ ៖ លោក អនុឆា ប៊ូរ៉ាផាឆៃស្រ៊ី អគ្គលេខាធិការរងនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការនយោបាយ និងជាអ្នកនាំពាក្យការិយាល័យនាយករដ្ឋមន្ត្រី បានថ្លែងថា វាជារឿងគួរឱ្យរីករាយដែលថៃបានក្លាយជាប្រទេសផលិត Bioplastic (ជាផ្លាស្ទិកផលិតពីធម្មជាតិ ភាគច្រើនផលិតពីរុក្ខជាតិ ហើយវាអាចរលាយបាន និងជួយកាត់បន្ថយការបំពុលបរិស្ថាន) ស្ថិតក្នុងចំណាត់ថ្នាក់ទី២ នៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក ។
វត្ថុធាតុដើមសម្រាប់ផលិត Bioplastic របស់ប្រទេសថៃ រួមមាន អំពៅ និងដំឡូងមី ខណៈប្រទេសថៃបានដាំដុះអំពៅ និងដំឡូងមីនៅលើផ្ទៃដីជាច្រើនកន្លែងសម្រាប់ការផលិតផ្លាស្ទិកប្រភេទនេះ ។ ថៃមានសមត្ថភាពផលិត Bioplastic ចំនួន៩៥.០០០តោន/១ឆ្នាំ ហើយថៃមានគម្រោងបង្កើនបរិមាណផលិតបន្ថែមទៀតចំនួន៧៥.០០០តោន/១ឆ្នាំ ។
ការផលិត Bioplastic របស់ថៃ៩០% គឺសម្រាប់ការនាំចេញ រីឯនៅសល់១០%ទៀតសម្រាប់លក់នៅក្នុងប្រទេសថៃ ។ ការផលិត Bioplastic អាចរលាយបាន គឺមិនត្រឹមតែបន្ថែមតម្លៃដល់ទិន្នផលកសិកម្មរបស់កសិករប៉ុណ្ណោះទេ ប៉ុន្តែវាបានគាំទ្រការព្យាយាមកាត់បន្ថយការបំភាយកាបូនឌីអុកស៊ីត និងជាជម្រើសមួយក្នុងការដោះស្រាយបញ្ហាកើតឡើងពីផ្លាស្ទិកប្រើប្រាស់តែម្តងបោះចោលផងដែរ ។
លោកនាយករដ្ឋមន្ត្រីថៃបានប្រកាសឱ្យ Bio-Circular-Green Economy (BCG ជាយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងការស្តារប្រទេសថៃឡើងវិញក្រោយជំងឺរាតត្បាត) ជារបៀបវារៈជាតិ ដោយការប្រើប្រាស់ធនធានកកើតឡើងវិញសម្រាប់ធ្វើជាវត្ថុធាតុដើម ទាំងការផលិតថាមពល ម្ហូបអាហារ រួមទាំងផលិតផលបន្ថែមតម្លៃផ្សេងទៀត ។ លើសពីនេះ គំរូសេដ្ឋកិច្ច BCG ក៏បានគាំទ្រដល់ក្រុមហ៊ុនផលិតអាចប្រើប្រាស់បច្ចេកទេសផ្សេងៗដើម្បីបន្ថែមតម្លៃផលិតផលរបស់ខ្លួន ដែលមានផលប៉ះពាល់តិចតួចបំផុត ឬគ្មានផលប៉ះពាល់ដល់បរិស្ថាន៕.jpg)
ប្រភព ៖ bangkokbiznews










