រដ្ឋធានីមូស្គូ៖ នៅក្នុងសង្គ្រាមរបស់មេដឹកនាំវិមានក្រឹមឡាំង លោក វ៉្លាឌីមៀ ពូទីន នៅលើទឹកដីរបស់អ៊ុយក្រែន អស់រយៈពេលជាងមួយឆ្នាំកន្លងមកនេះ បានសម្លាប់មនុស្ស អស់រាប់ម៉ឺននាក់ និង បានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិល នៅក្នុងប្រទេសអឺរ៉ុបខាងកើតមួយនេះ អស់តម្លៃរាប់រយពាន់លានដុល្លារ ខណៈការវាយប្រយុទ្ធគ្នាយ៉ាងខ្លាំង កំពុងតែបន្ដ នៅតំបន់ភាគខាងកើត ហើយឥឡូវ ក្រុងមូស្គូ បានចោទប្រកាន់ក្រុងកៀវ វាយប្រហារឆ្លងដែន ចូលទឹកដីរបស់រុស្ស៊ី។
សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី២ ខែមីនា ឆ្នាំ២០២៣ ថា លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) ប្រធានាធិបតីរុស្ស៊ី បានបញ្ជាក់ ថា រុស្ស៊ី បានរងការវាយប្រហារ ដោយភេរវកម្ម នៅតំបន់ភាគខាងត្បូង ប្រ៊ីយ៉ាន់ស្ក៍ (Bryansk) ជាប់ជាមួយនឹងព្រំដែនរបស់អ៊ុយក្រែន។ មេដឹកនាំវិមានក្រឹមឡាំង រូបនេះ បានប្ដេជ្ញា នឹងកម្ទេចនូវអ្វីដែលគាត់ បានអះអាង ថា ក្រុមបំផ្លិចបំផ្លាញរបស់អ៊ុយក្រែន បានបាញ់ប្រហារទៅលើជនស៊ីវិល នៅលើទឹកដីរបស់រុស្ស៊ី។
ក្រុងមូស្គូ បានចោទប្រកាន់ដល់ក្រុងកៀវ ថា កងទ័ពអ៊ុយក្រែន បានឆ្លងកាត់ព្រំដែន ដោយបានបាញ់ប្រហារ ទៅលើរថយន្ដមួយគ្រឿង ហើយបានសម្លាប់មនុស្សម្នាក់ និង ធ្វើឲ្យកុមារម្នាក់ រងរបួស ហើយបានចាប់ជាចំណាប់ខ្មាំង នៅក្នុងផ្សារមួយ។
ទីភ្នាកងារសន្ដិសុខសហពន្ធន៍រុស្ស៊ី (FSB) បានបញ្ជាក់ ថា «ក្រុមអ្នកជាតិនិយមរបស់អ៊ុយក្រែន ត្រូវបានវាយបករុញច្រាន ឲ្យត្រឡប់ចូលទៅក្នុងព្រំដែនរបស់អ៊ុយក្រែន វិញ ដើម្បីបញ្ចៀសនូវគ្រោះថ្នាក់ដល់ជនស៊ីវិល និង ខូចខាតដល់រចនាសម្ព័ន្ធស៊ីវិល»។
ដោយឡែក អ៊ុយក្រែន បានចោទប្រកាន់ដល់រុស្ស៊ី អំពីការប្រឌិតព័ត៌មានក្លែងក្លាយ ដើម្បីបង្កហេតុ។ ប៉ុន្តែអ៊ុយក្រែន ក៏ទំនងជាបង្ហាញ ថា ទម្រង់ប្រតិបត្តិការមួយចំនួន ពិតជាត្រូវបានអនុវត្ត ដោយភាគីប្រឆាំងនឹងរដ្ឋាភិបាលរុស្ស៊ី។
លោក មីខៃឡូ ប៉ូដូលយ៉ាក (Mykhailo Podolyak) ទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡែនស្គី (Volodymyr Zelenskyy) បានសរសេរ នៅលើបណ្ដាញសង្គមធ្វីធើរ ថា «រឿងចោទក្រុមបំផ្លាញរបស់អ៊ុយក្រែន កំពុងតែប្រព្រឹត្ដ នៅលើទឹកដីរបស់សហពន្ធន៍រុស្ស៊ី គឺជាការបង្កហេតុ»៕











